រាជធានីចតុមុខ​មង្គលទី ១


នៅ​គ.ស.១៤៣១ ព្រះបាទ​បរម​រាជា​ចៅ​ពញា​យ៉ាត ទ្រង់​បាន​លើក​រាជ​ធានី​​ទៅ​តាំង​នៅ​ ទួលបាសាន ក្នុង ខេត្ត​ស្រី​ស​ឈរ (១) វិញ តែ​គង់​នៅ​ទី​នោះ​បាន​តែ ១ឆ្នាំ (ក្បួន​ខ្លះ​ថា​ដល់ ៩ឆ្នាំ) ដោយ​មាន​ទឹកជំនន់​ធំ​ខុស​ធម្មតា ព្រះអង្គ​ក៏​បញ្ជា​អោយ​លើក​រាជធានី​ពី ទួល​បាសាន ទៅ​តាំង​នៅ ក្រុងភ្នំពេញ វិញ​នៅ​លើ​ត្រើយ​ខាង​លិច​នៃ ទន្លេ​ច្រាប​ឈាម ។ ព្រះអង្គ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ ​សម្ដេច​ចៅពញា​កែ និង​ឧកញ៉ា​ហោរាធិបតី​​ខៀវ ព្រម​ដោយ​មន្ត្រី​ឯ​ទៀត​ខ្លះ​ផង ឲ្យ​ទៅ​ពិនិត្យ​មើល​ទី​ដី​ដែល​ស្ថិត​នៅ​ជិត​ៗ ភ្នំដូនពេញ

លុះ​ទៅ​ធ្វើ​ការ​ពិនិត្យ​ក្បួន​តម្រា​សព្វ​គ្រប់​ហើយ​ មន្ត្រី​ទាំងនោះ​ក៏​ថ្វាយ​ដំណឹង​ទៅ​ព្រះរាជា​វិញ​ថា តំបន់​ដែល​ស្ថិត​នៅ​ទិស​អាគ្នេយ៍​​នៃ ភ្នំដូនពេញ មាន​ជ័យ​ភូមិ​ល្អ​ល្មម​ស្ថាបនា​រាជធានី​បាន ។ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​ឲ្យ​អស់​ចៅហ្វាយស្រុក​កែន​រាស្ត្រ​មក​ជួយ​កសាង​ ព្រះរាជនិវេសន៍ លើកដី​ធ្វើ​កំពែង​សង់​ប្រាសាទ និង​ដំណាក់​​តូច​ធំ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ។ លុះ​កិច្ចការ​បាន​បំពេញ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​បាន​យាង​មក​គង់​នៅ រាជវាំង​ភ្នំ​ដូនពេញ តាម​ផ្លូវទឹក​ដោយ​មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ដង្ហែ​មក​ផង ។

លុះ​យាង​មក​ដល់​ហើយ​ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​បង្គាប់ ចៅ​ពញា​តេជោ (អំពី​គោរមងារ​ តេជោ)​ ចៅហ្វាយ​ស្រុក​ខេត្ត​សំរោងទង ឲ្យ​កែន​រាស្ត្រ​លើក​ដី​ចាក់​បំពេញ​តំបន់​នៅ​ជុំវិញ​ វត្តភ្នំ​ និង​ក្នុង​រាជវាំង ។ ដូច្នេះ​តំបន់​នោះ​ក៏​បាន​រាប​ស្មើ​ល្អ​រហូត​ដល់​មាត់​ទន្លេ ដែល​អ្នក​ផង​និយម​ហៅ​ កំពង់រាប ចាប់​តាំង​ពី​ពេល​នោះ​មក ។

ឯ​ទី​ដែល ចៅ​ពញា​តេជោ ឲ្យ​រាស្ត្រ​ជីក​យក​អាចម៍ដី​នោះ​ក៏​ក្លាយ​ទៅ​ជា​បឹង​មួយ​ធំ​ជ្រៅ​ទូលាយ​ទើប​បាន​គេ​ឲ្យ​ឈ្មោះ​ហៅ បឹង​តេជោ ត​រៀង​មក​ គឺ​ទី​ដី​ត្រង់​ផ្សារ​ថ្មី​សព្វថ្ងៃ ។ ត​មក​ទៀត​ព្រះរាជា​ទ្រង់​ត្រាស់​បង្គាប់ ឧកញ៉ា​វង្សា​អនុជិត​ផ្លុង ចៅហ្វាយ​ស្រុក​ខេត្ត​បាទី ឲ្យ​ជីក​ព្រែក​បង្ហូរ​ទឹក​ទន្លេ​ចូល​ទៅ​ក្នុង​បារាយណ៍​មួយ​នៅ​ក្នុង​រាជធានី​សម្រាប់​យក​ទឹក​ប្រើប្រាស់​ដល់​ប្រជារាស្ត្រ​ទាំងអស់​គ្នា​ ព្រែក​នោះ​គេ​ហៅ​ថា ព្រែក​ឧកញ៉ា​ផ្លុង ។ បើ​តាម​ស្រាវជ្រាវ​ទៅ​ឃើញ​ថា ពី​ដើម​ព្រែក​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​សួនច្បារ​នៅ​មុខ​ស្ថានីយ​កណ្ដាល​នៃ​អយស្ម័យយាន គឺ​ស្រប​នឹង វិថី​ឧកញ៉ា​ផ្លុង សព្វ​ថ្ងៃ​នេះ​ឯង ។

ដើម្បី​ជា​កិច្ច​ការពារ ព្រះរាជា​ទ្រង់​បញ្ជា​ឲ្យ​ជីក​គូ និង​លើក​ដី​កំពែង​តាំង​ជា​សើន​ជា​បន្ទាយ​ព័ទ្ធ​ជុំវិញ​រាជធានី ។ ដូច្នេះ​នៅ​ទិស​ខាងត្បូង គឺ​ព្រែក​តាកែវ​ ខាងលិច​ព្រែក​អូ​គរ ខាងជើង​ព្រែក​ពោងពាយ ឬ​ព្រែក​ចិន​ដំដែក ព្រោះ​នៅ​កន្លែង​នោះ​មាន​ជនជាតិ​ចិន​រក​ស៊ី​របរ​ដំដែក ។ ក្រៅ​ពី​មុខ​ងារ​ការពារ​ក្រុង ព្រែក​ទាំង​នោះ​នៅ​មាន​មុខងារ​សំខាន់​ម្យ៉ាង​ទៀត គឺ​យក​ទឹក​សម្រាប់​ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ​នៅ​ទិស​ខាង​លិច ។ ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ពួក​ប្រជារាស្ត្រ​បាន​សង់​គេហដ្ឋាន​រៀង​ៗ ខ្លួន​ក្នុង​បរិវេណ​នៃ​រាជធានី ។ លុះ​សម្រេច​ការ​កសាង​ហើយ ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​ព្រះនគរ​ថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមាមហានគរ

ចំណែក​ឯ ទន្លេ​ច្រាប​ឈាម ក៏​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថ្មី​ថា ទន្លេ​ចតុមុខ វិញ​ដែរ ។ ក្រោយ​បន្តិច​មក​ព្រះរាជបុត្រ​ច្បង​ព្រះនាម នរាយណ៍រាជា ទ្រង់​បាន​តែង​តាំង​ជា ឧបរាជ ហើយ​យាង​ទៅ​គង់​ក្នុង​ព្រះ​ដំណាក់​នៅ​ ជ្រោយរលួស (២) ។ ឯ​ព្រះរាជបុត្រ​ទី​ពីរ​ព្រះនាម ស្រីរាជា (គួរ​ជា សិរីរាជា) យាង​ទៅ​គង់​នៅ​ខាង​លិច​ត្រង់​ដី​ទួល​មួយ​កន្លែង​ដែល​ត​មក​គេ​ហៅ​ថា ទួលព្រះស្រី (ម្ដុំ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ​​សព្វ​ថ្ងៃ) ។

នៅ​គ្រា​នោះ​ព្រះវិហារ​កសាង​ឡើង​ដោយ ដូនពេញ ក៏​បាន​ទ្រុឌទ្រោម​ខ្លះ​ទៅ​តាម​កាល​វេលា។ ព្រះ​បាទ​បរម​រាជា​ចៅ​ពញា​យ៉ាត ទ្រង់​បាន​កសាង​វិហារ​នោះ​ជា​ថ្មី​ឡើង​វិញ​ដោយ​ពង្រីក និង​ពូន​ភ្នំ​ដើម្បី​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​មុន ហើយ​ទ្រង់​ចាត់​ឲ្យ​ក្រាល​ថ្ម​នៅ​កំពូល​ខាង​លើ និង​កសាង​ចេតិយ​មួយ​យ៉ាង​ធំ​ពី​ខាង​ក្រោយ​ព្រះវិហារ ។ រួច​ព្រះអង្គ​ទ្រង់​បញ្ជា​អោយ​ទៅ​យក​ព្រះពុទ្ធ​បដិមា​លង្ហិន​ដែល​សេសសល់​នៅ នគរវត្ត ព្រម​ទាំង​រូប​សិង្ហ​តោ​មក​តម្កល់ និង​តាំង​នៅ​លើ​ភ្នំ​នោះ ។ ពិធី​ត្រូវ​ធ្វើ​អស់​រយៈ​ពេល​ បី​ថ្ងៃ គេ​យក​ព្រះពុទ្ធ​បដិមា​ដែល​ ដូនពេញ បាន​រក​ឃើញ​ពី​ក្នុង​ដើម​គគីរ​ពី​មុន​នោះ​ទៅ​តម្កល់​ក្នុង​ជាន់​ខាង​លើ​នៃ​ចេតិយ​ធំ ឯ​ព្រះពុទ្ធ​បដិមា​ដែល​យក​ពី នគរវត្ត ត្រូវ​បាន​តំកល់​នៅ​ក្នុង​ជាន់​​ក្រោម ។ វត្ត​ភ្នំ​ដូនពេញ ត្រូវ​ប្រសិទ្ធិ​នាម​ថ្មី​ថា វត្តព្រះចេតិយបព៌ត វិញ ។

ក្រៅ​ពី​នេះ​ព្រះ​រាជា​ទ្រង់​បាន​ចាត់​អោយ​កសាង​វត្ត​អារាម​នៅ​ច្រើន​កន្លែង​ក្នុង​រាជធានី វត្ត​ពីរ​នៅ​ខាង​កើត​វត្តភ្នំ គឺ វត្ត​ធម្ម​លង្កា (៣) និង វត្ត​កោះ ។ វត្ត​មួយ​នៅ​ខាង​ត្បូង​អូរ​ចិន​ដំ​ដែក គឺ វត្ត​ព្រះពុទ្ធ​យោសា (សព្វ​ថ្ងៃ​ហៅ ​វត្ត​ព្រះពុទ្ធ​យោសា​រាម ឬ​ វត្ត​ចិន​ដំដែក នៅ​ជាប់​និង វត្ត​ពិភទ្ទ​រង្សី មាន​វិថី​ឧកញ៉ាអ៊ុំ​ ខណ្ឌ​កណ្ដាល)។ នៅ​ខាង​មុខ​ព្រះវិហារ​វត្ត​នេះ​ សព្វថ្ងៃ​គេ​ឃើញ​មាន​រូប​ទ្វារបាល​ពីរ​នាក់​ជា​រូប​ចិន ​ដែល​គេ​អាច​មើល​ស្គាល់​យ៉ាង​ងាយ​ដោយ​សារ​លក្ខណៈ​មុខ​មាត់​សំលៀក​បំពាក់ និង​គ្រឿង​អាវុធ ។

វត្ត​មួយ​នៅ​ត្រង់​មាត់​ទន្លេ​ក្បែរ​ពាម​ ព្រែក​ឧកញ៉ា​ផ្លុង គឺ ​វត្ត​ពាម​ផ្លុង វត្ត​មួយ​នៅ​ត្រង់​ចេតិយ​ធំ វត្តឧណ្ណាលោម ។ គួរ​គប្បី​ជ្រាប​ម្យ៉ាង​ទៀត​ថា  វត្តឧណ្ណាលោម នៅ​រក្សា​ឈ្មោះ​ដដែល​ តាំង​ពី​ពេល​កសាង​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​ឈ្មោះ​នេះ​ត្រូវ​បាន​ប្រសិទ្ធ​ឡើង​ដោយ​យក​តាម​ឈ្មោះ​ចេតិយ​ដែល​គេ​បញ្ចុះ ព្រះ​ឧណ្ណាលោម គឺ​ រោម​ប្រជុំ​ចិញ្ចើម​នៃ ព្រះអស្សជិតត្ថេរ ។ នៅ​ខាង​មុខ​វត្ត​នេះ គឺ​នៅ​ជិត​មាត់​ទន្លេ ព្រះរាជា​ទ្រង់​ឲ្យ​សាង​អ្នក​តា​ចាំ​ស្រុក​មួយ​​ឈ្មោះ អ្នក​តាប្រាជ្ញ

វត្ត​មួយ​ទៀត​ហៅ វត្ត​ខ្ពប​តា​យ៉ង ។ គួរ​គប្បី​កត់​សំគាល់​ថា​វត្ត​ចុង​ក្រោយ​នេះ សព្វថ្ងៃ​ស្ថិត​នៅ​ត្រង់ វត្តបទុមវតី ។ បើ​តាម​អក្សរ​ចារឹក​តម្កល់​នៅ​ទី​នោះ ព្រះ​បាទ​បរម​រាជា​ចៅ​ពញា​យ៉ាត បាន​សាង​វត្ត​នេះ​នៅ​គ.ស.១៤៤២ លើ​ទី​មួយ​មាន​ទំហំ ២០២​ម. គុណ ២៦០​ម. ។​វត្ត​នេះ​គេ​ហៅ​ថា វត្ត​ខ្ពប​តា​យ៉ង ព្រោះ​នៅ​ខាង​ត្បូង​មាន​ខ្ពប (៤) ​របស់ តាយ៉ង

ដក​ស្រង់ ៖ សៀវភៅ​ប្រវត្តិ​វិទ្យា​ថ្នាក់​ទី ???

*****

(១) គួរ​ជា​ការ​ចាប់​អារម្មណ៍ ស្រុក​ស្រីសឈរ នេះ​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា ស្រុក​ស្រីសន្ធរ ស្ថិត​នៅ​ក្នុង​ ខែត្រ​កំពង់ចាម ។ ម៉្យាង​ទៀត បើ​តាម​ការ​សិក្សា​​កន្លង​មក​របស់​ខ្ញុំ ពាក្យ​ ស្រី​សឈរ នេះ​ គឺ​កើត​ឡើង​មាន​ក្រោយ​រាជ្យ​ ព្រះបាទ​ពញា​យ៉ាត​ នោះ​ទេ គឺ​ក្នុង​រាជ្យ​ចៅ​ទ្រង់ ព្រះ​ស្រីសុគន្ធបទ ដែល​យាង​ទៅ​ក្រសាល​នៅ​ទី​ទួល​បាសាន ហើយ​ឃើញ​នារី​ម្នាក់​ឈ្មោះ​នាង ស ឈរ​នៅ​ក្នុង​ព្រះវិហារ ដែល​ក្រោយ​មក​ទ្រង់​លើក​ជា​ស្នំ​ឯក ។ ដូច្នេះ​ហើយ មុន​នឹង​​មាន​កំណើត​ពាក្យ​ ស្រីសឈរ នេះ តំបន់​ស្រីសន្ធរ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា​មាន​ឈ្មោះ​ត្រឹម​ថា ទួល​បាសាន​ តែ​ប៉ុណ្ណោះ ។

(២) បើ​មើល​តាម​ផែន​ទី​ គឺ​ទីតាំង​ត្រង់​ព្រះ​អង្គ​ដង​កើ​សព្វ​ថ្ងៃ ។

(៣) វត្តធម្មលង្កា នេះ​មិន​មែន​ វត្ត​លង្កា សព្វ​ថ្ងៃ​នោះ​ទេ ។ បើ​មើល​តាម​ផែន​ទី វត្ត​ធម្មលង្កា នេះ គឺ​ជា​ទីតាំង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​នៅ​សេសសល់​​ចេតិយ​បុរាណ​បាក់​បែក​​មួយ​ជា​ភស្តុតាង​បញ្ជាក់​ ។

(៤) ខ្ពប ៖ កន្លែង​ថ្នក់​ទឹក​កើត​ដោយ​ដី​ដុះ​ថ្មី​ឱប​ច្រាំង​ចាស់ ។ នេះ​បើ​តាម​​វចនានុក្រម​សម្ដេច​ ជួន ណាត ។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក, អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ ភូមិវិទ្យា, Exploring Phnom Penh and tagged , , , , , , , , , , , , , . Bookmark the permalink.