ព្រះរាម​ថ្មគោល


និយាយ​ពី​ពញា​នូ ដែល​ត្រូវ​ជា​ព្រះ​អនុជ​ផ្សេង​មាតា នឹង​ព្រះ​​បាទ​សម្តេច​ព្រះ​រាជ​អង្ការ​ព្រះ​ស្រីសុរិយោពណ៌ (គ.ស  ១៦០០ – ១៦១៨)។

កាល​ដែល​បែក​​បន្ទាយ​លង្វែក  (គ.ស ១៥៩៣) នឹង​ព្រះ​ចៅនរេន្រ្ទសូរ ​​(គ.ស ១៥៩០ – ១៦០៥) ទ្រង់​បាន​រត់​ភៀស​ព្រះ​កាយ​ទៅ​​ឯ​ថ្មគោល ក្នុង​ខេត្រ​កំពង់​ធំ​​សព្វ​ថ្ងៃ ហើយ​បាន​បញ្ចុះ​បញ្ចូល​​រាស្ត្រ​ព្រៃ​លើ​បាន​ជាច្រើន ក៏​តាំង​ព្រះ​អង្គ​ឯង​ជា​ស្តេច ព្រះ​នាម​សម្តេច​ព្រះរាម​ថ្មគោល

ដំណើរ​ដើម​នៃ​សង្រ្គាម

លុះ​ដល់ គ.ស ១៦០២ ដោយ​កម្រើក​ចិត្ត​ចង់​បាន​រាជសម្បត្តិ ព្រះរាម​ថ្មគោល​ក៏​បញ្ជា​ឲ្យ​មន្ត្រី​ដែល​ខ្លូន​​បាន​តែង​តាំង​ឲ្យ​នាំ​ទ័ព​ទៅ​សង្កត់​​ដេញ​ឧកញ៉ា​ឧទ័យ​ធិរាជ ចៅហ្វាយ​ស្រុក​ខេត្រ​អាសន្ទុក បាន​ខេត្រ​ហើយ ថែម​ទាំង​បាន​សម្លាប់​ឧកញ៉ា​នោះ​ក្នុង​សង្រ្គាម​​ទៅ។ បន្ទាប់​ពី​នោះ​ ព្រះរាម​ថ្មគោល​ក៏​នាំ​ទ័ព​ទៅ​សង្កត់​យក​មឿង (ចៅហ្វាយ​ឃុំ) ​ទាំង​២៤ ដែល​ជា​ចំនុះ​ខេត្រ​អាសន្ទុក​​ហើយ ក៏​លើក​ទៅ​ដេញ​សង្កត់​បាន​​ស្រុក​បារាយណ៍​​ជើង​ព្រៃ​មួយ​ទៀត។ ឯ​ចៅហ្វាយ​​ស្រុកបារាយណ៍​ជើង​ព្រៃ​ដែល​រត់​​ភៀស​ខ្លួន​នោះ បាន​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះស្រីសុរិយោពណ៌ តាម​ដំណើរ​រឿង​នៅ​ឯ​ក្រុង​ល្វាឯម

ដោយ​គិត​ថា​​ ពញានូ​នេះ​ជា​ព្រះ​បរម​រាជវង្ស​នោះ ព្រះ​ស្រីសុរិយោពណ៌​​ក៏​ត្រាស់​ប្រើ​ឧកញ៉ា​​ព្រះ​សេ្តច​ធិបតីឧកញ៉ា​ធម្ម​ឧទ័យ១ ទៅ​​ប្រាប់​លោក​គ្រូ​ចៅ​អធិការ​វត្ត​ហ្លួង ខេត្របរិបូណ៌​ដែល​ត្រូវ​ជា​គ្រូ​បាធ្យាយ​របស់​ពញា​នូ​ ឲ្យ​ទៅ​បញ្ចុះ​បញ្ចូល​ពញានូ​​ឲ្យ​មក​នៅ​នឹង​ទ្រង់​វិញ ទ្រង់​នឹង​ទំនុក​បម្រុង​ឲ្យ​សម​នឹង​ព្រះ​កេរ្តិ៍ ព្រះ​កិត្តិយស។​ ឯ​លោក​គ្រូ​ចៅ​អធិការ​វត្តហ្លួងលុះ​ឮ​ដូច្នេះ​ហើយ ក៏​ម្នីម្នា​ចុះ​ទូក​ឡើង​គោក​និ​​មន្ត​​ទៅ​ឯ​ថ្មគោល​ដើម្បី​នឹង​បញ្ចុះ​បញ្ចូល​ពញានូពញា​នូ​វិញ​ ក៏​ចេញ​មក​ទទួល​ថ្វាយ​បង្គំ​គ្រូ​តាម​ទំនៀម ដែល​សិស្សានុសិស្ស​ផង​ទាំង​ពួង​តែង​គោរព​ប្រណិប័តន៍​ចំពោះ​គ្រូ​ទាំង​ឡាយ។ លោក​គ្រូ​ពន្យល់​​​លួង​លោម​យ៉ាងម៉េច​ក៏​ពញា​នូ​មិន​ព្រម​យាង​ចូល​ទៅ​ក្រុង​វិញ​ដែរ ទើប​លោក​គ្រូ​ចៅ​អធិការ​និមន្ត​ទៅ​វិញ​ហើយ​ទូល​ថ្វាយ​ព្រះ​ស្រីសុរិយោពណ៌​តាម​គ្រប់​ប្រការ។ លុះ​ស្តេច​ជ្រាប​គ្រប់​ប្រការ​ហើយ ក៏​ឲ្យ​គេ​ហៅ​ខ្លួនឧកញ៉ា​តេជោបុរារាជ មាស ចូល​គាល់​ រួច​​តែង​តាំង​ជា​មេទ័ព​កាន់​អាជ្ញាសឹក​ឲ្យ​ទៅ​ប្រាបប្រាម​​​ព្រះរាម​ថ្មគោល​នោះ។

កិច្ច​​ចម្បាំង

ឧក​ញ៉ា​តេជោបុរារាជ មាស (ឧកញ៉ា​តេជោប៉ាអង្គ) ក៏​ចាត់​ចែង​កេណ្ឌ​រេល៍​ពល​​រួច​ស្រេច​ ហើយ​ក៏​​ចាត់​ដូច្នេះ៖

  • ឧកញ៉ា​រាមរាជតេជោ យ៉ត ឃុំ​ពល​ ៥០០​នាក់​ ជា​ទ័ព​ជន្ល
  • ឧកញ៉ា​ស្នេហា​តេជោ បាឡាត់​ស្តាំ​ ឃុំ​ពល ៥០០នាក់ ជា​​ទ័ព​មុខ
  • ឧកញ៉ាភក្តី​តេជោ បាឡាត់​ឆ្វេង ឃុំ​ពល ៥០០​នាក់​ ជា​ប៉ែក​ឆ្វេង
  • ឧកញ៉ា​ពិភ័ក្តិ​តេជោ ស្នង​ស្តាំ​ ឃុំ​ពល ៥០០​នាក់​ ជា​ប៉ែក​ឆ្វេង
  • ឧកញ៉ា​ជំនិត​តេជោ ស្នង​ឆ្វេង​ ឃុំ​ពល ៥០០​នាក់​ ជា​​​ទ័ព​ក្រោយ
  • ឧកញ៉ា​វិជីត​តេជោ ស្នង​កណ្តាល​ ឃុំ​ពល ៥០០​នាក់​ ជា​​ទ័ព​ស្បៀង

លុះ​បាន​ឬក្ស​ជា​ពេលា​ល្អ​ហើយ ក៏​លើក​យោ​ធា​​ទៅ​ដល់​កំពង់​ឆ្នាំង​ តាំង​ឲ្យ​ចម្លង​រេល៍​ពល​​ និង​សេះ​ដំរី​ទៅ​ដាក់​នៅ​កំពង់​ហៅ។  នៅ​ពេល​នោះ​ដែរ​​ពញា​យស​តេជោ ឯក ចៅ​មឿង​ខេត្តកំពង់​ហៅ​ខាង​​ព្រះរាម​ថ្មគោល​​បាន​ដឹងក៏​កេណ្ឌ​ពល​បាន​ ៥០០​នាក់​លើក​ទៅ​ស្ទាក់​មិន​ឲ្យ​ឆ្លង​រួច​សោះ។  ឯ​ឧកញ៉ា​រាម​រាជតេជោ​ យ៉ត​ ក៏​ទទួល​ច្បាំង​នឹង​ចៅ​មឿង​ ឯក​នេះ​ទៅ ។ ចៅមឿង​ ឯក​ ទ្រាំ​នឹង​កម្លាំង​​ហើយ​និង​​វិជ្ជាការ​របស់​ ឧកញ៉ា​រាម​រាជ​តេជោ​ យ៉ត​ ពុំ​បាន​ក៏​ត្រូវ​ឧកញ៉ា​កាប់​​និង​ផ្គាក់​ធ្លាក់​​ពី​លើ​សេះ​ស្លាប់​មួយ​រំពេច។ ក្រម​ការ​និង​នាយ​ទ័ព​ខាង​ចៅ​មឿង​ ឯក ឃើញ​ចៅ​ហ្វាយ​ខ្លួន​ស្លាប់​ហើយ​ ក៏​នាំ​គ្នា​បែក​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ។

លុះ​ចម្លង​ទ័ព​បាន​រួច​ស្រេច​​ហើយ ឧកញ៉ា​តេជោ​ប៉ាអង្គ​ចាត់​នាយ​ទ័ព​ឆ្វេង​ស្តាំ​ ឲ្យ​នាំ​ពល​ទៅ​វាយ​យក​ខេត្រ​បារាយណ៍​ជើង​ព្រៃ​មក​វិញ ឯ​ឧកញ៉ា​ទាំង​២​នោះ​ក៏​ធ្វើ​ការ​បាន​សម្រេច​ដូច​ប្រាថ្នា។ ឧកញ៉ា​តេជោ​ប៉ា​អង្គ​ក៏​លើក​ទ័ព​ទម្រង់​ទៅ​ស្រុក​ថ្មគោល ដោយ​វាយ​ទ័ព​ចៅ​មឿង​ដែល​នៅ​តាម​ផ្លូវ​បាន​ជា​ច្រើនខេត្រ។ លុះ​លើកទ័ព​ទៅ​ដល់​ភូមិកំពង់​ស្វាយ​ ឧកញ៉ា​តេជោ​ប៉ាអង្គ​​ក៏​បញ្ជា​ឲ្យ​បញ្ឈប់​ទ័ព​ហើយ​ប្រឹក្សា​នឹង​នាយ​កង​ទ័ព​ថា «ពញា​នូ​នេះ​ជា​ព្រះ​បរមវង្ស​ ទោះ​បី​ម្តេច​ម្តា​កុំ​ធ្វើ​ឲ្យ​អន្តរាយ​ព្រះអង្គ​នឹង​អាវុធ»។ លុះ​ប្រឹក្សា​រួច​ហើយ​ ក៏​ចាត់​កង​ទ័ព​ឲ្យ​ទៅ​​បង្កប់​ទៅ​ជន្ល​ទៀត។

ឯ​ព្រះ​រាម​ថ្មគោល​នោះ កាល​បាន​សម្លាប់​ចៅ​ពញា​ឧទ័យ​ធិរាជ​ ហើយ​បាន​គ្រង​ស្រុក​នោះ​ក៏​​បាន​តាំង​ព្រះ​នាម​ជា​សម្តេច​ចៅ​ពញា​ឧទ័យ​ធិរាជ​អង្គ​នូ។ ​កង​​សេះ​ល្បាត​ក៏​រាយការណ៍​មក​ថា​ឧកញ៉ា​តេជោបុរារាជ មាស​លើក​ទ័ព​មក​ដល់​ហើយ​​សម្តេច​ចៅ​ពញា​ឧទ័យ​ធិរាជ​អង្គ​នូ​ក៏​នាំ​សេនា​ទាហាន​​ជា​អ្នក​ស្រែទាំង​នោះ​លើក​ចេញ​ទៅ​ជួប​កង​ជន្លរបស់​ឧកញ៉ា​​រាម​រាជ​តេជោ យ៉ត

នាយ​កង​ជន្ល​ទាំង​នោះ​ក៏​ក្លែង​ធ្វើ​ជា​ចាញ់​ ហើយ​រាថយ​រត់​ប្រាស់​ទៅ​ក្រោយ​វិញ ឯ​​សម្តេច​ចៅ​ពញា​ឧទ័យ​​ធិរាជ​អង្គ​នូ​ពុំ​ដឹង​ពី​ឧបាយ​កិច្ច​ការ​សង្រ្គាម​ក៏​បរពល​ដេញ​តាម។ លុះ​ដេញ​ទៅ​ដល់​ស្ទឹង​ស្រគំឱនស្រាប់​តែ​កង​ជន្ល​ត្រឡប់​មក​ជា​ចូល​ច្បាំង​វិញ ឯ​កង​​បង្ក​ប់​ក៏​ចេញ​មក​វាយ​ផ្ទប់​ទាំង​សង​ខាង ឯ​ឧកញ៉ា​តេជោ​បុរារាជ​ មាស​ក៏​លើក​ទ័ព​ទៅ​ដល់​ល្មម​ ចូល​កាប់​សម្លាប់​កងទ័ព​​​សម្តេច​ចៅ​ពញាឧទ័យ​ធិរាជ នូ​​ឥត​សំចៃ​ដៃ​ឡើយ ឯ​កង​ទ័ព​ខាង​សម្តេច​ចៅ​ពញា​ឧទ័យ​ធិរាជ​អង្គ​នូ​ទ្រាំ​ពុំ​បាន​ក៏​រត់​បែក​ខ្ញែក​ខ្ចាត់​ខ្ចាយ​អស់​ទៅ។

នាយ​កង​ទ័ព​ខាង​​ឧកញ៉ា​តេជោ​​បុរារាជ​ មាស​​ក៏​ចូល​ចាប់​នឹង​ដៃ​បាន​ខ្លួន​​សម្តេច​ចៅ​ពញាឧទ័យ​ធិរាជ នូ​ហើយ​​ ក៏​នាំ​មក​ជួន​មេទ័ព​សំរេច​រាជការ​ ឯ​មេទ័ព​សំរេច​រាជការ​ក៏​ស្រាយ​ចំណង​ហើយ​ថ្វាយ​បង្គំ​តាម​ទំនៀម តមក​ក៏​អញ្ជើញ​​សម្តេច​ចៅ​ពញា​ឧទ័យធិរាជ​អង្គ​នូចូល​ទ្រុង​ ចាត់​ឲ្យ​សេនា​ឃុំ​ព្រះអង្គ​ហើយ​ទូល​ថ្វាយ​​ព្រះស្រីសុរិយោ​ពណ៌​។ ឯ​​ព្រះស្រីសុរិយោពណ៌​ក៏​លើក​លែង​ទោស​​ឲ្យ​ទៅ​បម្រើ​​ខាង​ក្នុង​ជា​អ្នក​ជា។

លទ្ធផល

ត​មក​​ព្រះស្រីសុរិយោពណ៌​​ព្រះ​ចិន្តា​ថា​ ខេត្រ​​​អា​សន្ទុក​នេះ​ជា​ខេត្ត​មួយ​ធំទូលាយ​ណាស់​ មាន​ព្រំប្រទល់​ជាប់​នឹង​ដែន​ដី​លាវ​ផង ឯ​មនុស្ស​ថ្លើង​កោង​កាច​ក៏​មាន​ច្រើន​ ទើប​តែង​តាំង​ឲ្យ​​សម្តេច​ចៅ​ពញាឧទ័យ​ធិរាជ​អង្គ​នូ​ទៅ​គ្រង​ស្រុក​សំរោង​ទង ឯ​ឧកញ៉ា​តេជោ​បុរារាជ​ មាស​ទៅ​គ្រង​ខេត្រ​អា​សន្ទុក​វិញ។

ឧកញ៉ា​តេជោ​បុរារាជ​ មាស​​ក៏​តាំង​ទីភូមិ​កំពង់​ស្វាយ​ធ្វើ​ជា​ទី​ប្រជុំ​ជន​ព្រោះ​ទី​នោះ​មាន​ទឹក​ថ្លា​ជ្រះល្អ។ លុះ​ក្រោយ​មក​​ឧកញ៉ា​តេជោ​បុរារាជ​ មាស​​ក៏​ទូល​ស្នើ​សុំ​​​​​ព្រះស្រីសុរិយោពណ៌​​ប្រែ​ឈ្មោះ​ខេត្រ​អាសន្ទុក​ទៅ​ជា​ខេត្រ​កំពង់​ស្វាយ​វិញ ឯ​ព្រះ​ករុណា​ក៏​រាជា​នុញ្ញាតិព្រម​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ស្នើ​សុំ​នោះ​ទៅ។

គោរម្យ៍​ងារ​ឧទ័យ​ធិរាជ និង​តេជោ ឈ្មោះ​ខេត្រ​អាសន្ទុក​ និង​ខេត្រ​កំពង់​ស្វាយ​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​គ្នា​តាំង​ពី​ គ.ស ១៦០៤ នោះ​រៀង​មក។

ដកស្រង់៖ ឯកសារ​មហាបុរស​ខ្មែរ ភាគ៤ ទំព័រ ៤៩-៥២

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សមរភូមិ​នៅ​កម្ពុជា​សម័យ​កណ្តាល, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , , . Bookmark the permalink.

5 Responses to ព្រះរាម​ថ្មគោល

  1. Long ថា:

    និស្សិតពេទ្យមិនធម្មតាទេ!

    • តា ម៉ាប់ ថា:

      កុំ​និយាយ​រឿង​រៀន​ពេទ្យ​ខ្មាសគេ មិន​ធម្មតា​អញ្ចឹង​បាន​ប្រឡង​សង​រាល់​តែ​ឆមាស ហេហេហេ

  2. Pingback: ព្រះស្រីសុរិយោពណ៌ | តាម៉ាប់ & យាយ​ម៉ាប់

  3. Pingback: ព្រះស្រីសុរិយោពណ៌ (១៥៥? – ១៦២?) | តាម៉ាប់ & យាយ​ម៉ាប់

  4. Pingback: រាជធានីចតុមុខ​មង្គលទី ១ | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s