លឹម ពិសិដ្ឋ, លា​ជារៀង​រហូត


សម្រាប់​មិត្ត​ម្នាក់ បង​ប្រុស​ម្នាក់ អ្នក​ថត​រូប​ម្នាក់ អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​ម្នាក់ អ្នក​ប្លុក​ម្នាក់ !

24th June 2012, Kampong Chnnang Province, Cambodia

ល្ងាច​នេះ (២០ តុលា) ប្រហែល​ជា​ម៉ោង ៥ ខ្ញុំ​បាន​បើក​គណនេយ្យ​ Facebook ខ្ញុំ​ដូច​រាល់​ដង ខ្ញុំ​ក៏​ប្រទះ​ភ្នែក​និង​គណនេយ្យ​របស់​ កាជ្រូក (ខ្ញុំ​ទម្លាប់​ហៅ​គាត់​តែ​បែប​នេះ) ដែល​សរសេរ​ថា ៖ ខ្ញុំ​ជា​ប្អូន​ប្រុស​របស់​ ពិសិដ្ឋ ខ្ញុំ​ចង់​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​បង​ប្រុស​របស់​ខ្ញុំ ?

ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ប្រកាស​បែប​នេះ ក៏​ព្រោះ​ថា បង​ពិសិដ្ឋ គាត់​បាន​​ធ្វើ​ដំណើរ​ទៅ​ Nepal បាត់​ទៅ​ហើយ ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិនល្អ ហើយ​បន្ត​មើល​មតិ​ឆ្លងឆ្លើយ​គ្នា​រហូត​ដល់​យល់​រឿង​ថា បង​ពិសិដ្ឋ​ បាន​បាត់​បង់​ជីវិត​កាល​ពី​ម្សិល​មិញ​បាត់​ទៅ​ហើយ (១៩ តុលា) ។

បន្ទាប់​មក​ខ្ញុំ​ក៏​​ឃើញ​មាន​សារ​មួយ​នៅ​ក្នុង​ប្រអប់​សំបុត្រ​ Facebook របស់​ខ្ញុំ​ ។ បង​ស្រី​ម្នាក់​ដែល​ជា​មិត្ត​ស្និទ្ធស្នាល​ជា​មួយ​និង បង​ពិសិដ្ឋ បាន​ផ្ញើ​សារ​អំពី​រឿង​នេះ​មក​ខ្ញុំ ។

ទឹក​ភ្នែក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ស្រក់​មក​… ខ្ញុំ​ទើប​តែ​ស្គាល់​គាត់​នៅ​ចុង​​​ឆ្នាំ ២០១០ នោះ​ទេ តែ​រយៈ​ពេល​ ២ ឆ្នាំ​នេះ ពិត​ជា​មាន​ន័យ​ណាស់ ។

លើក​ទី ១ ដែល​ជួប​គាត់​ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ចូល​រួម​កម្មវិធី​បោះ​ជុំរុំ​យុវជន​នៅ​ឯ​ខែត្រ​សៀមរាប​ ដែល​រូប​គាត់​ជា​អ្នក​ថត​រូប​ប្រចាំ​កម្មវិធី​ទាំង​មូល ជា​គ្រូបង្គោល​ ក៏​ដូច​ជា​អ្នក​ចាត់​ចែង​កម្មវិធី​ ។

ក្រោយ​មក​ទៀត យើង​បាន​ទៅ​​ថត​រូប​គ្នា​នៅ​ម្ដុំ​កោះ​ក្របី ។ លើក​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ជួប​គាត់ គឺ​នៅ​ខែ​មិថុនា នៅ​ពេល​ដែល​ពួក​យើង​ជិះ​ម៉ូតូ​ដើរ​លេង​ទៅ​ដល់​ខែត្រ​កំពង់ឆ្នាំង ។ ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​ទៀត​ទេ​​ចាប់ពី​នោះ​មក ហើយ​ក៏​លែង​បាន​ជួប​ជា​រៀង​រហូត ។

គាត់​ឧស្សាហ៍​ហៅ​ខ្ញុំ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ជា​មួយ​គាត់​ដែរ តែ​ខ្ញុំ​តែង​តែ​ប្រកែក​ដោយ​សារ​បញ្ហា​ថវិកា និង​ដោយសារ​តែ​ខ្ញុំ​មិន​ទាន់​មាន​លិខិត​ឆ្លង​ដែន ។ គាត់​ជា​មគ្គុទ្ទេសក៍​ និង​អ្នក​រៀប​ចំ​កម្មវិធី​ដ៏​ម៉ត់ចត់​ ដំណើរ​កម្សាន្ត​ជា​មួយ​គាត់ ជា​ដំណើរ​ដែល​អ្នក​​​ចូល​រួម​តែង​តែ​ចង​ចាំ​មិន​ភ្លេច ។

ពួក​យើង​ទាំង​ពីរ​នាក់​មិន​សូវ​ជា​បាន​ជួប​គ្នា​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​គាត់​ជា​មនុស្ស​ល្អ មនុស្ស​ដែល​គួរ​ឲ្យ​រាប់អាន ជា​មនុស្ស​មួយ​ប្រភេទ​ដែល​មិន​មាន​ច្រើន​ទេ​នៅ​លើ​លោក​នេះ ។ បើ​ទោះ​ជា​ពេល​ខ្លះ​គាត់​ធ្វើ​ឆ្កួត​ៗ ឡប់ៗ ក៏​ដើម្បី​ឲ្យ​អ្នក​នៅ​ជុំវិញ​គាត់​សើច​សប្បាយ​រីករាយ​ដែរ ។ គាត់​គិត​អំពី​គេ​ច្រើនជាង​ខ្លួន​ឯង គាត់​គិត​អំពី​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​របស់​គាត់ គាត់​មិន​ដែល​គិត​សោះ​អំពី​រឿង​ចាប់​ផ្ដើម​គ្រួសារ​មួយ​និង​គេ (រឿង​ដែល​ខ្ញុំ​តែង​តែ​ចំអន់​គាត់​ជា​រឿយៗ) ។

ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​អំពី​គាត់​​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពាស​ពេញ​ Facebook ប៉ុន្មាន​ថ្ងៃនេះ បើ​ទោះ​ជា​ព័ត៌មាន​ទាំង​នោះ​នៅ​មាន​ខ្វះ​ចន្លោះ​យ៉ាង​ណា​ក្ដី ក៏​សូម​អរគុណ​ចំពោះ​សន្ដាន​ចិត្ត​ ការ​កោត​សរសើរ និង​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​អ្នក​ទាំង​នោះ បើ​ទោះ​ជា​ពួក​គាត់​​មិន​ដែល​ស្គាល់​ បងពិសិដ្ឋ ​យ៉ាង​ណា​ក៏ដោយ ។

ព្រឹក​មិញ​នេះ (២២ តុលា) ខ្ញុំ​បាន​ទៅ​ចូល​រួម​ពិធី​រំលែក​ទុក្ខ​នៅ​ឯ​ការិយាល័យ​របស់​គាត់ ។ ប្រធាន​អង្គការ​បាន​ឡើង​អាន​ហេតុការណ៍​ទាំង​ឡាយ​ដែល​​បាន​​កើត​ឡើង​ចំពោះ​គាត់​នៅ​ Nepal (សំបុត្រ​ ៤ ទំព័រ​ដែល​សរសេរ​ដោយ​មិត្ត​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​និង​គាត់) ។ បន្ទាប់​មក ក៏​មាន​ការ​ឡើង​និយាយ​រំលឹក​ពី​អនុស្សាវរីយ៍​​ដោយ​ មិត្ត​ភក្តិ អ្នក​ធ្វើការ​ និង អ៊ំ​ស្រី​​ជា​ម្ដាយ​នៃ បងពិសិដ្ឋ

ខ្ញុំ​មិន​បាន​ឡើង​និយាយ​អ្វី​នោះ​ទេ ព្រោះ​បំពង់ក​របស់​ខ្ញុំ​ វា​ណែន​ស្ទះ​អស់​ទៅ​ហើយ ប៉ុន្មាន​ថ្ងៃនេះ​ ខ្ញុំ​តែង​តែ​យំ​នៅ​ពេល​ដែល​ខ្ញុំ​មើល​រូប​របស់​គាត់ ។

ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ស្គាល់​បង បើ​ទោះ​ជា​វា​ខ្លី តែ​វា​ពិត​ជា​មាន​ន័យ​បំផុត ។ សូម​វិញ្ញាណក្ខន្ធ​បង​បាន​ទៅ​កាន់​សុគតិភព ។

ចូល​មើល​ប្លុក​របស់​គាត់ Pisith on Shoestring

ជិះរថភ្លើងនៅកំពង់ឆ្នាំង ស្រុកទឹកផុស

He smiles, so people around him will smile 🙂

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , , , . Bookmark the permalink.

26 Responses to លឹម ពិសិដ្ឋ, លា​ជារៀង​រហូត

  1. ខ្ញុំសូមចូលរួមសោកស្តាយ​ជា​មួយ​ផង…

    • សូម​អរគុណពូ ។ បើ​ពូ​ឧស្សាហ៍នៅ​ហ្វេសប៊ុក ពូប្រហែល​នឹង​ឃើញអត្ថបទដែល​គេ​ផ្សាយ​ៗ​តគ្នា​អំពី​គាត់​ហើយ ។

    • ខ្ញុំ​អានប្រកាស​របស់​តាម៉ាប់ឯង​រួច ខ្ញុំ​អាច​យល់​បាន​ថា គាត់​ជា​អ្នក​ចូល​ចិត្ត​ដើរ​ឆ្ងាយ​ដូច​ខ្ញុំ​ដែរ…

    • ដំណើរ​នេះ​ដំណើរ​នៅ​ក្នុង​ក្ដី​ស្រមៃតាំង​ពីអាយុ ១៥ ឆ្នាំ ។ គាត់បានទទួល​មរណភាព​ពេល​កំពុង​ព្យាយាម​ឡើង​ភ្នំ​នៅ​ជួរភ្នំហេមពាន្ត​ ។

    • គាត់គ្រោះថ្នាក់ដោយសារ​អីដែរ?

    • បាន​តាម​សំបុត្រ​ដែល​សរសេរ​ដែល​សរសេរ​ដោយ​មិត្ត​រួម​ដំណើរ វា​អាច​ជា​ Altitude Sickness និងក៏ព្រោះមូលហេតុ​ដែល​គាត់​មិន​សូវ​ជា​ស្រួល​ខ្លួន​ប៉ុន្មាន​ផង​មុន​ពេល​ចេញ​ដំណើរ ។

  2. Vandy ថា:

    បន្ទាប់ពីខ្ញុំបានឃើញបងប្រុសរៀបរាប់ពីបងសិដ្ឋដូច្នេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែយល់សប្តិ។ ប៉ុន្តែអរគុណក្នុងការចែករំលែកនេះ!

    • នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​នេះ​ដំបូង ខ្ញុំ​ក៏​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ដែល​ថា​ អាច​ជា​មនុស្ស​ផ្សេង​នោះទេ តែពេលនេះ ។ តើ​ប្អូន​ស្រី​ស្គាល់​គាត់​តាម​របៀប​ម្ដេច​ដែរ ?

  3. Ravy ថា:

    អារម្មណ៍បាត់បង់មនិស្សដែលយើងធ្លាប់ស្គាល់ ធ្លាប់ដើរជាមួយគឺពិតជាមានអារម្មណ៍ក្តុកក្តួល រន្ធត់ 😥

    មានអារម្មណ៍ថាប៉ុន្មានថ្ងៃនេះមនុស្សដែលខ្ញុំស្គាល់ក៏ស្លាប់ច្រើននាក់ដែរ (អ្នកស្រុកអ្នកភូមិ)

    • បើនិយាយ​ទៅ និយាយ​ម៉េចក៏មិនអស់ដែរ រឿង​រ៉ាវ​របស់​គាត់នោះ បើ​គាត់​ជួយ​គេ​ គាត់​ជួយ​ដោយ​មិនគិត​ខ្លួន​ឯងទេ ពេល​ខ្លះ​ជួយ​គេ​ទាល់​តែ​អស់​លុយ​ខ្លួន​ឯង​ក៏មាន គាត់​ចិត្ត​បាន​ណាស់ នរណា​មក​រក​គាត់​ គេជួយរហូត ។ អ្នកស្រុកអ្នកភូមិចាស់ឬក្មេង ?

    • កើត​ ចាស់ ឈឺ ស្លាប់ ។ តែ ពិសិដ្ឋ មិនទាន់ ចាស់ ផង បែរជា ឈឺ ស្លាប់ មុនទៅវិញ ។ រឿង​មិន​បាន​ព្រាង​ទុក គួរ​ឲ្យ​សោកស្ដាយណាស់ នៅ​តែដកដង្ហើមធំ ពេល​នឹក​ដល់​រឿង​នេះ ។

  4. Ravy ថា:

    តាម៉ាប់ខ្ញុំសួរដូចឆោត, គាត់ស្លាប់បាត់ហើយអ៊ីចឹងប្លុករបស់គាត់ ក៏ដូចជា Fb account គឺត្រូវទុកចោលហើយមែនអត់?

    • ប្លុកគាត់ៗទុកចោលយូរណាស់ហើយ ។ ឯហ្វេសប៊ុកគាត់ ប្រហែលជា​អាច Deactivate ព្រោះប្អូនរបស់​គាតស្កាល់លេខសម្ងាត់​អីអស់ហើយ ។

  5. mkr ថា:

    សូម​ចូល​រួម​សោក​ស្ដាយ​​ចំពោះ​ការ​បាត់​បង់​នេះ!

  6. សូមចូលរួមសោកស្តាយ និងរំលេកទុក្ខចំពោះការបាត់បង់ជីវិតរបស់គាត់​ហើយសួមសរសើរចំពោះទឹកចិត្តរបស់គាត់។

  7. Bona ថា:

    សោកស្ដាយសម្រាប់ការបាត់បង់!​ អ្វីគ្រប់យ៉ាងសុទ្ធតែមិនទៀងទាត់(អនត្តា​ )

  8. Serak ថា:

    I heard this from one of my colleagues. Feel so sorry to this lost!!! Hope he will rest in peace.

  9. Jetly Chan ថា:

    អរគុណ តាម៉ាប់ សម្រាប់ការបរិយាយ!

    ទាំងអស់គ្នាសុទ្ធតែ មានអារម្មណ៍ក្តុកក្តួល។ រហូតដល់ពេលនេះ ខ្ញុំក៏នៅតែមិនទាន់ហ៊ាននិយាយបានថា មិនស្រក់ទឹកភ្នែក ពេល មើលរូបថត អនុស្សាវរិយ៍ នៃដំណើរកំសាន្តជាមួយគាត់ នោះបានដែរ។
    សូម្បីតែពេលដែលខ្ញុំកំពុងសរសេរ នេះក៏វាកំពុងតែហូរចេញមកដោយមិនអាចទប់បានហើយ!!

    • អរគុណ ពូចាន់ ដែល​មតិ​លោត​ចូលស្ប៉ាម ។

      ខ្ញុំមិនដឹង​ថា​គួរ​សរសេរ​តប​ថា​ម៉េច​ទេ​នៅពេល​នេះ ។

    • Ravy ថា:

      តាម៉ាប់ ហេតុអ្វីមិតិគាត់លោតចូលស្ប៉ាម ហើយបើលោចអ៊ីចឹងវាម៉េច?

    • មិនដឹង​ម៉េចបាន​លោតដែរ តែវា​មាន​ប្រអប់ ស៉្បាម មួយ យើង​ចូល​ទៅ​មើលទៅ បើ​មតិ​ជា​របស់​មិត្ត​យើង យើង​ដាក់វា​ មិនមែន​ស៉្បាមទៅ បើគិត​ថា​ជា​ ស្ប៉ាម លុបចោលទៅ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s