សម្ដចព្រះមហាឃោសានន្ទ (១៩២៩ – ២០០៧)


(១)

សម្ដេច​ព្រះមហាឃោសានន្ទ (១៩២៩(២) – ១២​ មិនា ២០០៧) គឺ​ជា​ព្រះសង្ឃ​​ព្រះ​ពុទ្ធសាសនា​​គណៈ​ថេរវាទ​មួយ​ព្រះ​អង្គ​ ដែល​ទទួល​ការ​គោរព​យ៉ាង​ខ្ពង់​ខ្ពស់​បំផុត ។ ព្រះ​អង្គ​ជា​ព្រះ​សង្ឃ​រាជ​ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​ក្នុង​ ជំនាន់​​ខ្មែរ​ក្រហម​ (នៅ​ក្រៅ​ប្រទេស) និង​ ជំនាន់​​បណ្ដូរ​អំណាច​​កំឡុង​សម័យ​កុម្មុយនិស្ត ។ ព្រះនាម​ជា​ភាសា​បាលី​ មហាឃោសានន្ទ មានន័យ​ថា អ្នក​នាំ​មក​នូវ​សេចក្ដី​រីករាយ​ដ៏​ប្រសើរ ។ ព្រះអង្គ​មាន​កិត្តិនាម​យ៉ាង​ល្បី​ល្បាញ​ ក្នុង​​ធ្វើ​ធម្មយាត្រា​​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​​ ។

កុមារភាព

កុមារ វ៉ា យ៉ាវ កើត​នៅ​ខែត្រ​តាកែវ​ ក្នុង​ត្រកូល​កសិករ​ ។ តាំង​ពី​ក្មេង​មក​ម្ល៉េះ កុមារ​រូប​នេះ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​សាសនា ហើយ​បាន​ធ្វើ​ជា​ក្មេងវត្ត​នៅ​អាយុ ៨​ឆ្នាំ ។ កុមារ​នេះ​បាន​បម្រើ​ព្រះ​សង្ឃ​យ៉ាង​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ពេញ​ព្រះទ័យ​ជា​ខ្លាំង ។ កុមារ​ វ៉ា យ៉ាវ ​ត្រូវ​បាន​បំបួស​នៅ​អាយុ ១៤​ឆ្នាំ ។ ក្រោយ​មក​ភិក្ខុ​អង្គ​នេះ​បាន​សិក្សា​ចេះ​ស្ទាត់​ភាសា​បាលី​នៅ​វត្ត​​ឯ​ ស្រុក​កំណើត​ហើយ ក៏​បន្ត​មក​សិក្សា​នៅ​ភ្នំពេញ ហើយ​ហួស​ទៅ​បាត់​ដំបង​ទៀត ។ បន្ទាប់​មក​ភិក្ខុ វ៉ា យ៉ាវ ក៏​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​​ភាសា​បាលី​នៅ​ឯ​ប្រទេស​ក្លឹង​ទៀត នៅ​​សកលវិទ្យាល័យ​ណាឡ័នដៈ (Nalanda) នៅ​រដ្ឋ​ប៊ីហារ​ (Bihar) ។

ការសិក្សា

ព្រះមហាឃោសនន្ទ ​បាន​សិក្សា​ក្រោម​ការ​បង្រៀន​នៃ​គ្រូអាចារ្យ​​ពុទ្ធសាសនា​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​អង្គ​ដូច​ជា ព្រះ​សង្ឃ​ជប៉ុន​នាម Nichidatsu Fujii និង​សម្ដេច​​សង្ឃរាជ ជួន ណាត ។

នៅ​ឆ្នាំ​១៩៦៥​​ ព្រះមហាឃោសនន្ទ បាន​ចាក​ចេញ​ពី​ប្រទេស​ក្លឹង​មក​សិក្សា​ ជា​មួយ អាចាន ធ័ម្មទរោ (Ajahn Dhammadaro) នៅ​ឯ​វត្ត​ធុតង្គ​ចៃណា​ នៅ​ ណាខនស៊ីថាម៉ារ៉ាត (Nakorn Sri Dhammaraj) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ។

ក្រោយ​របប​ខ្មែរ​ក្រហម

នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​មក​កាន់​កាប់​អំណាច​នៅ​ឯ​ប្រទេស​កម្ពុជា​ ព្រះមហាឃោសនន្ទ បន្ត​គង់​សិក្សា​នៅ​ឯ​ប្រទេស​​ថៃ​​ ។ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​អស់​អំណាច​ទៅ នៅ​ឯ​​ប្រទេស​ខ្មែរ​ នៅ​មាន​សេស​សល់​ព្រះ​សង្ឃ​តែ​មួយ​ចំនួន​តូច​​តែ​ប៉ុណ្ណោះ ។ នៅ​ពេល​នោះ​ផង​ដែរ ជនភៀសសឹក​បាន​នាំ​គ្នា​ភៀស​​ខ្លួន​នៅ​កាន់​ជុំរុំ​​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​​ខ្មែរ​ថៃ ។

នៅ​ឆ្នាំ​ ១៩៧៨ ព្រះមហាឃោសនន្ទ​ បាន​ចាកចេញ​ពី​អាស្រម​នៅ​ឯ​ភាគ​ត្បូង​ប្រទេស​ថៃ​ ហើយ​និមន្ត​ទៅ​កាន់​ជុំរុំ​​ទាំង​នោះ​ដើម្បី​​​ចាត់​ចែង​​ជួយ​ពិនិត្យ​ជនភៀសសឹក​ទាំង​នោះ ។ វត្តមាន​របស់​ព្រះ​អង្គ​នៅ​ឯ​ជុំរុំ​​បាន​ធ្វើឲ្យ​មាន​ការ​រំជួល​ចិត្ត​​ចំពោះ​គ្រប់​ជន​ទាំង​នោះ​ ដែល​ខាន​បាន​ឃើញ​ព្រះ​សង្ឃ​ជា​យូរ​មក​ហើយ ។ ជនភៀសសឹក​កម្ពុជា​ទាំង​នោះ យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល ​ព្រះមហាឃោសនន្ទ​ សូត្រ​មន្ត​​ផ្សេង​ៗ ដែល​ពួក​គេ​ខាន​បាន​ឮ​នៅ​​ក្នុង​កំឡុង​ពេល​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម ។ ព្រះ​អង្គ​ក៏​បាន​​ចែក​ជា​សៀវភៅ​ធម៌​ដល់​ជន​ដែល​មាន​វិបត្តិ​ទាំង​នោះ​ផង​ដែរ ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​សង្ឃឹម​​រស់​នៅ​បន្ត​ទៀត ។

នៅ​ពេល​ដែល​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទៅ​ ព្រះអង្គ​ជា​សង្ឃ​ ១​អង្គ​ក្នុង​ចំណោម​​ព្រះ​សង្ឃ ៣,០០០​អង្គ ដែល​រស់​រាន​មាន​ព្រះ​ជន្ម ។ នៅ​មុន​ពេល​របប​នេះ​កាន់​អំណាច​ ព្រះសង្ឃ​​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​ដល់ ៦០,០០០អង្គ ។ នៅ​កំឡុង​ឆ្នាំ ១៩៧៩ ព្រះ​អង្គ​បាន​បង្កើត​វត្ត​នៅ​ឯ​ជុំរុំ​ជនភៀសសឹក ហើយ​ក៏​បាន​បំបួស​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ ប្រឆាំង​និង​បម្រាប​របស់​​យោធា​ថៃ​ ។

គ្រួសារ​ទាំង​មូល​របស់​ព្រះអង្គ រួម​ទាំង​សាច់​ញាតិ និង​សិស្សគណ ត្រូវ​បាន​​សម្លាប់​យ៉ាង​ឃោរឃៅ​ដោយ​ពួក​ខ្មែរ​ក្រហម ។

ការ​ស្ដារ​ព្រះពុទ្ធសាសនា​ឡើង​វិញ

ធម្មយាត្រា

ព្រះមហាឃោសនន្ទ​ ទ្រង់​បាន​​ដើរ​តួ​នាទី​យ៉ាង​សំខាន់​​បន្ទាប់​ពី​​ការ​រលំ​ទៅ​នៃ​របប​ខ្មែរ​ក្រហម​ ដោយ​​ព្រះ​អង្គ​បាន​ជួយ​ស្តា​ឡើង​វិញ​​ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ។ នៅ​ឆ្នាំ ១៩៨០ ព្រះ​អង្គ​ជា​តំណាង​​ ប្រជាជន​កម្ពុជា​ភៀស​ខ្លួន​ ​នៅ​ឯ​​អង្គការ​សហប្រជាជាតិ ។

នៅ​ឆ្នាំ​នោះ​ផង​ដែរ ព្រះ​អង្គ​ និង​រួម​និង​លោក​ឪពុក​ Peter Lawrence Pond បាន​រួម​គ្នា​បង្កើត បេសកកម្ម​អន្តរ​សាសនា​ដើម្បី​សន្តិភាព​​នៅ​កម្ពុជា (Inter-Religious Mission for Peace in Cambodia) ។ រូប​លោក​ទាំង​ពីរ​បាន​ប្រមែប្រមូល​ ព្រះសង្ឃ​និង​ដូនជី​ដែល​នៅ​រស់រាន​មាន​ជីវិត​ដើម្បី​​បន្ត​ជំនឿ​របស់​ពួក​គាត់​ត​ទៅ​ទៀត ដើម្បី​ទៅ​គ្រប់​គ្រង​​វត្តអារាម​នានា​ដែល​នៅ​​ពាស​ពេញ​ប្រទេស ។

នៅ​ខែ​មិថុនា​ ១៩៨០ រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ចិត្ត​បណ្ដេញ​​ជនភៀសសឹក​កម្ពុជា​​​​រាប់​ពាន់​នាក់​​មក​ប្រទេស​កម្ពុជា​វិញ ។ ព្រះមហាឃោសនន្ទ និង លោកឪពុក Pond បាន​ចាត់​ចែង​ធ្វើ​ការ​តវ៉ា​និង​ការ​បណ្ដេញ​ចេញ​នេះ​​ពី​ជុំរុំ​នៅ​ឯ​ សាកែវ (ស្រះកែវ) ។

នៅ​ឆ្នាំ ១៩៨៨ ព្រះមហាឃោសនន្ទ ត្រូវ​បាន​ជ្រើសរើស​ជា​ ព្រះ​សង្ឃរាជ ដោយ​ក្រុម​សង្ឃ​ភៀស​ព្រះ​កាយ​មួយ​ក្រុម​​នៅ​ ក្រុង​ប៉ារីស៍ ។ ព្រះអង្គ​ព្រម​ទទួល​តំណែង​នេះ​ជា​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ទម្រាំ​ដល់​ពេល​ដែល​មាន​ការ​បង្កើត​​ឋានន្តរសក្ដិ​​ព្រះសង្ឃ​សា​ជា​ថ្មី​នៅ​ប្រទេស​កម្ពុជា ។ នៅ​ពេល​នោះ​ផង​ដែរ ព្រះ​សង្ឃ ទេព វង្ស គឺ​ជា​ ព្រះ​សង្ឃរាជ​ នៅ​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ផ្ដល់​តំណែង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​មាន​វៀតណាម​នៅ​ពី​ក្រោយ​ខ្នង ។

ធម្មយាត្រា

ធម្មយាត្រា លើក​ទី ៦ (ភ្នំ​បាណន់)

នៅ​ឆ្នាំ ១៩៩២  ឆ្នាំ​ដំបូង​ដែល​អង្គការ​សហប្រជាជាតិ​ចាប់​ផ្ដើម​ជំនួយ​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​កម្ពុជា ព្រះមហាឃោសនន្ទ​ បាន​ចាប់​ផ្ដើម​ ធម្មយាត្រា​ ដើម្បី​​ស្តា​ឡើង​វិញ​នូវ​សេចក្ដី​សង្ឃឹម​ និង​ជំនឿ​ចិត្ត​នៃ​ប្រជាជន​កម្ពុជា ។

ក្នុង​រយៈ​ពេល​ ១៦​ថ្ងៃ ពួក​គេ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​​ចម្ងាយ ២០០ គ.ម កាត់​តំបន់​ដែល​មាន​ពាស​ពេញ​ទៅ​ដោយ​មីន ។ ធម្មយាត្រា ​បាន​ក្លាយ​ជា​យាត្រា​ប្រចាំ​ឆ្នាំ​ដែល ព្រះមហាឃោសនន្ទ​ បាន​ដឹក​នាំ​ជា​ច្រើន​ដង បើ​ទោះ​ជា​​មាន​គ្រោះ​ថ្នាក់​ពី​ការ​ប្រយុទ្ធ​គ្នា​​រវាង​កង​ទ័ព​រដ្ឋាភិបាល និង​កង​ទ័ព​ខ្មែរ​ក្រហម​ក្ដី ។​

នៅ​ឆ្នាំ ១៩៩៥ ធម្មយាត្រា មាន​អ្នក​ចូល​រួម​​ជា​ច្រើន​រយ​នាក់​ដែល​ក្នុង​នោះ មាន​ព្រះសង្ឃ ដូនជី និង​អ្នក​កាន់​សិល៍​ជាតិ​កម្ពុជា​ប្រមាណ​​​ជា​ជាង​ ៥០០ នាក់ ។ ក្នុង​នោះ​ដែរ The Interfatith Pilgrimage for Peace and Life ក៏​បាន​ចូល​រួម​ដែរ ។ ក្រុម​ទាំង​ ២​នេះ បាន​​ផ្ដើម​ដើរ​ចេញ​ពី​ទល់​ដែន​ថៃ​របស់​​ដល់​ទល់​ដែន​វៀតណាម ដោយ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ ។

ព្រះ​អង្គ​តែង​តែ​ត្រូវ​បាន​គេ​ហៅ​ដោយ​គោរព​ថា «គន្ធីកម្ពុជា(៣)» ។ ព្រះអង្គ​ ត្រូវ​បាន​ប្រធាន​គណៈកម្មការ​​ទំនាក់ទំនង​អន្តរជាតិ​នៃ​ព្រឹទ្ធសភា​​សហរដ្ឋអាមេរិក ក្លៃបន ផេល (Claiborne Pell) ដាក់​ឈ្មោះ​ដើម្បី​ទទួល​ ពាន​រង្វាន់​ណូបែល​សន្តិភាព (Nobel Peace Prize) ។ ព្រះ​អង្គ ក៏​ត្រូវ​បាន​ដាក់​ឈ្មោះ​បន្ត​បន្ទាប់​គ្នា​នៅ​ឆ្នាំ ១៩៩៥, ១៩៩៦, និង ១៩៩៧ ដោយ​សារ​កិច្ចការ​ប្រឹង​ប្រែង​បង្រួប​បង្រួម​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ ។

ព្រះ​អង្គ​ក៏​មាន​តួនាទី​ជា​ទីប្រឹក្សា​ សហគមន៍​ពុទ្ធសាសនិក​ដើម្បី​សន្តិភាព (Buddhist Peace Fellowship) ហើយ​គង់​នៅ​រវាង​ វត្ត​សំពៅមាស និង​វត្ត​នៅ​ឯ Philadelphia រដ្ឋ Pennsylvania ។ បើ​ទោះ​ជា​ព្រះ​អង្គ​បាន​កសាង​វត្ត​ជាង​ ៥០​ក្ដី ព្រះអង្គ​មិន​គ្រប់​គ្រង​វត្ត​មួយ​ណា​នោះ​ទេ ។ ជា​អ្នក​ដេល​ធ្វើ​ដំណើរ​ជាប់​ជា​ប្រចាំ​ នៅ​ពេល​ខ្លះ​សូម្បី​តែ​សិស្សគណ​​របស់​ព្រះ​អង្គ​ក៏​មិន​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ឯ​ណា​ដែរ ។

ព្រះមហាឃោសនន្ទ​ សុគត​នៅ​ Northampton រដ្ឋ Massachusetts នៅ​ថ្ងៃ ១២ មិនា ២០០៧ ក្រោម​ការ​សោកស្ដាយ​​យ៉ាង​ធំធេង​ពី​ពុទ្ធសាសនិក​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ។

ព្រះ​សព

ភាសិត​ខ្លះ​ៗ

«ទុក្ខសោក​នៃ​ប្រជាជន​កម្ពុជា​ជ្រៅ​ពេក​ណាស់
ដោយ​សារ​ទុក្ខ​សោក​នេះ​ក្ដី​មេត្តា​ករុណា​នឹង​កើត​មាន
ដោយ​​សារ​សេចក្ដី​មេត្តា​ករុណា​នេះ​នឹង​កើត​មាន​បេះដូង​សន្តិភាព
ដោយ​សារ​បេះដូង​សន្តិភាព​នេះ​នឹង​កើត​មាន​មនុស្ស​ស្រលាញ់​​សន្តិភាព
ដោយ​មនុស្ស​ស្រលាញ់​​សន្តិភាព​នេះ​នឹង​កើត​មាន​គ្រួសារ​ស្រលាញ់​​សន្តិភាព
ដោយ​​គ្រួសារ​​ស្រលាញ់​សន្តិភាព​នេះ​នឹង​កើត​មាន​សហគមន៍​ស្រលាញ់​សន្តិភាព
ដោយ​សហគមន៍​ស្រលាញ់​សន្តិភាព​នេះ​នឹង​កើត​មាន​ជាតិ​សាសន៍​ស្រលាញ់​សន្តិភាព​
ហើយ​ជាតិ​សាសន៍​ស្រលាញ់​សន្តិភាព​​នេះ​នឹង​កើត​មាន​ពិភពលោក​សន្តិភាព
សូម​ឲ្យ​គ្រប់​ភាវៈ​ទាំង​អស់​រស់​នៅ​ដោយ​សុភមង្គល​ និង​សន្តិភាព»

អាន សុភាសិត

***

(១) នៅ​លើ​រូប​ដាក់​ថា ១៩២៥ ។

(២) គេហ​ទំព័រ​ CEN បាន​សរសេរ​ថា ៖ សម្ដេច​​ព្រះមហាឃោស​នន្ទ ប្រសូត​នៅ​ឆ្នាំ១៩២៩ ប៉ុន្តែ​សៀវភៅ “សម្តេចព្រះមហាឃោស​នន្ទ ព្រះពុទ្ធ​ក្នុង​សមរភូមិ” បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​នៃ​សហគមន៍​សង្ឃ​ខ្មែរ​ព្រះពុទ្ធសាសនា នៅ​រដ្ឋ ​Massachusetts បាន​ផ្ដល់​ព័ត៌មាន​ថា សម្តេចព្រះមហាឃោស​នន្ទ ប្រសូត​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ១៩១៣ ប៉ុន្តែ​អាជ្ញាធរ​ខ្មែរ​បាន​កែប្រែ​បញ្ជី​កំណើត​ដើម្បី​ផ្ដល់​លទ្ធភាព​ថ្វាយ​ ព្រះអង្គ​និមន្ត​ទៅ​បន្ត​ការសិក្សា ថ្នាក់បណ្ឌិត​នៅ​ប្រទេស​ឥណ្ឌា​នា​ឆ្នាំ១៩៥៣ ។ កាលបរិច្ឆេទ​នេះ​សម​ហេតុ​​ផល​ណាស់ ត្បិត​ព្រះអង្គ​បាន​បំពេញ​ឧប​សម្បទា​នៅ​ឆ្នាំ១៩៤៣ ។ ប្រសិនបើ​ព្រះអង្គ​ប្រសូត​នៅ​ឆ្នាំ​១៩២៩ នោះ នៅ​ឆ្នាំ១៩៤៣ ព្រះអង្គ​មិន​ទាន់​មាន​អាយុ​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ឧប​សម្បទា​ជា​ភិក្ខុ​​ឡើយ ត្បិត​តាម​ព្រះ​វិន័យ បុគ្គល​ដែល​អាច​បួស​ជា​ភិក្ខុ​បាន​យ៉ាង​ហោច​ណាស់​​មាន​​វ័យ ២០ឆ្នាំ​ដែរ ។ ហេតុនេះ ចាប់​ពី​ពេល​នេះ​​តទៅ​យើង​នឹង​កំណត់​យក ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ១៩១៣ ថា​ជា​កាលបរិច្ឆេទ​កំណើត​ពិតប្រាកដ​របស់​ព្រះអង្គ ។

(៣) Mohandas Karamchand Gandhi (2 តុលា 1869 – 30 មករា 1948) បិតា​ឯករាជ្យ​រដ្ឋ​ឥណ្ឌា​ទំនើប ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អប់រំ​មនុស្ស​ជាតិ - អ្នក​ដឹកនាំ​សាសនា and tagged , , , , , , . Bookmark the permalink.

7 Responses to សម្ដចព្រះមហាឃោសានន្ទ (១៩២៩ – ២០០៧)

  1. លី កល្យាណ និយាយថា៖

    កាលហ្នឹងខ្ញុំទៅជាមួយម៉ែទៅទទួលលោកដែរ តែពេលលោកនិមន្តកាត់កំពង់ធំ ខ្ញុំអត់បានឃើញទេ រវល់តែទៅយកស្អីឱ្យម៉ែពីផ្ទះមក។ ស្តាយដែរ កាលណោះខ្ញុំចាំបានថា ផ្ទះយើងក្រទេ តែប្រមូលគ្នាក្នុង ភូមិធ្វើចង្ហាន់រៀបដាក់ថង់ប្រគេនលោកទុកយកទៅតាមផ្លូវ ធ្វើច្រើនណាស់ សម្រាប់ធម្មយាត្រាផង សម្រាប់ព្រះសង្ឃក្នុងវត្តក្បែរផ្ទះយើងផង ដែលលោកក៏និមន្តទៅតាមធម្មយាត្រាដែរ។ លោកសង្ឃច្រើនណាស់ ខ្ញុំចាំបានថា ឈរតែពីក្រោយចាស់ៗ គ្មានមើលអីឃើញទេ។

    អរគុណតាម៉ាប់ ខ្ញុំប៊ិះនឹងភ្លេចទៅហើយ ។

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំស្គាល់លោកតាមទស្សនាវដ្តីម្ដង (ប្រហែល 1998) ក្រោយ​មក​បាត់ដំណឹងរហូត ដល់​ពេល​ដែល​ខ្ញុំ​ចេះ​ប្រើ​ឥន្ទនេត្រ​ស្រួល​បួល ឆ្នាំ ២០១១ បាត់😦

  2. នូ​ ចំណាន និយាយថា៖

    អរគុណតាម៉ាប់, ព្រះអង្គគឺជាវីវបុរសខ្មែរមួយរូបដែលពិភពលោកគេទទួលស្គាល់និងលើកតម្កើង
    តែគួរឲ្យស្តាយដែលព្រះអង្គមិនអាចមានកេរ្តិ៏ឈ្មោះឲ្យបានសក្តិសមទៅនឹងការលះរបស់ព្រះអង្គ
    នៅលើមាតុភូមិនេះ ព្រោះតែរបបផ្តាច់ផ្តិលអ្នកមានចំណេះដឹងនិងមានសមត្ថភាព​ហើយមកលើក
    តម្កើងមនុស្សល្ងង់ខ្លៅជំនួសវិញដើម្បីផលប្រយោជន៍ដ៏តូចចង្អៀតរបស់បុគ្គល(ចរិកខ្មែរ?)។

    • តា ម៉ាប់ និយាយថា៖

      កូណា មិន​ដែល​បាន​ជួប​ព្រះអង្គទេ ធ្លាប់​តែ​ឃើញ​តាម​ទស្សនាវដ្ដី ។

      ចរិក​ខ្មែរ អ្នកធំ គឺក្ដិចត្រួយអ្នកតួចតាច​ដែល​ចេះ​ដឹង ដើម្បី​កុំ​ឲ្យ​គេ​បាត់​ដំណែង ។ ឯ​អ្នក​ខ្លះទៀត​ ពេល​មិន​ទាន់​មាន​បុណ្យ​សក្តិក៏​ចេះ​ដឹង​ស្គាល់​ខុសត្រូវ ដល់​ពេល​បាន​ជា​ធំ ទៅ​ជា​ឡប់​ឡើ ភ្លីភ្លើ លក់ខួរអស់​រលីងវិញទៀត ។ ពិត​ជា​ពិបាកនឹង​មើល​ដល់​ណាស់ ៕

    • នូ​ ចំណាន និយាយថា៖

      ពិចារណាកាន់តែច្រើនឃើញកាន់តែច្រើន

    • តា ម៉ាប់ និយាយថា៖

      កូណា ។ រឿងច្រើនណាស់ដែលយើងពិបាកនិងនិយាយ​ប្រាប់​អ្នក​ដទៃ ៕

  3. Pingback: អារាមវត្តសំពៅមាស ​ក្រុងភ្នំពេញ | ស្រុកស្រែ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s