អំពីពាក្យ កំពង់ចាម


ខ្ញុំ​សូម​ជូន​សាវតារ​នៃ​ឈ្មោះ​ខេត្ត​​កំពង់ចាម​​នេះ តាម​​សេចក្តី​​សៀវភៅ​សាវតារ​ទាក់ទង​ភូមិសាស្ត្រ​ខ្មែរ​របស់ លោក ឌឹក.គាម ដែល​​បោះពុម្ព​​នៅ​​ឆ្នាំ១៩៦៨ មាន​ដូច​ខាង​ក្រោម​ដោយ​​អត់​កែ​ប្រដូច​តទៅ៖

ខ្ញុំសូមជូនប្រវត្តិខេត្ត​កំពង់ចាមនេះ តាមសេចក្តីស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំ​មិនមែន​ចង់​សរសេរ​ពន្យល់​លោក​អ្នកអាន​ឲ្យ​សព្វគ្រប់ តាំង​ពី​កិច្ចការ​ទាក់ទង​នឹង​រាជការ​ទេ ខ្ញុំ​សូម​បញ្ជាក់​ត្រង់​តែ​ពាក្យ​ថា កំពង់ចាម​តែ​ប៉ុណ្ណោះ។

តាមពាក្យបរម្បរាថា កំពង់ចាម​ជា​កំពង់​របស់​ចាម តែ​យើង​មិន​ដឹង​ថា​តើ​កំពង់​របស់​ចាម​សម្រាប់​ងូត​ទឹក ឬ កំពង់​របស់​ចាម​សម្រាប់​នេសាទ។ រឿង​នេះ​គួរ​ឲ្យ​យើង​ចង់​ដឹង​ដែរ ដើម្បី​ឲ្យ​ដឹង​ពិត​នូវ​ឈ្មោះ​ខេត្ត​នៃ​ប្រទេស​កម្ពុជា ដូច​យ៉ាង​កំពង់ចាម​ជា​ដើម​នេះ។ តើ​ខេត្ត​កំពង់ចាម ជា​កំពង់​របស់​ចាម​មែន​ឬ​មិនមែន? ចំពោះ​រឿង​​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដូច​ត​ទៅ​នេះ៖

១- តាម​ផែនទី​ដែល លោក ម៉ារសេល នេរ (Marsel Ner) និយាយ​ពី​ចាម​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូចិន លោក​បាន​បង្ហាញ​ថា​នៅ​ប្រទេស​កម្ពុជា ចាមច្រើន​នៅ​ក្នុង​ភូមិ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម និង​ជ្រោយចង្វា។ កន្លែង​២​នេះ​ហើយ​ ដែល​មាន​មណ្ឌល​សាសនា​ម៊ុលស៊ុយម៉ង់​ (Mulsulman) ច្រើន ត្រង់​ទីតាំង​ខេត្តកំពង់ចាម​ក៏​មាន​ចាម​​ដែរ តែ​មិន​សូវ​ច្រើន​ទេ​​សម័យ​នេះ​ (១៩៦៨)។ ដូច្នេះ​ពាក្យ​បរម្បរា​នេះ ក៏​អាច​សន្និដ្ឋាន​បាន​ព្រោះ​ថា​ភូមិ​ខ្លះ​ហៅ​ថា ភូមិ​ចាម​ដែរ ព្រោះ​ចាម​នៅ​ច្រើន ប៉ុន្តែ​ថា​ពាក្យ​បរម្បរា​ដូច​ជា​រក​លាយ​លក្ខណ៍​អក្សរ​គ្មាន។ មុន​នឹង​លោក​អ្នក​អាច​សន្និដ្ឋាន​ថា​ត្រឹមត្រូវ យើង​សូម​សង្កេត​ន័យ​ខាង​ក្រោម​នេះ​សិន។

២- តាម​​យោបល់ លោក បូដាំង (Baudoin) ក្នុង​សៀវភៅ Monographie de Kampong-Cham ថាខេត្ត​កំពង់ចាមនេះ គឺ​កំពង់រង់ចាំ។

៣- លោក ម៉ាដ្រូល (Madrolle) បាន​និយាយ​ថា​ លោក​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ ហើយ​គាត់​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ថា​ ខេត្ត​កំពង់ចាម​ពី​ដើម​ កំពង់ចាំ។ បើ​ឈ្មោះ​នេះ​ លោក​ ម៉ាដ្រូល ថាកំពង់ចាំ​ តើគេ​ចាំ​អ្វី? ត្រង់​នេះ​លោក​ថា គេ​ចាំ​សាឡាង​ឆ្លង​ទន្លេ​បិទ​និង​កំពង់​ចាម។ កន្លែង​ដែល​គេ​ចាំ​សាឡាង​​ឆ្លង​សាឡាង គឺ​នៅ​ត្រង់​ជ្រោយ​ថ្ម។ រឿង​នេះ​ដូច​ជា​សម​ព្រោះថា សព្វ​ថ្ងៃ​នេះ​ក្តី​ (១៩៦៨) ពី​អតីតកាល​ក្តី​ មនុស្ស​ជាច្រើន​រង់​ចាំ​ឆ្លង​សាឡាង​រវាង​ក្រុង​ទន្លេបិទ និង​កំពង់ចាម។*

៤- តាម​ឯកសារ​របស់ លោក​ កែវ ហង្ស ចាង​ហ្វាង​រឺត្រែត​សង្កាត់​សួង (ឆ្នាំ២០០៨ វា​បាន​ក្លាយ​ក្រុងសួង) ស្រុកត្បូង​ឃ្មុំ ដែល​​មាន​តំកល់​នៅ​ក្រុម​ទំនៀម​ទម្លាប់​ថា កំពង់ចាម​ ពី​ដើម​គេ​ហៅ​ថា​ កំពង់ចាំ។ តាម​សេចក្តីដំណាល​នៃ​ឯកសារ​នេះ​ថា កំពង់​នេះ​គេ​មក​ចាំ​ដង្ហែរ​សេ្តច​បក្សី​ចាំ​ក្រុង​ឆ្លង​ទៅ​ត្រើយ​ខាង​កើត។ **

បើយើង​យក​ឯកសារ​របស់​ លោក​ កែវ ហង្ស មក​ប្រៀប​ធៀប​គ្នា​នឹង​លោក​ ម៉ាដ្រូល ឃើញ​ថា​ស្រប​គ្នា​ មាន​ប្លែក​គ្នា​បន្តិច​បន្តួច​តែ​ត្រង់៖

  • លោក កែវ ហង្ស ថា​ចាំ​ដង្ហែរ​ស្តេច​បក្សី​ចាំ​ក្រុង​ទៅ​ត្រើយ​ខាង​កើត។
  •  សៀវភៅ Circonscription de Kampong Cham ថា​កំពង់​រង់​ចាំ។
  •  លោក​ ម៉ាដ្រូល ថា​ចាំ​ឆ្លង​សាឡាង​ទៅវិញទៅ​មក​ ពាក្យ​ថា​ ចាំ​ឆ្លង​នេះ​ឃើញ​ថា​ស្រប​គ្នា។ លោក​ទាំង​បី​នេះ​មិន​បាន​និយាយ​ពី​សាសន៍​ចាម​សោះ ឃើញ​តែ​និយាយ​ពី​ សាឡាង បក្សីចាំ​ក្រុង​ និង​ចាំ។

៥- នេះ​ជា​យោបល់​របស់​ខ្ញុំ។ រឿង​ខេត្ត​កំពង់ចាម​នេះ យើង​បាន​ពិនិត្យ​ទៅ​តាម​​ផែន​ទី​ភូមិ​សាស្រ្ត​រួច​ហើយ យើង​បែរ​មក​ពិនិត្យ​តាម​អក្ខរាវិរុទ្ធ​ម្តង។ ខ្មែរ​យើង​ពី​ដើម​សរសេរ​ច្រើន​តែ​ខ្ជីខ្ជាបន្តិច​ ដូចយ៉ាង​សិលា​ចារឹក​​នគរវត្ត ខ្ញុំ​សូម​ជួន​ពាក្យ​ខ្លះ កុំ​បី​មាន​ សរសេរ​ កុំ​ម្បី​មាណ។  ខ្ញុំ គេសរសេរ​ថា ខ្ញុំម ឃើញ​ថា​ គេ​ចូលចិត្ត​មាន​និគ្គហិត  ហើយ​​នៅ​ឆ្លៀត​ប្រកប​នឹង​ព្យញ្ជនៈ ទៀត។ ពាក្យថា​ កំពង់ចាម​ នេះ​ក៏​មាន​ព្យញ្ជនៈ ម​​ ដែរ ហើយ​នៅ​សិលា​ចរិក​នគរវត្ត​មាន​ពាក្យ​មួយ ចាំ សរសេរ ចាំម្ម (ឧទាហរណ៍៖  ខ្ញុំមសូម​កុំល្លាំង អនុភាព្យបែក​ខ្លាំង​លើស សាសធុតចាំម្ម ដូច​ព្រះ​ហនុមាន***) ដូច្នេះ​ពាក្យ​នេះ​ ចាំ​ គេ​អាចសរសេរ​បាន​ថា ចាំម្ម ចាំម ចាម់ (ឧទាហរណ៍៖ ចាម់​ នេះ​​ដែល​អាច​អាន​បាន​ថា ចាំ​ បានដែរ ជា​ហេតុ​មួយ​នាំ​ឲ្យ​ច្រឡំ​នឹង​ពាក្យ​ថា​ សាសន៍ចាម បើសិន​ណា​ជា​គេ​សរសេរ​គ្មាន​បន្តក់។ តែ​ពាក្យ​ថា​ ចាំ ​គេ​សរសេរ​មិន​ឲ្យ​ប្រកប​នឹង​ ទេ (១៩៦៨) តែ​សម័យ​នោះ​គេ​សរសេរ​មាន​ទៅ​វិញ  ដូច្នេះ​បានជា​ពាក្យ​ថា​ កំពង់ចាំ​ ទៅជា​ កំពង់​ចាម​ ទៅវិញ។

ការ​ត្រិះរិះ​ខាង​អក្ខរាវិរុទ្ធឃើញ​ថា ម៉ាដ្រូលក្តី សៀវភៅ ​Circonscription de Kampong Chamក្តី និង​ឯកសារ​របស់​ លោក​ កែវ ហង្ស​ ក្តី​ឃើញ​មាន​ន័យ​ដូច​គ្នា ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ កំពង់ចាំ

មតិខ្ញុំ​មិន​ចង់​កែ​ប្រែ​​ឈ្មោះ​ កំពង់ចាម ទៅជា​ កំពង់​ចាំ​ ទេ ហេតុ​ដែល​ខ្ញុំ​យក​ឈ្មោះ​ខេត្ត​នេះ​មក​ជូន ព្រោះ​ខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​អាន​ជ្រាប​​នូវ​ឈ្មោះ​ខេត្ត​នេះ​ឲ្យ​បាន​ច្បាស់​​នូវ​សាវតា​រដើម។ បើ​លោក​អ្នក​អាន​ឃើញ​សាវតារ​ឈ្មោះ​ខេត្ត​នេះ​ច្បាស់​ ហើយ​មាន​ជា​លាយ​លក្ខណ៍​អក្សរ​ផង​ សូម​​សរសេរ​ជូន​ពត៌មាន​មក​​ ក្រុម​ទំនៀម​ទម្លាប់​ខ្មែរ នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត

*****

*​ បច្ចុប្បន្ន​នេះ​លែង​មាន​សាឡាង​ហើយ​ ដោយ​សារ​គេ​សង់​ស្ពាន​ គីហ៊្សូណា ពីឆ្នាំ​២០០១

** អាច​រក​អាន​បន្ថែម​នៅ​សៀវភៅ ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​រឿង​ព្រេង ដោយ​ បណ្ឌិត រស់​ ចាន់ត្រាបុត្រ

*** សិលាចារិកនគរវត្ត​ ទំព័រ​ ១០៩

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ខេត្រកំពង់ចាម and tagged , , . Bookmark the permalink.

12 Responses to អំពីពាក្យ កំពង់ចាម

  1. ពាក្យកំពង់នេះមិនមែនជាពាក្យខ្មែរទេ ជាពាក្យដែលខ្ចីពីម៉ាឡេយកមកប្រើ។

    ពាក្យមាស ក៏មិនមែនពាក្យខ្មែរដែរ ជាពាក្យម៉ាឡេ។ ម៉ាឡេថា ម៉ាស….

    • ខ្ញុំចែករំលែក ថា:

      អរគុណតាស៊ីក្លូ ដែល​បាន​មកលេង និង​សាសង ហេហេហេ។ អរគុណ​ចំពោះពាក្យ​ទាំង​នេះ ខ្ញុំ​មិនបានដឹងទាល់តែសោះ។ ខ្មែរ​ស្គាល់ម៉ាឡេយូរហើយ ហើយ​ម៉្យាងទៀត​ ពាក្យ​កំពង់ចាំ និង​កំពង់ចាម​នេះ មិនដឹង​មាន​ប្រវត្តិកើតករ​នៅ​ឆ្នាំ​ណាផង គ្រាន់​តែ​ដឹង​ថា​មិនមែនជា​ពាក្យថ្មី ហើយ​ប្រាកដ​ជា​កើត​មាន​ក្រោយ​ ខ្មែរ​ស្គាល់​ម៉ាឡេ​។

    • Samady KS ថា:

      ចុម​យក្ស សុខៗ​លេច​មុខ​តា​ស៊ីក្លូ​មក​ពី​ណា​ហ្នឹង? ចឹង​បាន​ធំ​ក្លិន ល្មុត​ទុំ​ណាស់ សង្ស័យ​តែ​ដក​ មេ ច្រុល​ទេ​ដឹង?

    • ខ្ញុំចែករំលែក ថា:

      ប្រហែលហើយ​មិនដឹង!

    • khmerling ថា:

      ពាក្យ កំពុង ហ្នឹងខ្ញុំមិនទាន់ជឿមួយរយភាគរយថាជាពាក្យ ម៉ាឡេ ទេ ។ គឺមិនទាន់ដឹងថា ម៉ាឡេ យកពីខ្មែរ ឬ ខ្មែរយកពីម៉ាឡេ ។ កាលពីសម័យរុងរឿង ខ្មែរយើងមានទំនាក់ទំនងជាច្រើនជាមួយម៉ាឡេ ។ ហើយប្រហែលមានឥទ្ធិពល​លើប្រទេសផងក៏មិនដឹង ។ មានកូនភ្នំតូចមួយនៅម្ចុំបឹង Chini ស្រុកម៉ាឡេ ដែលគេសន្និដ្ឋានថាគ្រឹះប្រាសាទ​បូរាណសាង​ដោយសេ្តចខ្មែរ ។

  2. nimol ថា:

    កំពង់​ចាម < កំពង់​ (ភូមិ) + ចាម = ភូមិ​ចាម
    http://learn4khmer.wordpress.com/2009/06/11/chams/

    • ខ្ញុំចែករំលែក ថា:

      អរគុណ និមល ដែល​បាន​ភ្ជាប់តំណភ្ជាប់មកជាមួយ។ មិនដឹងថា សាម៉ាឌី គាត់​ស្រាវជា្រវខ្លួនឯង ឬ ក៏ដកស្រង់។ តាមអត្ថបទ​​របស់​គាត់ក៏​អាច​យកជា​ការ​បាន​ដែរ។

  3. nimol ថា:

    តាម​យោបល់​ខ្ញុំ ពាក្យ​ថា «កំពង់​ចាម» គឺ​មាន​ន័យ​ថា «ភូមិ​ចាម»។

    តាម​ភាសា​ចាម ឬ ម៉ាឡេ ៖

    – កំពង់ មាន​ន័យ​ថា ភូមិ

    village :: desa, kampong, kampung, pemukiman, permukiman
    villages :: desa-desa, desa-desanya, kampung-kampung, kampung-kampungnya

    http://www.dicts.info/dictionary.php?l1=English&l2=Malay&word=village&Search=Search

    តាម​ន័យ​នេះ កំពង់ធំ ប្រហែល​ជា​ ភូមិធំ, កំពង់​ស្ពឺ ប្រហែល​ជា ភូមិ​ស្ពឺ

    យើង​ដឹង​ហើយ​ថា ភាសាខ្មែរ​បាន​ទទួល​ឥទ្ធិពល​ពី​ភាសា​ដទៃ​ដូច​ជា​បាលី សំស្ក្រឹត សៀម ចិន យួន ក្នុង​នោះ​ក៏មាន​ភាសា​ចាម-ម៉ាឡេ​ដែរ ដូចជាពាក្យ «ផ្សារ» «ក្រដាស» «ប្រឡាំងកាស» «មង្ឃុត» «សាប៊ូ» «បបូរ(មាត់)»,,,

    http://learn4khmer.wordpress.com/2009/06/11/chams/

    • ខ្ញុំចែករំលែក ថា:

      បាទ សូមអរគុណ ចំពោះ​ការបញ្ចេញយោបល់។ សៀវភៅ​នេះ​សរសេរ​តាំង​ពីឆ្នាំ ១៩៦៨ មិនដឹង​ថា​មាន​នរណា​បន្ត​ការងារ​ស្រាវជ្រាវ​នេះ ទៀត​ឬអត់​ផង។ បើ​តាម​ខ្ញុំ​ដឹងនៅ​សតវត្ស​ទី១៧ ខ្មែរ​ហៅ​ខេត្ត​កំពង់ចាមថា កំពង់សៀម (ត្រើយ​ខាងលិច) និង​ ត្បូង​ឃ្មុំ (ត្រើយ​ខាងកើត) មិនទាន់​កកើត​មាន​ជា​ពាក្យ​ កំពង់ចាមនេះទេ។ ឯ​ចាម​ឯណោះ​វិញ រត់​ចូល​មក​នៅ​ដី​ខ្មែរ​នៅ​តំបន់​នោះ​​ក្រោយ​សតវត្សទី១៧ទេ ចឹងអាច​ថា​ជា ភូមិចាម អញ្ចឹងក៏សមហេតុផលដែរ។

  4. Samady KS ថា:

    មាន​ប្រវត្តិ​ផ្សេង​ទៀត​ដែល​និយាយ​អំពី​ខេត្ត​កំពង់​ចាម មើល​ទី​នេះ http://learn4khmer.wordpress.com/2009/06/11/chams/

    • ខ្ញុំចែករំលែក ថា:

      អរគុណ ខ្ញុំ​បានមើលរួចហើយ និមល​យកឲ្យ​ពីពូ​ឌី​​ឯង​ ឲ្យមើល។

  5. Reblogged this on កំពង់ចាម កំពង់​ចិត្ត and commented:

    ការពិភាក្សា​ពី​កំណើត​ពាក្យ កំពង់ចាម

ទំលាក់ មួយចំលើយតប ទៅ តាស៊ីក្លូ បោះ​បង់​ការ​ឆ្លើយ​តប