សម្លាកជីវិត


នៅ​ទី​ជនបទ​មួយ ក្មេង​ប្រុស​​ម្នាក់​បាន​រត់​លេង​នៅ​​ព្រែក​ក្រោយ​ផ្ទះ​របស់​ខ្លួន ។ ដោយ​ចង់​ហែល​ទឹក​លេង​ផង​ ក្មេង​នោះ​ក៏​ស្រាត​សំលៀក​បំពាក់​របស់​ខ្លួន​ ហើយ​លោត​ចូល​ទៅ​ក្នុង​ព្រែក​នោះ​ គ្រាំ !

ក្មេង​នោះ​មិន​បាន​ដឹង​ថា​មាន​អ្វី​នៅ​រង់​ចាំ​វា​នោះ​ទេ ពេល​ដែល​វា​ហែល​ទៅ​ដល់​​កណ្ដាល​បឹង​ សត្វ​ក្រពើ​​មួយ​ក៏​​ងើប​ពី​ទឹក​ហែល​តម្រង់​មក​វា ។​ ក្មេង​នោះ​បត់​ត្រឡប់​ក្រោយ​យ៉ាង​លឿន ស្រប​ពេល​នោះ​ដែល​​ឪពុក​វា​ដែល​កំពុង​ធ្វើ​ចម្ការ​នៅ​ក្បែរ​នៅ​ក៏​រត់​​យ៉ាង​លឿន​តម្រង់​មក​ជួយ​កូន​ប្រុស​របស់​គាត់ ។

នៅ​ពេល​ដែល​ក្មេង​នោះ​​ហែល​ទៅ​ដល់​ឪពុក​របស់​វា​ៗ​ ក៏​ហុច​ដៃ​ទៅ ឯ​ក្រពើ​ក៏​មក​ដល់​ជើង​របស់​វា​ល្មម ។ នៅ​ពេល​នោះ​ គេ​ឃើញ​មនុស្ស​ចាស់​ម្នាក់ និង​ក្រពើ​មួយ​កំពុង​ប្រទាញ​ប្រទង់​គ្នា​ទៅ​វិញ​ទៅ​មក​ ដណ្ដើម​យក​ក្មេង​ប្រុស​ម្នាក់ ម្នាក់​កាន់​ដៃ មួយ​ខាំ​ជើង ។

យើង​ដឹង​ហើយ​ថា​ សត្វ​ក្រពើ​​​កម្លាំង​ខ្លាំង​ជាង​មនុស្ស​ពេល​វា​នៅ​ក្នុង​ទឹក ប៉ុន្តែ​ឪពុក​​ឯណា​ទៅ​ដាច់​ចិត្ត​លែង​​កូន​ឲ្យ​ក្រពើ​យក​ទៅ​​ឆី​នោះ ? គាត់​ចាប់​ដៃ​កូន​របស់​គាត់​យ៉ាង​ណែន​មិន​លែង ។ ជា​សំណាង​ល្អ ព្រាន​ព្រៃ​មួយ​​ដែល​បាន​ដើរ​កាត់​ដោយ​ចៃដន្យ​​ ក៏​ចូល​មក​ជួយ​​ ហើយ​​បាញ់​ក្រពើ​នោះ​ងាប់​​ទៅ ។

ឪពុក​ក៏​ស្ទុះស្ទា​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ក្មេង​ប្រុស​នោះ​ក៏​ចេញ​ពី​មន្ទីរពេទ្យ​បាន ។ នៅ​លើ​ជើង​របស់​ក្មេង​នោះ មាន​ស្លាក​ស្នាម​សម្លាក​ពាស​ពេញ ជា​ស្នាម​ចង្កូម​ក្រពើ ឯ​នៅ​លើ​ដៃ​របស់​វា មាន​​ស្នាម​មុត​ឆ្កូត​ នៅ​ពេល​ដែល​ក្រចក​ដៃ​របស់​ឪពុក​វា​​ចាក់​ចូល​យ៉ាង​ជ្រៅ​​ទៅ​ក្នុង​សាច់​របស់​វា ដើម្បី​ជួយ​សង្គ្រោះ​កូន​ប្រុស​ជា​ទី​ស្រលាញ់​របស់​គាត់ ។

នៅ​ពេល​ក្រោយ​មក​ មាន​ប៉ុស្តិ៍​ទូរទស្សន៍​​មក​សម្ភាសន៍​ក្មេង​ប្រុស​នោះ ហើយ​ក៏​​សុំ​មើល​ស្លាក​ស្នាម​នៃ​ការ​វាយ​ប្រហារ​នោះ ។ ក្មេង​ប្រុស​នោះ​ក៏​លាត់​ជើង​ខោ​របស់​ខ្លួន​បង្ហាញ​ស្នាម​ចង្កូម​នោះ ។ ​បន្ទាប់​មក​ ទឹក​មុខ​គេ​ពេញ​ដោយ​មោទកភាព គេ​ក៏​លាត់​ដៃ​អាវ​របស់​គេ​​​បង្ហាញ​ទៅ​អ្នក​យក​ព័ត៌មាន​ហើយ​និយាយ​ថា «​ពូ​​ឃើញ​ទេ ? ខ្ញុំ​​មាន​ស្នាម​សម្លាក​នៅ​លើ​ដៃ​ខ្ញុំ​ដែរ នេះ​មក​ពី​ពុក​ខ្ញុំ​មិន​ព្រម​លែង​ខ្ញុំ» ។

***

ទាំង​អ្នក​ ទាំង​ខ្ញុំ យើង​អាច​ផ្ទៀងផ្ទាត់​ជា​មួយ​នឹង​ក្មេង​តូច​នេះ​បាន ពួក​យើង​ក៏​មាន​ស្លាក​ស្នាម​នោះ​ដែរ ។ ប៉ុន្តែ​មិន​មែន​ដោយ​សារ​ចង្កូម​ក្រពើ​នោះ​ទេ ប៉ុន្តែ​ជា​ស្លាក​ស្នាម​អតីត​កាល ។  ស្លាក​ស្នាម​ទាំង​នោះ​ខ្លះ​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​នោះ​ទេ ប៉ុន្តែ​​វា​បន្សល់​ទុក​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​​មក​ដល់​យើង ។ ស្លាក​ស្នាម​ខ្លះ​ទៀត គឺ​ដោយ​សារ​តែ ឪពុក​ម្ដាយ​ របស់​យើង​មិន​ព្រម​នឹង​​លែង​យើង ។ នៅ​ពេល​ដែល​យើង​កំពុង​តស៊ូ គាត់​គឺ​ជា​អ្នក​ដែល​​នៅ​ចាប់​យើង​​កុំ​ឲ្យ​យើង​ឈប់ ។

យើង​ដឹង​ថា​ឪពុក​ម្ដាយ​របស់​យើង​ស្រលាញ់​ពួក​យើង ពួកគាត់​ចង់​ការពារ​យើង​ និង​ផ្ដល់​ឲ្យ​យើង​នូវ​គ្រប់​វិធី​ដែល​គាត់​អាច​ធ្វើ​បាន ។ ប៉ុន្តែ​ពេល​ខ្លះ​ ពួក​យើង​បែរ​ជា​ដើរ​ទៅ​រក​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ទាំង​មិន​ដឹង​ខ្លួន ស្រះ​ទឹក​ជីវិត​គឺ​ពោរ​ពេញ​ទៅ​ដោយ​ឧបសគ្គ ហើយ​យើង​តែ​ង​តែ​ភ្លេច​ខ្លួន​ថា​ សត្រូវ​តែង​តែ​ចាំ​លប​វាយ​ប្រហារ​យើង នៅ​ពេល​នោះ​ហើយ​ដែល​ការ​ប្រទាញ​ប្រទង់​កើត​ឡើង ហើយ​ប្រសិន​ជា​អ្នក​មាន​ស្លាក​ស្នាម​​នៃ​ក្ដី​ស្រលាញ់​របស់​ពួក​គាត់ ចូរ​ត្រេក​អរ​ទៅ​ចុះ ពីព្រោះ​ពួក​គាត់​មិន​ដែល​លែង ហើយ​ក៏​មិន​ដែល​គិត​ថា​នឹង​លែង​​ដៃ​​ពួក​យើង​ទៅ​ដែរ !

Never judge another person’s scars, because you don’t know how they got them.

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

18 Responses to សម្លាកជីវិត

  1. លី កល្យាណ និយាយថា៖

    Really touched story. It makes one’s thought to be care of their parents. I love that story.

  2. “Never judge another person’s scars, because you don’t know how they got them.”
    ចាំយើងប្រាប់ឱ្យយាយម៉ាប់ ទុកសម្លាក(ស្នាមធ្មេញ) ឱ្យណា ហាហាហាហា😛

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s