អត្ថបទ​សម្រាប់​ កម្មវិធីឡូយ៩


យប់​មិញ​នេះ ខ្ញុំ​បាន​ដាក់​ ពាក្យ​សុំ​ច្បាប់ ពី WordPress រួចហើយ សុំ​សម្រាក​មួយ​ខែ​ដោយ​មិន​សរសេរ​អត្ថបទ​អ្វី​នោះ​ទេ គ្រាន់​តែ​តប​នឹង​ការ​បញ្ចេញ​មតិ ក៏​ដោយ​សារ​សាលា​ចាប់​ផ្ដើម​បើ​ក​ទ្វារ​វិញ​ហើយ ។

ស្រាប់​តែ​ព្រឹក​នេះ ឃើញ​មាន​ប្រកាស​ទៀត ហេហេហេ (មិន​មែន​ក្បត់​បក្ស​នោះ​ទេ) តាម​ពិត​ជា​អត្ថបទ​ចាស់​ៗ​ ដែល​ខ្ញុំ​បាន​សរសេរ​ទុក​យូរ​មក​ហើយ​មិន​បាន​នឹង​ប្រកាស​តែ​ប៉ុណ្ណោះ​ឯង ។ អត្ថបទ​ខាង​ក្រោម​នេះ ខ្ញុំ​បាន​សរសេរ​ឲ្យ​ ក្រុម​ការងារ​កម្មវិធី​ ឡូយ9 តែ​មិន​បាន​ដឹង​ថា​គេ​យក​ទៅ​​ផ្សព្វផ្សាយ​ឬ​យ៉ាង​ណា ក៏​ព្រោះ​តែ​ពេល​នោះ​គេ​មិន​បាន​ប្រាប់​ខ្ញុំ​អំពី​ប្រធាន​បទ​ដែល​ត្រូវ​សរសេរ​ រួច​សរសេរ​ហើយ ទើប​គេ​ប្រាប់​ថា​ចង់​ឲ្យ​សរសេរ​អត្ថបទ​អំពី​ស្នេហា ។

នេះ​ជា​អត្ថបទ​​ដើម​ទាំង​ស្រុង​ ៖

ខ្ញុំ និង ការ​រុករក​ទីក្រុង​ដែល​ខ្ញុំ​កំពុង​រស់​នៅ!

តើ​អ្នក​កំពុង​ធ្វើ​អី្វ ?

ខ្ញុំ​តែង​តែ​ជួប​ប្រទះ​នូវ​សំណួរ​បែប​នេះ​ជា​ញឹកញយ នៅ​រាល់​ពេល​ដែល​មិត្ត​ភក្តិ​នៅ​បណ្ដាញ​សង្គម Facebook ឃើញ​រូប​ភាព​របស់​ខ្ញុំ​តោង​ជញ្ជាំង ដើរ​លុក​ព្រៃ  ដើរ​ចូល​តាម​ច្រក​ឌឿងហែម ឬ​ក៏​ទៅ​តំបន់​ដែល​មាន​សំណង់​ចាស់ៗ ដែល​ត្រូវ​បាន​បោះ​បង់​ចោល និង​មិន​ទទួល​បាន​ការ​ថែរក្សា ដោយ​តែង​តែ​យក​ជាប់​ខ្លួន​នូវ​ម៉ាស៊ីន​ថត​រូប​ប្រៀប​ដូច​ជា​អ្នក​កាសែត ។

នេះ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ សកម្មភាព​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត ។ សកម្មភាព​នេះ​ហៅ​ថា ការរុករក​ទីក្រុង (Urban Exploration/UE) ។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ឆ្ងល់​ថា ទីក្រុង​នេះ​មាន​អ្វី​គួរ​ឲ្យ​រុក​រក? ចម្លើយ​ខ្លី​មួយ​គឺ ប្រាកដ​ជា​មាន!

ខ្ញុំ​ចាប់​ផ្ដើម​ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប​កាល​ពី​ដើម​ឆ្នាំ ២០១១ ហើយ​ខ្ញុំ​បាន​ក្លាយ​ជា​អ្នករុករក​ទីក្រុង (Urban Explore/UE-er) ប្រហែល​ជា​រយៈពេល​៤​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ។ ​ស្ដាប់​មើល​ទៅ​ហាក់​ដូច​ជា​អស្ចារ្យ​ខ្លាំង​ណាស់ អ្នក​រុករក​ទីក្រុង ប្រាកដ​ណាស់​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ចំពោះ​រឿង​នេះ ព្រោះ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ធ្វើ​រឿង​ប្រភេទ​នេះ​នៅ​ទីក្រុង​ភ្នំពេញ ឬ​ប្រទេស​កម្ពុជា​ទាំង​មូល ។ ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​តែ ៣ នាក់​គត់​ដែល​ធ្វើ​រឿង​នេះ នោះ​គឺ​ជា​អ្នក​បង្កើត​ទំព័រ Urbex-Cambodia ដែល​ក្នុង​នោះ​មាន​រូប​ខ្ញុំ និង​បង​ប្រុស​ចំនួន ២​នាក់​ទៀត ។

មាន​សំណួរ​មក​ថា​ខ្ញុំ​ធ្វើ​នេះ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​នឹក​ស្ដាយ​អតីតកាល (តែ​មិន​ឈ្លក់​វង្វេង) ដ៏​រស់​រវើក ទីក្រុង​ដែល​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ល្អ អាគារ​ទំហំ​មិន​ធំ​មិន​តូច​ជា​មួយ​រចនាបថ​យ៉ាង​ឆើត​ឆាយ និង សោយ​ស្ដាយ​ចំពោះ​ការ​ព្រងើយ​កន្តើយ​មិន​ថែរក្សា​របស់​មនុស្ស​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន ហើយ​ព្យាយាម​កែកុន ឬ​បំផ្លាញ​ចោល​តែ​ម្ដង​ក៏​មាន ។ ក៏​មាន​មតិ​របស់​មិត្ត​ភក្តិ​ថា មាន​ប្រយោជន៍​អី​បើ​ដឹង​នោះ បើ​អាគារ​ទាំង​អស់​នោះ​ភាគ​ច្រើន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​អស់​ទៅ​ហើយ ។ វា​មិន​ឥត​ប្រយោជន៍​សោះ​នោះ​ទេ យ៉ាង​ហោច​យើង​អាច​ស្វែង​យល់​ពី​ការ​រៀបចំ​ទី​ក្រុង​នូវ​សម័យ​មុន តួ​យ៉ាង​សម័យ​អាណានិគម និង​សម័យ​សង្គម​រាស្ត្រនិយម ហើយ​ប្រាកដ​ណាស់​ថា​វា​នឹង​ក្លាយ​ជា​ឯកសារ​សំខាន់​នៅ​ពេល​ណា​មួយ​ខាង​មុខ ។

ប្រហែល​ជា​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ចូល​រួម​ការ​សម្ពោធ​ទស្សនាវដ្ដី​របស់​ក្រុម​និស្សិត​មក​ពី ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍ ដែល​មាន​ចំណងជើង​ថា ស្ថាបត្យកម្ម ។ អ្វី​ដែល​ពួក​គេ​បាន​បង្ហាញ​វា​ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ។ ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី មនុស្ស​កាន់​តែ​ច្រើន​និង​យល់​អំពី​តម្លៃ​នៃ​រឿង​នេះ ។

ជា​ឧទាហរណ៍ មនុស្ស​ភាគ​ច្រើន​ស្គាល់ ឧទ្យាន​ជាតិ​ព្រះ​សុរាម្រឹត កុសមៈ គិរីរម្យ តែ​មិន​ច្រើន​ទេ​ដែល​ស្គាល់ បុរីជូឡុង ហើយ​ក៏​មិន​ច្រើន​ដែរ​ដែល​ដឹង​ថា​នៅ​ទី​នោះ​កាល​ពី​មុន​មាន​វិឡា​ដល់​ទៅ ១៣៦ ។

ឧទាហរណ៍​មួយ​ទៀត តើ​អ្នក​ដឹង​ថា​មាន​វិហារ​គ្រិស្តសាសនា​នៅ​សេសសល់​ក្រោយ​សម័យ​សង្គ្រាម​នៅ​ម្ដុំ​កំពង់ផែ និង នៅ​ត្រើយ​ម្ខាង​ទេ ? ប្រាកដ​ណាស់​ថា មិន​ច្រើន​ទេ​ដែល​ដឹង ។ សំណល់​នៃ​វិហារ​គ្រិស្តសាសនា​នេះ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ជនជាតិ​ខ្មែរ​បើក​ទូលាយ​មិន​រើសអើង​ចំពោះ​ការ​អនុវត្តន៍​សាសនា​នានា ។

អនុស្សាវរីយ៍​ក្នុង​ការ​រុករក​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​គឺ នៅ​ពេល​ដែល​ខ្ញុំ​ចំណាយ​ពេល​មួយ​ថ្ងៃ​ធ្វើ​ដំណើរ​ទៅ​ស្វែង​រក​ស្ថានីយ​រថភ្លើង​ដែល​លែង​ដំណើរ​ការ​នៅ​ឯ​ខែត្រ​កំពង់ឆ្នាំង និង​ការ​តោង​ឡើង​ជណ្ដើរ​ពុក​ផុយ​នៃ​អាគារ​ចំណាស់​មួយ​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ។

វា​មើល​ទៅ​ហាក់​ដូច​ជា​ប្រថុយ​ប្រថាន​ខ្លាំង​ណាស់ មាន​ម្ដង​នោះ​ខ្ញុំ​ក៏​មុត​ជើង​នឹង​ដែក​គោល​ដ៏​ច្រេះ​ចាប់​ផង​ដែរ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​រុករក​អតីត​ផ្ទះ​សម្រាប់​បុគ្គលិក​ធនាគារ​ជាតិ​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​យើង​ភាគ​ច្រើន​ស្គាល់​ថា​ជា បុរី១០០ខ្នង ។

ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ថត​រូប​អាគារ​ទាំង​នោះ ព្រោះ​ខ្ញុំ​ដឹង​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​លែង​ឃើញ​វា​ទៀត​ហើយ ។ សម្រាប់​ខ្ញុំ ការរុករក​ទីក្រុង​នេះ​ពិត​ជា​មាន​តម្លៃ វា​មាន​តម្លៃ​នឹង​ប្រថុយ​ប្ដូរ​យក ។

៚៚៚

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក and tagged , , , , , , . Bookmark the permalink.

13 Responses to អត្ថបទ​សម្រាប់​ កម្មវិធីឡូយ៩

  1. លី កល្យាណ និយាយថា៖

    ទោះជាខ្ញុំមិនអាចជួយអ្វីបាន ក៏ខ្ញុំគាំទ្រតាម៉ាប់និងក្រុមការងារជានិច្ច។ អ្វីៗនឹងត្រូវគេបំភ្លេចចោលពេលគេកែប្រែឬផ្លាស់ប្តូរ។
    ខ្ញុំជាអ្នកស្រឡាញ់អនុស្សាវរីយ៍ម្នាក់ដែរ ដូច្នេះគាំទ្រការរក្សាទុករូបភាព (បើមិនអាចរក្សាទុករូបរាង)។

  2. vsthea និយាយថា៖

    រកកន្លែងគេចសិនខ្ញុំ

  3. Ravy Yuth និយាយថា៖

    តាមពិតមិនគួរសុំច្បាប់មួយខែដាច់ផឹងតែម្តងទេ ចុងសប្តាហ៍អីគួរតែប្រកាសមួយលេង ហាហា ធ្លាប់តែប្រកាស់ញឹកដល់ប្រែជាមិនបានប្រកាសសោះ ប្រយ័ត្នស្រ្តេស ស្លាប់ទៅ។
    ព្រោះតាមពិតវាទៅក៏ជាការលំហែរ ដែរតា!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s