ពីធីបូជាសព អ្នកឧកញ៉ា ជុំ ម៉ៅ


ពិធី​បូជា​សព

អ្នក​ឲកញ៉ា ជុំ- ម៉ៅ អនុមន្ត្រី​លេខ ៣ នៅ​ក្រសួង​សេដ្ឋកិច្ច

ហ្លួង​និពន្ធ​មន្ត្រី ញ៉ុក- ថែម

រៀបរៀង

អ្នក​ឲកញ៉ា ជុំ- ម៉ៅ ទទួល​អនិច្ចកម្ម​នៅ​មន្ទីរពេទ្យ​ធំ​ក្រុងភ្នំពេញ ដោយ​រោគ​ចុក​នឹង​ធ្លាក់​ឈាម ក្នុង​ថ្ងៃ​អាទិត្យ ២០ អ៊ូត ១៩៤៤ ក្នុង​កំណត់​អាយុ ៤៤ ឆ្នាំ ។ ពួក​ក្រុម​គ្រួសារ​នឹង​ក្រុម​ញាតិ​បាន​នាំ​សព​អ្នក​ឲកញ៉ា​យក​មក​ដំកល់​ទុក​នៅ​គេហស្ថាន ផ្លូវ​បេហ្ស៊ិក ក្រុងភ្នំពេញ ដើម្បី​ធ្វើ​បុណ្យ​បញ្ជូន​ផល​ទៅ​ដល់​វិញ្ញាណក្ខន្ធ​របស់​សព​តាម​ទំនៀម​ស្រុក ។

ថ្ងៃ ២១ អ៊ូត ឆ្នាំ ១៩៤៤ វេលា​ម៉ោង ១៦ គេ​បាន​រំកិល​សព​ចុះ​ពី​គេហស្ថាន​យក​ទៅ​ដំកល់​លើ​រទេះ​សេះ ដើម្បី​នាំ​ដង្ហែ​ទៅ​បូជា​នៅ​ទី​ប៉ាឆា មុខ​វត្ត​បទុម​វត្តី ក្រុងភ្នំពេញ ។ នៅ​ឱកាស​នោះ មាន​ក្រុម​គ្រួសារ​នឹង​ញាតិ​មិត្រ​ទាំងឡាយ​ជា​ចំនួន​ច្រើន ព្រម​ដោយ​ពួក​អ្នក​រាជការ​តូច- ធំ​ជាច្រើន​ក្រុម​ច្រើន​ក្រសួង ក្នុង​ក្រុង​ភ្នំពេញ សឹង​បាន​នាំ​គ្នា​ទៅ​ជួយ​ហែហម​អម​សព​អ្នក​ឲកញ៉ា​អឹកៈធិក ។ នៅ​តាម​រយៈ​ផ្លូវ​ដែល​ដង្ហែ​សព​ទៅ​នោះ គេ​បាន​និមន្ត​ព្រះ​សង្ឃ​នៅ​វត្ត​នានា​ឲ្យ​មក​រង់ចាំ​បង្សុកូល​សព​ជា​ច្រើន​រយៈ​រៀង ៗ​ទៅ ទម្រាំ​តែ​ទៅ​ដល់​ទីប៉ាឆា មុខ​វត្ត​បទុមវត្តី ។

លុះ​គេ​រំកិល​សព​ដាក់​ដំកល់​ក្នុង​បារ៉ាំយ៉ត​ហើយ ទើប​មាន​ក្រុម​ទាហាន​កង​កិត្តិយស ១ ក្រុម​មក​ឈរ​គំនាប់​ជា​កិត្តិយស​ដល់​សព​អ្នក​ឲកញ៉ា​ដរាប​ដល់​វេលា​បូជា​ភ្លើង​សព ។ មុន​ពេល​បូជា​សព គេ​បាន​និមន្ត​ព្រះ​សង្ឃ​វត្ត​បទុមវត្តី​មក​ឆាក​នឹង​បង្សុកូល​តាម​ទំនៀម ។ នៅ​ឱកាស​នោះ​នៅ​មាន​មន្ត្រី​ធំ- តូច នឹង​​ញាតិ​មិត្ត​ជា​ច្រើន​តាម​ទៅ​ជួយ​ក្នុង​ពិធី​បូជា​សព នឹង​សំដែង​សេចក្ដី​អាឡោះ​អាល័យ​ដល់​សព​អ្នក​ឲកញ៉ា ។ ក្នុង​ចំណោម​ពួក​មន្រ្តី​ទាំងនោះ ខាង​មន្រ្តី​បារាំង មាន​លោក​ នីកូឡាស៍ ជា​នាយក​ក្រសួង​ប្រសាសនោបាយ តំណាង​លោក​ឡឺរេស៊ីដងត៍​ស៊ុប៉េរីយើរ​ជាដើម ។ ខាង​មន្ត្រី​ខ្មែរ មាន​លោក​អ្នក​ឲកញ៉ា​អគ្គមហាសេនា អ៊ឹង- អ៊ី រដ្ឋមន្ត្រី​ក្រសួង​វាំង ព្រះ​ឃ្លាំង​នឹង​ធម្មការ​ជា​ដើម ។ ចំណែក​ខាង​បព្វជិត មាន​ព្រះតេជព្រះគុណ​ព្រះ​ពោធិវ័ង្ស ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់​ជាដើម ។

កាល​ភ្ញៀវ​បាន​មក​សន្និបាត​ជួប​ជុំ​ព្រមព្រៀង​គ្នា​ហើយ ទើប​គេ​ចែក​ផ្កា​ចន្ទន៍​សម្រាប់​ដាក់​បូជា​សព​ដល់​ពួក​ភ្ញៀវ​ទាំងអស់ រួច​ហើយ​ទើប​គេ​អញ្ជើញ​លោក​ នីកូឡាស៍ តំណាង​លោក​ឡឺរេស៊ីដង់ត៍​ស៊ុប៉េរីយេ ឲ្យ​ដុត​ឆ្នួន​ភ្លើង​ជា​ដំបូង ហើយ​ពួក​មន្ត្រី​តូច- ធំ​ព្រម​ដោយ​ពួក​ញាតិ​មិត្ត​ក៏​នាំ​គ្នា​ត្រសង​ទៅ​ដើម្បី​ដាក់​ផ្កា​ចន្ទន៍​បូជា​សព​តាម​ទំនៀម ។

៚៚៚

អំពី​គុណ​សម្បត្តិ​អ្នក​ឲកញ៉ា ជុំ- ម៉ៅ

កាល​នៅ​ធ្វើការ​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ

អ្នក​ឲកញ៉ា ជុំ- ម៉ៅ បាន​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ព្រះ​រាជបណ្ណាល័យ​កម្ពុជា គឺ​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ​សព្វ​ថ្ងៃ​នេះ ក្នុង​ឆ្នាំ ១៩២៦ ក្នុង​សម័យ​ដែល​លោកស្រី ស៊ុយសាន កាប៉ឺឡែស ជា​ចាងហ្វាង​ព្រះ​រាជ​បណ្ឌិត​ព្រះ​រាជ​បណ្ណាល័យ​នោះ លោក​បាន​ខំ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​សិក្សា​អក្សរសាស្ត្រ​ខ្មែរ ត្រាតែ​បាន​ចេះ​ដឹង​ស្ទាត់​ជំនាញ​បាន​ជា​រាជការ​តាំង​ឲ្យ​ធ្វើ​ជា​ក្រុម​ជំនុំ ១ ក្នុង​ពួក​ក្រុម​ជំនុំ​វចនានុក្រម​ខ្មែរ ដែល​ពុទ្ធសាសនបណ្ឌិត្យ​បាន​បោះពុម្ពផ្សាយ​សព្វ​ថ្ងៃ​នេះ ។ កិច្ចការ​ស្នាដៃ​ធំ ៗ ដែល​លោក​បាន​ធ្វើ​ទុក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ដែល​រាជការ​បាន​បោះ​ពុម្ព​ផ្សាយ​រួច​ហើយ ច្រើន​តែ​ជា​រឿង​ដែល​លោក​បាន​ប្រែ​ពី​ភាសា​បារាំងសែស​មក​ជា​ខេមរភាសា គឺ សៀវភៅ អំពី​ព្រះ​ពុទ្ធ​សាសនា ១ ព្រះ​រាជ​ប្រវត្តិ​ព្រះបាទ​ជ័យវរ្ម័នទី៥​ ពីរ រឿង​ឯក​សហ​រាត្រី ឬ មួយ​ពាន់​មួយ​យប់ ១ (តែ​រឿង​ខាង​ក្រោយ​នេះ ប្រែ​មិន​ទាន់​ចប់ ដោយ​ហេតុ​ត្រូវ​ផ្លាស់​ទៅ​ធ្វើការ​នៅ​ទី​ដទៃ​ទៀត) ។

ក្រៅ​អំពី​កិច្ចការ​ស្នាដៃ​ខាង​លើ​នេះ លោក​ត្រូវ​ទទួល​មុខ​ការ​រៀបចំ​ផ្សំ​រឿង​សម្រាប់​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា ដែល​ត្រូវ​បោះពុម្ព​ផ្សាយ​រាល់​ៗ​ខែ ចាប់​តាំង​អំពី​ទស្សនា​នេះ​កកើត​ឡើង​ក្នុង​ឆ្នាំ​ដំបូង (១៩២៦) ។ ហេតុនេះ​ហើយ បាន​ជា​គេ​ឃើញ​មាន​ឈ្មោះ​លោក​ក្រមការ ជុំ- ម៉ៅ ជាប់​នៅ​នឹង​រឿង​ទាំងឡាយ ដែល​មាន​ចុះ​ផ្សាយ​ក្នុង​កម្ពុជ​សុរិយា នៅ​វេលា​ដែល​លោក​ធ្វើការ​ក្នុង​មន្ទីរ​នេះ អស់​រយៈ​វេលា ៨ ឆ្នាំ គឺ តាំង​ពី​ឆ្នាំ ១៩២៦ រហូត​ដល់​ឆ្នាំ ១៩៣៤ ។

មួយ​វិញ​ទៀត កិច្ចការ​ដែល​ត្រូវ​បក​ប្រែ​ភាសា​ក្ដី ការ​ប្រែ​រឿង ឬ​សេចក្ដី​ផ្សេង​ៗ ពី​បារាំង​មក​ជា​ភាសា​ខ្មែរ ដូច​ជា​សុន្ទរកថា​នឹង​បាឋកថា​ជា​ដើម​ក្ដី ទាំងនេះ​ជា​មុខ​ក្រសួង​របស់​អ្នក​ឲកញ៉ា ជុំ- ម៉ៅ ទាំង​អស់ ត្រាតែ​លោក​មាន​កេរ្តិ៍​ឈ្មោះ​យ៉ាង​ល្បីល្បាញ​ក្នុង​វិជ្ជា​មុខ​នេះ ។ ក្រៅ​អំពី​នេះ លោក​ត្រូវ​ទទួល​បង្គាប់​ផ្ទាល់​អំពី​ចាងហ្វាង​ក្រសួង ដើម្បី​បង្គាប់​បញ្ជា​កិច្ចការ​សព្វស៌ពើ ដល់​ពួក​ភ្នាក់ងារ​ក្នុង​ក្រសួង ។ កិច្ចការ​ទាំងពួង​ក៏​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រៀបរយ​ស្រួល មិន​ដែល​មាន​រឿង​នាំ​ឲ្យ​កើត​ថ្នាំងថ្នាក់​អាក់អន់ចិត្ត​ដល់​អ្នក​ធ្វើការ​ក្រោម​បង្គាប់​ដល់​ម្ដង​ឡើយ ។ ពួក​ភ្នាក់ងារ​ក្នុង​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ តែង​មាន​ចិត្ត​ស្រឡាញ់​រាប់អាន​លោក​ដរាប​ដល់​លោក​ចេញ​ចាក​ចោល​មន្ទីរ​នេះ​ទៅ សឹង​មាន​សេចក្ដី​អាឡោះ​អាល័យ​ស្ដាយ​រាល់​ៗ​គ្នា ។

អ្នក​ឲកញ៉ា ជុំ- ម៉ៅ ក្នុង​រយៈ​វេលា​ដែល​លោក​នៅ​ធ្វើការ​ក្នុង​ព្រះ​រាជបណ្ណាល័យ​នោះ ស​ឲ្យ​គេ​ឃើញ​សមត្ថភាព​របស់​លោក​យ៉ាង​ជាក់ច្បាស់ គឺ​ជា​អ្នក​មាន​សតិ​បញ្ញា​នឹង​បដិភាណ​វាងវៃ​ជា​ចំណាប់ អាច​យល់ កិច្ចការ​រាក់ជ្រៅ​ខុស​ត្រូវ​បាន​ដោយ​រួសរាន់ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​កិច្ចការ​ជា​មុខ​ក្រសួង​របស់​ខ្លួន ចំពោះ​វិជ្ជា​ប្រែ​ភាសា ពី​បារាំង​មក​ជា​ខ្មែរ​នោះ ទុក​ជា​ពូកែ​ឯក ១ បាន ព្រោះ​លោក​នេះ​ជា​អ្នក​មាន​ចំណេះ​ចេះ​ដឹង​ល្អ ទាំង​ខាង​ភាសា​ខ្មែរ ទាំង​ខាង​ភាសា​បារាំង ។

ពុទ្ធសាសនបណ្ឌិត្យ​មាន​សេចក្ដី​ស្ដាយ នឹង​អាឡោះ​អាល័យ​ជា​ពន្លឹក​ចំពោះ​មរណភាព​នៃ​មិត្ត​មួយ​នេះ ដែល​ធ្លាប់​ធ្វើការ​មាន​ថ្វីដៃ​មក​ហើយ ។ មិន​គួរ​គប្បី​សោះ​ឡើយ ដែល​មច្ចុរាជ​មក​បង្ខំ​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស មាន​អាយុ​មិន​ទាន់​ដល់​កំណត់​អាយុក្ខ័យ​ត្រឹម ៤៤ ឆ្នាំ​ប៉ុណ្ណោះ នៅ​ក្នុង​វ័យ​កំពុង​ពេញ​កំឡាំង​កាយ កំឡាំង​សតិ​បញ្ញា​ស្មារតី… ឱ​អនិច្ចា ! គួរ​ស្រណោះ គួរ​ឲ្យ​អាឡោះ​អាល័យ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ។

ឱ ! មច្ចុរាជ​អ្នក​ឥត​មេត្តា​ប្រណី ! ឱ ! សង្ខារ​សព្វ​សត្វ​ទាំងឡាយ​មិន​ទៀង​សោះ​ឡើយ ។

៚៚៚

ដក​ស្រង់​ពី ទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំ​ទី​១៦ លេខ​៩ ខែ​សេបតមប្រឹ ឆ្នាំ ១៩៤៤ ទំព័រ ៤៥៩-៤៦៣

អាន​បន្ថែម​ប្រវត្តិ​សង្ខេប​ លោក ជុំ ម៉ៅ​ នៅ​ ទីនេះ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , . Bookmark the permalink.

5 Responses to ពីធីបូជាសព អ្នកឧកញ៉ា ជុំ ម៉ៅ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s