លោក អូគុស្ត ប៉ាវី (១៨៤៧ – ១៩២៥)


អូគុស្ត ប៉ាវី អ្នករុករកជើងទទេ

ដែល​លោក​អូគុស្ត​ប៉ាវី(១) ទទួល​អនិច្ចកម្ម​មួយ​ឆ្នាំ​ទៅ​ហើយ​ក្នុង​អាយុ ៧៨ ឆ្នាំ​នេះ នគរ​បារាំងសែស​ខាត​អ្នក​ដើរ​ស្រុក​ដែល​បំពេញ​កិត្តិយស​ដល់​នគរ​បារាំងសែស ជា​ទី​បំផុត ហើយ​និង​អ្នក​ម្នាក់​ជា​យ៉ាង​សំខាន់​ដែល​បណ្ដាល​ឲ្យ​នគរ​បារាំងសែស មាន​ថ្វីដៃ​ពូកែ​នៅ​ទី​ដែន​ប្រទេស​ទ្វីប​អាស៊ី ។

លោក​ប៉ាវី​ធ្វើ​ការ​មុន​ដំបូង​ដោយ​ខ្សត់​ក្រ​ណាស់ ក្រោយ​នោះ​មក​ដល់​ឆ្នាំ ១៨៦៨ លោក​មក​ដល់​ស្រុក​កូសាំងស៊ីន​ធ្វើ​ជា​ទាហាន​ជើង​ទឹក​ដល់​ឆ្នាំ​ក្រោយ​មក​នោះ លោក​បាន​ចេញ​ពី​ទាហាន​បាន​ពាក់​សក្តិ ១ ចូល​ទៅ​ធ្វើ​រាជការ​ខ្សែលួស(២)​ក្នុង​ស្រុក​នោះ ហើយ​ចេញ​ពី​ខ្សៃលួស​ទៅ​ជួយ​នគរ​បារាំងសែស ច្បាំង​នឹង​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៨៧០ – ១៨៧១ ដល់​លោក​ប៉ាវី​ត្រឡប់​មក​ពី​ចម្បាំង​វិញ គេ​បញ្ជូន​លោក​ទៅ​កំពត (ក្រុង​កម្ពុជា) លោក​ក៏​រៀន​អក្សរ​នឹង​ពង្សាវតារ​ខ្មែរ​នៅ​ស្រុក​នោះ ហើយ​ក្នុង​វេលា​នោះ លោក​គិត​រៀន​សេចក្ដី​ចេះ​ដឹង​របស់​ខ្មែរ​ពី​ដើម ដោយ​នឹង​ដើរ​សង្កេត​មើល​ទី​ដី​ស្រុក​ក្នុង​ឆ្នាំ ១៨៨០ លោក​មីរើ​ដើវីល្លែរ(៣) កាល​ណោះ​ជា​ទី​កូវែរណើរ​ស្រុក​កូសាំងស៊ីន ប្រើ​លោក​ប៉ាវី​ឲ្យ​ទៅ​មើល​ចាត់​ការ​ត​ខ្សែលួស​ពី​ភ្នំពេញ​ទៅ​បាងកក លោក​ប៉ាវី​ក៏​ដើរ​មើល​ស្រុក​គ្រប់​អន្លើ​ជួន​ណា​ជា​មួយ​នឹង​លោក​អេទីអែន​អៃមោនីញេ(៤) ជួន​ណា​តែ​ម្នាក់​លោក ហើយ​សរសេរ​រឿង​អំពើ​ដំណើរ​លោក​ខ្លះ ក្នុង​សៀវភៅ​ដែល​មាន​តម្លៃ ដែល​បោះពុម្ព​ព្រៃនគរ​ក្នុង​កាល​នោះ ហើយ​ដែល​ហៅ​ថា «ដើរ​មើល​និង​ពិនិត្យ​ឲ្យ​បាន​ស្គាល់​ស្រុក​ប្រទេស» (អេក្សកុងស័យុង អេ រើកុណែសសង់សើ)(៥)

គឺ​ក្នុង​ឆ្នាំ ១៨៨០ នោះ​ដែរ ដែល​លោក​ប៉ាវី​បាន​នាំ​ក្មេង​ជំទង់​ខ្មែរ​ខ្លះ​ទៅ​ស្រុក​បារាំង ដើម្បី​នឹង​ឲ្យ​រៀន​សូត្រ សេចក្ដី​នេះ​ហើយ​ដែល​នាំ​បង្កើត​ឲ្យ​មាន​សាលា​ខ្មែរ ដែល​នៅ​ស្រុក​បារាំង​នោះ​ហើយ​ដែល​ជា​ដើម​កំណើត​មួយ របស់​សាលា​ស្រុក​ចំណុះ (អេកុលកូឡូញ៉ាល់)(៦) សព្វ​ថ្ងៃ​នេះ ។

ក្រោយ​បន្ដិច​មក​ទៀត ដល់​លោក​ត្រឡប់​មក​ពី​ស្រុក​បារាំង​វិញ​មក​ធ្វើ​ជា​កុងស៊ុល​រង​នៅ​ស្រុក​ហ្លួងប្រាបាង ហើយ​ដល់​លោក​បាន​មក​កាន់​ស្រុក​នោះ​កាល​ណា មិនមែន​ឥត​សេចក្ដី​លំបាក​ឡើយ ដោយ​ហេតុ​សៀម​បង្កើត​ឲ្យ​មាន​សេចក្ដី​លំបាក​គ្រប់​ជំពូក​ដល់​លោក លោក​ប៉ាវី​ក៏​ចាប់​ធ្វើ​ការ​ខាង​វិជ្ជា​សិល្បសាទ​លោក​ត​ទៅ​ទៀត (ខែហ្វេវីយ៉េ(៧) ១៨៨៧) លោក​ប៉ាវី​មិន​សុខ​ចិត្ត​តែ​នឹង​សម្រេច​ឲ្យ​បាន មនុស្ស​ស្រលាញ់​លោក​ប៉ុណ្ណោះ​ឡើយ តាម​វាចា​របស់​លោក​រៀង​រហូត​ទៅ​ដល់​ឆ្នាំ ១៨៨៩ លោក​ចេះ​តែ​នាំ​ឲ្យ​បាន​សម្រេច ការ​បង្ក្រាប​សត្រូវ​នៅ​ក្នុង​ស្រុក​នោះ​ឯង​ដែល​មាន​បះបោរ ដែល​មាន​ពួក​ហូ​គឺ​សាសន៍​ចិន​គំនិត​អាក្រក់​មាន​ទង់ជ័យ​ក្រហម លឿង ឬ​ខ្មៅ ធ្វើ​កិច្ចការ​ដោយ​នូវ​អំណាច​ខ្លួន វា​ជា​ចៅហ្វាយ​ដែល​ធ្វើ​យ៉ាង​ដូច្នេះ​បាន​ដោយ​សារ​តែ​យួន​នឹង​សៀម​ទាស់​គ្នា អំពី​ទាន​សេចក្ដី​ប្រាថ្នា​ដូច​គ្នា ហើយ​និង​ដោយ​សាសន៍​ទាំង ២ នេះ​ខ្សោយ ក្នុង​វេលា​នោះ​ដែរ ដែល​លោក​ប៉ាវី​រក​សម្គាល់​ស្រុក​ក្នុង​ដែន​លាវ ការ​ដើរ​រក​សម្គាល់​ស្រុក​នេះ លោក​បាន​ធ្វើ​ពី​កាល​ជាន់​មុន​នៅ​ដែន​ខ្មែរ​ហើយ ចាប់​តាំង​ពី​ដើម​ខែ​ហ្វេវីយ៉េ ១៨៩០ ទៅ លោក​ប៉ាវី​ដើរ​មើល​សម្គាល់​ស្រុក​ទេស​ជា​ច្រើន ហើយ​ដែល​នៅ​ជ្រៅៗ ក្នុង​ស្រុក​តាន្នីន(៨) នឹង​ស្រុក​ដែល​នៅ​កណ្ដាល​ជួរ​ភ្នំ​ស្រុក​អណ្ណាម​និង​ទន្លេ​ធំ ដោយ​សារ​តែ​ការ​នេះ​ហើយ​​បាន​ជា​គេ​ស្គាល់​ជា​ម៉ត់ចត់​ថែម​ទៀត​បាន ស្រុក​ដែល​នៅ​ជិត​ក្រុង​កម្ពុជា​ដោយ​សារ​តែ​ការ​នេះ​ដែរ ដេល​បាន​សង្កេត​ពិនិត្យ​មើល​ស្រុក​ជា​ច្រើន​នៅ​ត្រើយ​ខាង​ស្ដាំ​ទន្លេ​មេគង្គ ។

រួច​ពី​នោះ​មក​ទៀត លោក​ប៉ាវី​បាន​តាំង​ជា​ទី​កុងស៊ុល​ហ៊្សេណេរាល់​នៅ​ក្រុង​បាងកក កាល​លោក​នៅ​ក្នុង​ងារ​កុងស៊ុល​នេះ លោក​បាន​តែង​សញ្ញា​ត្រែតេ(៩)​បារាំង និង​សៀម​ចុះ​ថ្ងៃ ៣ អុកតូប(១០) ឆ្នាំ ១៨៩៣ ហើយ​ក្រោយ​មក​ទៀត​ក្នុង​វេលា​ដែល​រាជការ​ចាត់​ការ​ផ្សេងៗ​ឲ្យ​លោក​ធ្វើ លោក​ប៉ាវី​បាន​ធ្វើ​ឲ្យ​សម្រេច​តាម​សញ្ញា​ត្រែតេ​នោះ លោក​ប៉ាវី​បាន​សម្រេច​ដែន​ស្រុក​ចិន និង​ស្រុក​ចំណុះ​បារាំង​ដែល​នៅ​កណ្ដាល​ទន្លេ «ហ្វើរលើវរូស(១១)» និង​ទន្លេ​មេគង្គ​ដែរ លោក​ប៉ាវី​ចាត់​ការ​ទាំង​នេះ បាន​សម្រេច​ទាំង​អស់​ហើយ​លោក​ត្រឡប់​ទៅ​ស្រុក​បាងកក ទាល់​តែ​ដល់​វេលា​ដែល​លោក​ពីសា​រើត្រែត គឺ​ក្នុង​ឆ្នាំ ១៩០៥ ហើយ​លោក​ត្រឡប់​ទៅ​ស្រុក​បារាំង​វិញ ។

ប៉ុន្តែ​លោក​ប៉ាវី​ដែល​ជា​អ្នក​ចេះ ទៅ​ស្គាល់​ស្រុក​ដែល​កាល​ណោះ​គេ​មិន​ទាន់​ស្គាល់​នៅ​ឡើយ ហើយ​ដែល​ចេះ​នាំ​ឲ្យ​គេ​ចំណាំ​ផ្លូវ​ប្រវែង​ជាង ៣០.០០០ គីឡូម៉ែត្រ មិន​មែន​នៅ​ស្ងៀម​ទេ លោក​ចេះ​តែ​ធ្វើ​ឲ្យ​បារាំង​ស្គាល់​ស្រុក​ដែល​លោក​បាន​ទៅ និង​ស្គាល់​អ្នក​ស្រុក​ដែល​លោក​ដឹង​ចិត្ត ហើយ​ដែល​លោក​ស្រលាញ់ ដោយ​លោក​បាន​ឲ្យ​បោះពុម្ព​សៀវភៅ​លោក​ដែល​និយាយ​អំពី​ការ​ដែល​ពួក​លោក​ប៉ាវី​ធ្វើ និង​អំពី​រឿង​ព្រេង​នៅ​ក្នុង​ស្រុក​ខ្មែរ និង​ស្រុក​លាវ ។

អ្នក​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​ស្គាល់​លោក​ប៉ាវី និង​ធ្លាប់​សរសើរ​ចិត្ត​ល្អ​របស់​ផង​លោក កាល​បើ​ដឹង​ថា​លោក​ប៉ាវី​អនិច្ចកម្ម​ហើយ និង​ទប់​កុំ​ឲ្យ​មាន​សេចក្ដី​ទុក្ខ​មិន​បាន ។

*** អត្ថបទ​នេះ​ចុះ​ក្នុង​កម្ពុជសុរិយា ក្បាល​លេខ ១ ឆ្នាំ ១៩២៦-២៧ ។

៚៚៚

(១) Auguste Jean-Marie Pavie (​៣១​ឧសភា​១៨៤៧ – ​០៧​ឧសភា​១៩២៥) ។
(២) រាជការ​ខ្សែលួស = ក្រសួង​ប្រៃសណីយ៍ និង​ទូរលេខ ។
(៣) Charles Le Myre de Vilers (១៧​កុម្ភៈ​១៨៣៣ – ៩​មិនា​១៩១៨) ទេសាភិបាល​ស្រុក​កូសាំងស៊ីន​ពីឆ្នាំ ១៨៧៩ ដល់ ១៨៨២ ។
(៤) Étienne François Aymonier (២៦​កុម្ភៈ​១៨៤៤  – ២១​មករា​១៩២៩) អ្នក​ភាសាវិទ្យា អ្នក​រុករក និង មន្ត្រី​អាណានិគម​សាសន៍​បារាំង ។
(៥) (មិន​ដឹង​នាម​អ្វី​ប្រាកដ ស្វែង​រក​មិន​ទាន់​ឃើញ) et Reconnaissance ។
(៦) École Coloniale = សាលា​អាណានិគម ។
(៧) Février = ខែ​កុម្ភៈ ។
(៨) ប្រហែល​ជា​ស្រុក​តុងកឹង ។
(៩) Traité (Fr.) : Treaty (Eng.) = សិទ្ធិសញ្ញា ។
(១០) Octobre = ខែ​តុលា ។
(១១) Fleuve Rouge = ទន្ល​ក្រហម​នៅ​ដែន​ដី​សណ្ត​ស្រុក​តុងកឹង វៀតណាម​ខាង​ជើង ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ, អ្នករុករក and tagged , , , , , , , . Bookmark the permalink.

4 Responses to លោក អូគុស្ត ប៉ាវី (១៨៤៧ – ១៩២៥)

  1. លី កល្យាណ និយាយថា៖

    ពិសេសមែនទែនតាម៉ាប់។ ពាក្យដែលប្រើនេះ គឺរបៀបមុនសម័យសង្គមរាស្រ្តនិយមទៅទៀត។
    សុំជូនមេដាយពីរ!!!

    • តា ម៉ាប់ និយាយថា៖

      ពិសេសអី​ទេបងកល្យាណ​អើយ ចម្លង​ពី​គេ​ដែរណឹង តែ​វា​ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ហ្វេសប៊ុក I am somehow conservationist, when I compare temporary Khmer writing method to that in the 18th, 19th and 20th, I feel like to use the old writing method. The word usage is flowing…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s