តើ តុក តុក នឹង​បាត់បង់​ដូច ស៊ីក្លូ​ ដែល​ឬ​យ៉ាង​ណា ?


ដក​ស្រង់​ចេញ​ពី ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បច្ចុប្បន្ន​មាន​រថយន្ត​តាក់ស៊ី​តែ ១៤០​គ្រឿង​ប៉ុណ្ណោះ ដែល​បើកបរ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បម្រើ​ភ្ញៀវ​មក​ពី​គ្រប់​ទីកន្លែង ដែល​កំពុង​មាន​កំណើន​ជា​លំដាប់។

ថ្វី​បើ​យ៉ាង​នេះ​ក្តី គិត​ត្រឹម​ចុង​ខែ​មិថុនា ក្រុម​ហ៊ុន​តាក់ស៊ី​ធំ​ពីរ​នៅ​កម្ពុជា​នឹង​បង្កើន​ចំនួន​រថយន្ត​តាក់ស៊ី​ទាំង​ពណ៌​ស ទាំង​លឿង ឲ្យ​បាន​ជាង ២០០​គ្រឿង សម្រាប់​រត់​ទៅ​មក​តាម​ដង​វិថី​ធំ​ៗ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ចរន្ត​នេះ​បាន​ច្រាន​ចោល​ទំនៀម​ទម្លាប់​ដ៏​យូរ​លុង​របស់​កម្ពុជា ទាក់​ទង​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ ដូចជា រ៉ឺម៉ក​កង់​បី ម៉ូតូ​ឌុប និង​ស៊ីក្លូ​ជា​ដើម។ ចំនួន​រថយន្ត​តាក់​ស៊ី អាច​នឹង​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈពេល​បី​ឆ្នាំ។

កាល​ពី​ម្សិលមិញ លោក គង់ សារ៉ាត អ្នក​គ្រប់​គ្រង​ប្រចាំ​ក្រុម​ហ៊ុន Choice Meter Taxi បាន​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ជំរុញ​មិន​ឲ្យ​មាន​រ៉ឺម៉ក​កង់​បីរត់​នៅ​ក្នុង​ក្រុង​ទៀត​ឡើយ»។ លោក​បន្ថែម​ទៀត​ថា​៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត អាជីវកម្ម និង​ការ​វិនិយោគ នឹង​បន្ត​កើន​ឡើង​នៅ​ទី​នេះ។ នេះ​ជា​ការ​ល្អ​សម្រាប់​ការ​បើក​អាជីវកម្ម​តាក់​ស៊ី។ ពាណិជ្ជករ ចូល​ចិត្ត​ជិះ​រថយន្ត​តាក់​ស៊ី»។ លោក គង់ សារ៉េត ឲ្យ​ដឹង​ថា Choice ដែល​ជា​ក្រុម​ហ៊ុន​កូរ៉េ មាន​រថយន្ត​៧០​គ្រឿង។ ក្រុម​ហ៊ុន​មាន​គម្រោង​បន្ថែម​រថយន្ត​តាក់​ស៊ី​ប្រហែល​៣០​ភាគរយ​នៅ​ខែ ក្រោយ ហើយ​នឹង​​បង្កើន​ដល់​២០០​គ្រឿង នៅ​ត្រឹម​ឆ្នាំ​២០១៥​។

កាល​ពី៤​ឆ្នាំ​មុន ភ្ញៀវ​មក​ដល់​កម្ពុជា បាន​ជួល​រថយន្ត​ឯកជន ឬ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត​។ Global Meter Taxi ​បើក​អាជីវកម្ម​ កាល​ពី​ឆ្នាំ​២០០៨ ហើយ មួយ​ឆ្នាំ​ក្រោយ​មក Choice ក៏​បាន​បើក​នៅ​កម្ពុជា​ដែរ​។​

លោក Andre Lim អគ្គនាយក​ និង​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​របស់ Global ដែល​ជា​ក្រុមហ៊ុន​ចិន បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក នៅ​ខែ​នេះ​នឹង​បន្ថែម​រថយន្ត ២៨​គ្រឿង​បន្ថែម​ទៀត ក្រៅ​ពី​រថយន្ត​ចាស់ ៧២​គ្រឿង។

នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាង​មុខ​ទៀត លោក​សង្ឃឹម​ថា​នឹង​បន្ថែម​១៧​គ្រឿង​ទៀត។

លោក​បាន​ឲ្យ​ដឹង​ថា ម៉ូតូ និង​តុកតុក កាន់​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន បើ​ប្រៀប​ធៀប​​នឹង​រថយន្ត​តាក់​ស៊ី។

លោក Andre Lim បាន​លើក​ឡើង​ថា៖ «​ពេល​នេះ តម្លៃ​រ៉ឺម៉ក មិន​ថោក​ទេ។ ដូច្នេះ​ពេល​អនាគត វា​នឹង​ពិបាក​សម្រាប់​ពួក​គេ ក្នុង​ការ​ស្វែងរក​អតិថិជន។ មនុស្ស​កាន់​តែ​ច្រើន​នឹង​ជិះ​តាក់ស៊ី​»​។

លោក ផូ សំណាង អាយុ ២៧​ឆ្នាំ​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ២​ឆ្នាំ ដែល​លោក​បាន​ធ្វើ​ជា​អ្នក​បើកបរ​តាក់ស៊ី អតិថិជន មាន​ចាប់​ពី​អាជីវករ រហូត​ដល់​ប្រជាជន​កម្ពុជា ដែល​មាន​ជា​មធ្យម ធ្វើ​ដំណើរ​ទៅ​មក​ព្រលាន​យន្ត​ហោះ​។

លោក​លើក​ឡើង​ថា៖ «ប្រជាជន​គិត​ថា ថ្លៃ​តាក់ស៊ី មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ការ​ពិត​គឺ​ថ្លៃ​ប្រហាក់​ប្រហែល​នឹង​តុកតុក​ដែរ​»។

តម្លៃ​របស់ Global ចាប់​ផ្តើម​ពី ១​ដុល្លារ ហើយ​បន្ទាប់​ពី​១​គីឡូម៉ែត្រ​ទៅ​នឹង​កិត​ត្រឹម​តែ​ ០,៦៩​ដុល្លារ។ ការ​ជិះ​តុកតុក​ថ្លៃ​ដល់​ ២​ដុល្លារ ទោះ​បី​ជា​មិន​មាន​ស្តង់ដារ​វាស់​វែង​ចម្ងាយ​ត្រឹមត្រូវ​ក៏​ដោយ​។

អ្នក​បើក​តុកតុក នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ បាន​បង្ហាញ​ទស្សន​វិស័យ​មិន​ច្បាស់​លាស់​ទាក់ទង​នឹង​អនាគត​របស់​ពួក​ គេក្នុង​ការ​រត់​រ៉ឺម៉ក​កង់​បី​នេះ​ទេ។ កំណើន​រថយន្ត​តាក់ស៊ី បាន​ប៉ះពាល់​ចំណូល​អ្នក​រត់​រ៉ឺម៉ក​កង់បី ពិសេស​ក្នុង​អំឡុង​រដូវ​ក្តៅ ដែល​មាន​សីតុណ្ហភាព​កើន​ឡើង​ដល់​៣៥​អង្សា ដូច​កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោក ផាក ផានិត អាយុ ៣១​ឆ្នាំ ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី ដែល​បាន​ចត​នៅ​ក្បែរ​កាស៊ីណូ​ណាហ្គា កាល​ពី​ម្សិល​មិញ បាន​ឲ្យ​ដឹង​ថា៖ «​ពេល​នេះ ជា​រដូវ​ក្តៅ​ខ្លាំង ហើ​យ​ប្រជាជន​បាន​ប្តូរ​មក​ជិះ​តាក់​ស៊ី ដែល​មាន​ម៉ាស៊ីន​ត្រជាក់​»។

លោក​បន្ត​ថា អ្នក​បើក​រ៉ឺម៉កកង់បី មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។

លោក​លើក​ឡើង​ថា ថ្លៃ​សាំង នៅ​តែ​បន្ត​ឡើង​ថ្លៃ រហូត​ធ្វើ​ឲ្យ​គាត់ បង្ខំ​ចិត្ត​ដំឡើង​ថ្លៃ ហើយ​លោក​បាន​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា រដ្ឋាភិបាល មាន​គម្រោង​មិន​ឲ្យ​មាន​រ៉ឺម៉ក​នៅ​តាម​ដង​ផ្លូវ​ចង្អៀត»។

លោក យិត ប៊ុណ្ណា អនុ​រដ្ឋលេខា​ធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​ក្នុង​នាម​ជា​បុគ្គល​ផ្ទាល់​ខ្លួន​ថា ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​បរិស្ថាន ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​រថយន្ត​តាក់ស៊ី​កាន់​តែ​ច្រើន​ឡើង។

លោក​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា តាក់​ស៊ី និង​រថយន្ត​ក្រុង នឹង​ជំនួស​ឲ្យ​រ៉ឺម៉ក​កង់​បី។ ទី​ក្រុង​ភ្នំពេញ មិន​មាន​ប្រព័ន្ធ​ធ្វើ​ដំណើរ​ជា​សាធារណៈ​ឡើយ​»៕ CS

តើ​អនាគត​របស់​ តុក តុក នឹង​ទៅ​ជា​យ៉ាង​​ណា? តើ​វា​នឹង​ក្លាយ​ជា​វត្ថុ​មួយ​ប្រវត្តិសាស្ត្រ​មួយ​ដូច​ស៊ីក្លូ​​ដែល​ឬ​យ៉ាង​ណា ?

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , . Bookmark the permalink.

12 Responses to តើ តុក តុក នឹង​បាត់បង់​ដូច ស៊ីក្លូ​ ដែល​ឬ​យ៉ាង​ណា ?

  1. បញ្ញាសោភណោ និយាយថា៖

    អាត្មាគិតថាមិនអាចបាត់បានទេ, តុកតុក គឺជាមធ្យោបាយធ្វើដំណើរចម្ងាយផ្លូវជិតៗ
    ល្មម ឯតាក់ស៊ីសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ។ ពិតមែន ក្នុងអនាគតតាក់ស៊ីនឹងកើនចំនួន
    ច្រើនឡើងៗ តែដែលសំខាន់គឺនៅលើតម្លៃការធ្វើដំណើរ ឧទាហរណ៍ដូចនៅប្រទេស
    ថៃជាដើម មានតាក់ស៊ីរាប់លានគ្រឿងនៅទីក្រុងបាងកក តែក៏នៅមានតុកតុកនិង
    មូតូឌុបដដែលហ្នឹង ព្រោះតាក់ស៊ីគេគិតតាមមិតទើឲ្យតែចុចគឺមួយដុល្លាហើយទោះធ្វើ
    ដំណើត្រឹមបួនប្រាំរយម៉ែត្រក្តី។ តែអ្វីដែលសំខាន់នោះគឺតុកតុកត្រូវមានតម្លៃថោកល្មម
    គឺថោកជាងតាក់ស៊ីនោះឯង បើថ្លៃជាងតាក់ស៊ីក្នុងចម្ងាយផ្លូវមួយគឺឡូម៉ែត្រគ្មាននរណា
    គេជិះទេមុខតែគេជិះតាក់ស៊ីជំនួសវិញហើយ😀

    • តា ម៉ាប់ និយាយថា៖

      ទេ តេជគុណ នេះគឺតាក់ស៊ីរត់ក្នុង​ក្រុង​ដែរ ដូច្នេះអតិថិជនគេគឺ​ក្រុម​មនុស្ស​តែ​មួយ ។ តាក់ស៊ីត្រជាក់ជាង ហើយតម្លៃប្រហាក់ប្រហែលនឹង តុកតុក ហើយមានសុវត្ថិភាព​ជាង​ទៀតផង ។

  2. បញ្ញាសោភណោ និយាយថា៖

    បើដូច្នោះច្បាស់ជាគេជិះតាក់ស៊ីហើយ😀 ចំណែកដាច់ពូជតុកតុករឺនៅមាន
    ប្រហែលអាស្រ័យលើក្រសួងសាធារណកានិងដឹកជញ្ជូនហើយ ថាតើគេចង់
    ឲ្យនៅប្រើរឺត្រូវ​កំចាត់ចោល តែអាត្មាគិតថាជួនកាលអ្នកទេសចរណ៍គេចូល
    ចិត្តជិះតុកតុកព្រោះវាងាយស្រួលក្នុងការមើលទេសភាពក្នុងក្រុងនោះអី😀

    • តា ម៉ាប់ និយាយថា៖

      កូណាយល់អ៊ីចឹង​ដែរ ដូចស៊ីក្លូអ៊ីចឹង​ឥឡូវ​គេ​មិន​ប្រើ​វា​ទំលំទូលាយ​ដូច​មុន​ទេ តែភ្ញៀវទេសចរណ៍​ចូល​ចិត្ត​ជិះវា ព្រោះ​វា​មាន​តែ​មួយ​នៅ​អាស៊ីអាគ្នេយ៍ (មិនដឹង​ច្បាស់​ថា​មាន​តែ​មួយ​ឬ​យ៉ាង​ណា) ។

      ក្រសួង​បែប​មិន​ត្រូវ​ចិត្ត​ទេ ព្រោះតុកតុក ធ្វើឲ្យ​ឡាន​ឯកឧត្តម​ស្ទះ​ខ្លាំង​ណាស់ ។

  3. លី កល្យាណ និយាយថា៖

    ប្រហែលជាបាត់តែក្នុងទីក្រុងទេ ឯជនបទគេនិយមណាស់។

  4. vsthea និយាយថា៖

    ថ្លៃដូចគ្នាមែន​តែរឺម៉កកង់បីជិះ​បានគ្នាច្រើនជាងតាក់ស៊ី ។

  5. Ravy Yuth និយាយថា៖

    អាតាក់ស៊ីវ៉ែន ដាក់​បាន ៧ នាក់ណុងយ៉ាប់ជាងអាតាក់ស៊ីធម្មតា (ដូចតែជិះតុក តុកដែរ)!! អាឡានណុង(តាក់ស៊ីវ៉ែន) ថ្លៃឈ្នួលថោកជាង អាតាក់ស៊ីធម្មតា។ រាងឡានដូចឡូយដែរ តែដល់ជិះដូចហែវ ព្រោះឡានគេចង់កង្ហារតូចមួយ តេងណោងៗៗ បក់ចំមុខយើង ឡើងប៉ះសក់ជ្រោង (អត់មានម៉ាសីនស្រជាក់ទេ)។

    P.S: តាន់ស៊ីវ៉ែនណុងមានបីបាំង (អាបាំងក្រោយមើលមិនយល់ទេ សុទ្ធតែដី)!!!

    • តា ម៉ាប់ និយាយថា៖

      ឥត​ដែល​ជិះទេ ព្រោះ​ពួកអ្នកបើក​ភាគ​ច្រើន​វា​ឈ្លើយ lol… បាន​តែ​ឃើញ ម៉្យាង​ទៀត​ មនុស្ស​មិន​ត្រូវ​ធាតុ​ជា​មួ​យ​ឡាន ៕

  6. Khin Vanndy និយាយថា៖

    តើស៊ីក្លូមួយថ្លៃប៉ុន្មានដែរ? បើមានអ្នកណាលក់ ឬដឹងថាទិញនៅឯណា សូមជួយប្រាប់ខ្ញុំផង ព្រោះចង់ទិញសម្រាប់ជូនកូនទៅសាលារៀន។ សូមជួយផ្ញើសារ ឬទូរស័ព្ទ មកខ្ញុំតាមរយៈលេខ ០១៦ ៣៤៣ ៥៤៥។ សូមអរគុណ!

    • តា ម៉ាប់ និយាយថា៖

      អរគុណលោក ខ្ញុំគិត​ថា​ស៊ីក្លូមិនមាន​តម្លៃថ្លៃនោះទេ បើ​យើង​គិត​ជា​រឿង​គ្រឿង​ជំនិះ​នោះ ខ្ញុំ​គិត​ថា​ថ្លៃ​បំផុត ២០០ ដុល្លារ​អាច​ធូរ​ជាង​ណឹង​ក៏​មិនដឹង ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s