សញ្ញាណ​នៃ​អ្នក​ប្រាជ្ញពិត


លក្ខណៈ​អ្នក​ប្រាជ្ញ​ បើ​និយាយ​ដោយ​គតិ​ធម៌​​វិញ​នោះ​ លោក​ចែក​បុគ្គល​ជា​ ២​ជំពូក​ គឺ​ព្រះ​​អរិយ​បុគ្គល​ទាំង​ឡាយ​ មាន​អង្គ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ជា​ដើម​ ហៅ​ថា​អ្នក​ប្រាជ្ញ​ប្រសើរ​វិសេស​លើស​លោក​ ជំពូក​១​ ។ កល្យាណ​បុថុជ្ជន គឺ​បុថុជ្ជន​ដែល​មាន​គុណ គឺ​បណ្ឌិត​​គប្បី​រាប់​នោះ ហៅ​ថា​អ្នក​ប្រាជ្ញ​ប្រពៃ​ជំពូក​ ១  ។

ឯ​អ្នក​ប្រាជ្ញ​ចំណែក​ខាង​ព្រះ​អរិយ​បុគ្គល​ក្នុង​ទីនេះ​ យើង​មិន​សំដែង​ឲ្យ​​ពិសា្តរ​ទេ ព្រោះ​មាន​នៅ​ក្នុង​គតិ​ធម៌​ទៅ​ហើយ​ ក្នុង​ប៉ែក​នេះ​ សំដែង​តែ​ពួក​អ្នក​ប្រាជ្ញ​ ចំណែក​ខាង​​កល្យាណ​បុថុជ្ជន​ប៉ុណ្ណោះ ព្រោះ​ជា​គតិ​លោក ។

អរិយ​ទ្រព្យ​​ ៧​ប្រការ

ស . សី . ហិ . ឳ . សុ . ចា . ប . អរិយទ្រព្យ​​ ៧​ប្រការ​​ គឺ ៖

  • សទ្ធា សេចក្តី​ជឿ​កម្ម​ និង​ផល​នៃ​កម្ម​ក្នុង​ព្រះ​ពុទ្ធ​សាសនា ១ ។
  • សិល ៥, ៨, និង ១០ ដ៏​បរិសុទ្ធ​ ១ ។
  • អៀន​ខ្មាស​អំពើ​អាក្រក់ ១ ។
  • សេចក្តី​ភ័យ​ខ្លាច​បាប ១ ។
  • កិរិយា​ត្រង​ត្រាប់​នូវ​ធម៌ ១ ។
  • សេចក្តី​បរិច្ចាគ​ទាន ឬ​ លះ​បង់​ចោល​នូវ​អំពើ​អាក្រក់​ ១ ។
  • បញ្ញា​ជា​សម្មាទិដ្ឋិ​ ១ ។

ធម៌​ ៧​ប្រការ​នេះ​ មាន​នៅ​លើ​បុថុជ្ជន​ណា​ បុថុ​ជ្ជន​នោះ​ឯង​ហៅ​ថា កល្យាណ​បុថុជ្ជន​ គឺ​រាប់​ជា​អ្នក​ប្រាជ្ញ​បាន ។

សប្បុរិសធម៌​ទាំង ៧ ប្រការ

  • ធម្មញ្ញុតា ភាវៈ​ជា​អ្នក​ស្គាល់​នូវ​ហេតុ​នៃ​ផល មាន​ស្គាល់​ថា​ របស់​នេះ​ជា​ហេតុ​ជា​ទីតាំង​នៃ​ផល​នេះ នេះ​ជា​ផល​បង្កើត​មក​អំពី​ហេតុ​នេះ​ជា​ដើម ។
  • អត្ថញ្ញុតា ភាវៈ​ជា​អ្នក​ស្គាល់​នូវ​ផល​នៃ​ហេតុ​ មាន​ស្គាល់​ថា សេចក្តី​សុខ​នេះ​ ជា​ផល​​នៃ​ហេតុ​នេះ​ សេចក្តី​ទុក្ខ​នេះ ជា​ផល​នៃ​ហេតុ​នេះ​ជា​ដើម ។
  • អត្តញ្ញុតា ភាវៈ​ជា​អ្នក​ដឹង​ខ្លួន​ថា យើង​មាន​ជាតិ​គោត្រ​ ត្រកូល​យ៉ាង​នេះ សក្តិយស​សម្បត្តិ​បរិវារ​ប៉ុណ្ណេះ ចំណេះ​វិជ្ជា​នូវ​ធម៌​ត្រឹម​ប៉ុណ្ណេះ ហើ​យ​ត្រូវ​ប្រព្រឹត្ត​ខ្លួន​ ឲ្យ​សម​ស្រប​ដល់​ឋានៈ​ដែល​មាន​នៅ​យ៉ាង​ម្តេច ៗ​ នោះ ។
  • មត្តញ្ញុតា ទំនង​ជា​អ្នក​ស្គាល់​ប្រមាណ​ក្នុង​​ការ​ស្វែង​រក​ចិញ្ចឹម​ជីវិត​ ដោយ​ផ្លូវ​សម្មាជីវៈ និង​ប្រមាណ​ក្នុង​ការ​បរិភោគ​ល្មម​សម​គួរ ។
  • កាល​ញ្ញុតា បែប​ជា​អ្នក​​ស្គាល់​កាល​វេលា​ដ៏​សម​គួរ​ក្នុង​ពេល​ប្រកប​កិច្ច​នានា ។
  • បរិ​សញ្ញុតា របៀប​ជា​អ្នក​ស្គាល់​ប្រជុំ​ជន និង​កិរិយា​ដែល​ត្រូវ​ប្រព្រឹត្ត​​ក្នុង​ទី​ប្រជុំជន​នានា​ថា ពួក​នោះ​កាល​ចូល​ទៅ​រក​ តោង​ធ្វើ​កិរិយា​យ៉ាង​នេះ ត្រូវ​និយាយ​យ៉ាង​នេះ​ជា​ដើម ។
  • បុគ្គល​បអាបរញ្ញុតា សន្តាន​ជា​អ្នក​ស្គាល់​នូវ​អាធ្យាស្រ័យ​​នៃ​បុគ្គល​ថា បុគ្គល​នេះ​ល្អ គួរ​គប់​ជា​មិត្រ បុគ្គល​នេះ​ជា​មនុស្ស​អាក្រក់​ មិន​គួរ​គប់​យក​ជា​មិត្រ​ជា​ដើម ។

​សប្បុរិសធម៌​ទាំង​ ៧ នេះ ​មាន​នៅ​លើ​​បុគ្គល​ណា​ បុគ្គល​នោះ​ ហៅ​ថា​ជា​អ្នក​ប្រាជ្ញ​ពិត​ប្រាកដ​ក្នុង​លោក​នេះ ។

មួយ​ទៀត​ សភាវៈ​ធម៌​ដែល​នាំ​ឲ្យ​ប្រាស​ចាក​​ក្តី​ចាក់​ដោត​គេ​ឲ្យ​ឈឺ​ចាប់​ផ្សេងៗ សេចក្តី​មេត្តា​ករុណាសត្វ នាំ​សត្វ​ឲ្យ​រួច​ចាក​ទុក្ខ​ទោស​បាន សេចក្តី​បរិសុទ្ធ​ចិត្ត​នៅ​ក្នុង​សត្ត​និ​កាយ សេចក្តី​ទូន្មាន​សត្វ​ឲ្យ​ដើរ​ផ្លូវ​ល្អ​ គឺ​ញ៉ាំង​ពពួក​សត្វ​ឲ្យ​ស្ថិត​នៅ​ក្នុង​កុសល​ធម៌​​បាន​ សភាវៈ​ធម៌​ទាំង​អស់​នេះ​ ជា​របស់​នៃ​អ្នក​ប្រាជ្ញ​គួរ​ចូល​ចិត្ត​ចុះ ។

អ្នក​ប្រាជ្ញ​នោះ លោក​ក៏​រាប់​យក​ដួង​បញ្ញា​ចេតសិក​ដែល​ពិចារ​ណា​ដឹង​ទូទៅ ហើយ​ប្រព្រឹត្ត​ទៅ​តាម​កាល​ដែល​គួរ​ធ្វើ​បាន អ្នក​ប្រាជ្ញ​អាច​ដឹង​ហេតុ​ផល​ពិត​មិន​ពិត​ជា​ដើម​ ព្រោះ​លោក​សំគាល់​យក​អាការៈ​ដែល​សំដែង​ចេញ​មក​នោះ មក​ពិចារណា​ត្រិះរិះ​មើល​ ឯ​អា​ការៈ​នោះ​ឯង​ អាច​សំដែង​ប្រាប់​មក​ឲ្យ​លោក​ជ្រាបបាន ។

មួយ​ទៀត​ អ្នក​ប្រាជ្ញ​នោះ​ បើ​និយាយ​ដោយ​យ៉ាង​​ខ្លី គឺ​លោក​ស្រដី​ថា​ បុគ្គល​ឯ​ណា​ទទួល​ខ្លួន​ ឬ​សំគាល់​ខ្លួន​ជា​អ្នក​ល្ងង់​នៅ​ឡើយ បុគ្គល​នោះ​ឯង​ ហៅ​ថា​​ជា​អ្នក​ប្រាជ្ញ​ទៅ​វិញ ដូ​ច​មាន​បទ​បាលីថា ៖

ពាលោ មញ្ញតិ ពាល្យំ បណ្ឌិតោ វបិ តេន សោ
ពាលោវ បណ្ធិត​មានិ សវេ ពាលោតិ​ វុច្ចតិ ។

ជន​​ឯ​ណា​ដឹង​ខ្លួន​ជា​ពាល​ពិត
ជននោះហៅបណ្ឌិតតាមនយោគ
ជន​ឯណា​តាំង​តួ​ថា​ប្រាជ្ញ​ព្រោក​
ជន​នោះ​លោក​ថា​ជា​ពាល​ធំ ។

ដកស្រង់៖ គតិលោក ​ភាគ ២ ទំព័រ ៦៣ – ៦៨
(ព.ស. ២៥០៧) ឧកញ៉ាសុត្តន្ត​ប្រីយជា ឥន្ទ រៀបរៀង

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in គតិលោក and tagged , , , , . Bookmark the permalink.

6 Responses to សញ្ញាណ​នៃ​អ្នក​ប្រាជ្ញពិត

  1. រៀនផឹកទឹកតែ និយាយថា៖

    គតិលោក ! មិនមែន គិតលោក ទេ សំឡាញ់ចិត្ដអូន !!!

    • តា ម៉ាប់ និយាយថា៖

      អរគុណហើយ អូនសំឡាញ់​ចិត្ត​បង ចាំ​បង​កែ ហេហេហេ

    • រៀនផឹកទឹកតែ និយាយថា៖

      ថាម៉េច ? ប្រជុំជាតក ???

      មានសៀវភៅលក់ នៅក្នុងស្រុកខ្មែរ ដែរមែនទេ ?
      បើមានជួយប្រាប់ផង ចាំខ្ញុំនឹងជម្រាបលោកប៉ា
      ឲ្យទីញផ្ញើ ..

      កាលមុន ទិញបានសៀវភៅច្បាប់កំណាព្យ ៣ ឬ៤ ក្បាល
      ដែរ …. ហើយនឹងសៀវភៅ សាមកុក គ្រប់វគ្គ យកមក
      មើល ! តែមើលមិនទាន់ចប់មួយក្បាលផង ចំពោះរឿង
      សាមកុក នោះ ! តែ ឲ្យតែរឿង ជាតក ខ្ញុំចូលចិត្ដណាស់
      ជួយប្រាប់ឈ្មោះសៀវភៅ ម្ដងទៀតផងណា សំឡាញ់
      ចិត្ដអូន …

      ចាំអូន ឲ្យមួយ Kiss from Korea ..

    • តា ម៉ាប់ និយាយថា៖

      សៀវភៅ​នេះ នៅ​ក្រប​មុខ​សរសេរ​ថា ប្រជុំ​និទាន​ជាតក​ (លំនាំ​រឿង​ទេសនា) សម្រាប់​ឧបត្ថម្ភ​ការ​សិក្សា​ធម្ម​វិន័យ​ជា​ដើម​ ។ ផ្សាយ​ចេញ​ពី​បណ្ណាគារ​ត្រៃ​រតន៍​ ។ សិទ្ធត្ថបណ្ឌិត ស៊ីវ សុង រៀប​រៀង​ជា​មួយ​ ព្រះ​មហា សំ សុខ សាស្ត្រា​ចារ្យ​ភាសា​បាលី​វត្ត​លង្កា បោះ​ពុម្ព​ឆ្នាំ ១៩៦២ ។

      កាល​ដែល​នឹក​ភ្នក​ទិញ​សៀវភៅ​នេះ គឺ ឃើញ​លោក​ គឹម​ ចាន់ណា មាន​សៀវភៅ​និទាន​ជាតក​ដែរ តែ​មិន​ច្រើន​ដូច​នេះទេ ។ ដោយ​សៀវភៅ​ខាង​ណុង​ថ្លៃពេក ក៏​សួរ​អ្នក​លក់ៗ ក៏​យក​បង្ហាញ​ក៏​ទិញ​ភ្លាម​ទៅ តម្លៃ ៥ ដុល្លារ យូ អេស អេ ។

      សាមកុក និង សហរាត្រី អត់​ទាន់​មាន​ទាន​បច្ច័យ​ទិញ​ទេ ហេហេហេ ។

  2. រៀនផឹកទឹកតែ និយាយថា៖

    សម្មាទិដ្ឋិ ! មិនមែនសម្មទិដ្ឋិទេ !

    ..អេហ៏ ! សំឡាញ់ខ្ញុំឥលូវនេះ ចេះរកធម្មរកអាថ៌ដែរហើយតើ !
    ចឹង ខ្ញុំ នឹងមិនភ័យ អត់ដៃគូ សំណេះសំណាលគ្នា អំពីរឿងធម្ម
    ពេលខ្ញុំទៅសាងភ្នួសនោះទេ ! ហេហេហេ !

    • តា ម៉ាប់ និយាយថា៖

      កំហុស​អចេត​នាទេ សំលាញ់ ! តាម​ពិត​ទៅ គិត​ថា​មិនទេ​ តែ​អាន​ទៅ​ចេះ​តែ​ជក់ ទោះ​ជា​ត្រងត្រាប់​ស្តាប់​ឲ្យ​យល់​មិន​សូវ​បាន​ក្តី ។ ទៅ​ប្រជុំ​ជាតក​ ជាង​ ២០០​ រឿង​ទៀត​ អាន​មិនទាន់​អស់​ផង ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s