ទឹក​ចិត្ត​ស្នេហា​មាតុភូមិ


«ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ស្រលាញ់​មាតុភូមិ​អ្នក ?» នេះ​ជា​ប្រធាន​ប្រលង​របស់​យើង​ព្រឹក​នេះ ។

ប្រវត្តិ​តស៊ូ​របស់​អាចារ្យ​ ហែម​ ចៀវ បាន​ធ្វើ​​ឲ្យ​យើង​រំភើប​ចិត្ត​​យ៉ាង​ខ្លាំង យើង​ប្រាកដ​ជា​ធ្វើ​តែង​សេចក្តី​នេះ​បាន​ដោយ​ងាយ ។

ហេតុ​​ដូច​ម្តេច​បាន​ជា​អ្នក​ស្រលាញ់​មាតុភូមិ​អ្នក ? តើ​សំនួរ​នេះ​​ពុំ​បាន​បំផុស​ឡើង​ក្នុង​ដួង​ចិត្ត​​យើង​នូវ​ចំលើយ​ច្រើន​រាប់​មិន​អស់​ទេឬ ? យើង​ស្រលាញ់​មាតុភូមិ​យើង ពី​ព្រោះ​ម្តាយ​យើង​កើត​នៅ​ទី​នេះ​ ពី​ព្រោះ​លោ​ហិត​ដែល​កំពុង​រត់​ក្នុង​សរសៃ​សសូង​យើង​​ គឺ​ជា​របស់​គាត់ ។ ពី​ព្រោះ​នៅ​ក្នុង​ប្រឹថពី​ដ៏​ពិសិដ្ឋ​នេះ​មាន​បញ្ចុះ​ធាតុ​បុព្វបុរស​ទាំង​ឡាយ​ដែល​​ម្តាយ​យើង​ស្រលាញ់ ឪពុក​យើង​គោរព ។ ពី​ព្រោះ​ធានី​ដែល​យើង​កើត​ ភាសា​ដែល​យើង​និយាយ​ សៀវភៅ​ដែល​យើង​រៀន បងប្អូន​យើង មិត្ត​ភក្តិ​យើង ប្រជាជាតិ​ដែល​រស់​នៅ​ជុំ​វិញ​យើង ធម្មជាតិ​ដ៏​ត្រកាល​ដែល​ព័ទ្ធ​ជុំ​វិញ​យើង សរុប​សេចក្តី​ គឺ​អ្វីៗ​ដែល​យើង​មើល​ឃើញ អ្វីៗ​ដែល​យើង​ស្រលាញ់ សុទ្ធ​តែ​ចូល​រួម​ទៅ​ក្នុង​មាតុ​ភូមិ​យើង​ទាំង​អស់ ។

​ឥលូវ​យើង​នៅ​ក្នុង​បឋម​វ័យ យើង​មិន​ទាន់​យល់​ច្បាស់​មនោសញ្ចេតនា​ស្នេហា​មាតុភូមិ​នោះ​ទេ មជ្ឈិម​វ័យ​ឡើង​យើង​នឹង​ដឹង ។

កាល​ណា​យើង​ត្រលប់​មក​ពី​​ធ្វើ​ដំណើរ​ឆ្ងាយ​ ហើយ​កាល​ណា​យើង​ឈរ​ផ្អែក​ទៅ​នឹង​បង្កាន់​ដៃ​នាវា​នា​ពេល​ព្រឹក​ ឃើញ​ជួរ​ភ្នំ​ខៀវ​ស្រងាត់​នៃ​មាតុភូមិ​យើង​លេច​ឡើង​នៅ​ឯ​ជើង​មេឃ​ឆ្ងាយ កាល​នោះ​យើង​នឹង​យល់​ទឹក​នេត្រា​ជោរ​ជន់​ចេញ​មក​ដោយ​ក្តី​រំជួល ហើយដោយ​មិន​ដឹង​ខ្លួន ។ យើង​នឹង​បន្លឺ​ឡើង​នូវ​សំរែក​អរ​សប្បាយ​ជា​មិន​ខាន ។

យើង​នឹង​យល់​សញ្ចេតនា​សេ្នហា​មាតុភូមិ​ កាល​ណា​យើង​លឺ​ជនណា​ម្នាក់​និយាយ​ភាសា​ជាតិ​យើង​នៅ​ឯ​បរទេស ហើយ​ដោយ​​ជវន​ចិត្ត​យើង​នឹង​ស្ទុះ​ទៅ​សួរ​នាំ​មិត្ត​មិន​ស្គាល់​នោះ​កណ្តាល​ចំណោម​មហាជន​ទាំង​ឡាយ ។

យើង​នឹង​យល់​សញ្ចេតនា​ស្នេហា​មាតុភូមិ​​រឹត​តែ​ខ្លាំង​ក្លា​ មោះ​មុត​ជា​នេះ​ទៅ​ទៀត​ បើ​ថ្ងៃ​ណា​​មួយ មាន​បរទេស​ឈ្លាន​ពាន ចូល​មក​លុក​លុយ​ទឹក​ដី​យើង ពេល​នោះ​ យើង​នឹង​ឃើញ​យុវជន​ស្រុះ​ស្រកាន់​អាវុធ បិតា​យើង​អោប​យើង​ដាស់​ចិត្ត​ក្លាហាន មាតា​យើង​ជូន​ដំនើរ​យើង​សង្ឈឹម​ជោគ​ជ័យ ។

យើង​នឹង​យល់​សញ្ចេតនា​ស្នេហា​មាតុភូមិ​ កាល​ណា​យើង​ឃើញ​កង​ទ័ព​ជាតិ​ នឿយ​ហត់​ត្រលប់​មក​ពី​សមរភូមិ​វិញ​ ដោយ​នាំ​មក​ជាមួយ​នូវ​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់ ។

យើង​នឹង​យល់​សញ្ចេតនា​ស្នេហា​មាតុភូមិ កាល​ណា​យើង​ឃើញ​ទង់​ជាតិ​ត្រូវ​គ្រាប់​រហែក​រតេរតាយ នាំ​មុខ​ក្បួន​ទ័ព​យ៉ាង​អង់​អាច​ធ្វើ​ដំនើរ​កណ្តាល​ស្រទាប់​ប្រជាជន​ដែល​ទទួល​អបអរ​និង​បាច​ផ្កា​ស្វាគមន៍ ។

កុលបុត្ត​កម្ពុជា ! ឥលូវ​យើង​យល់​ហើយ​ថា ម្តេច​ទៅ​ចិត្ត​ស្នេហា​មាតុ​ភូមិ ។ នេះ​ជា​សញ្ចេតនា​ដ៏​ធំធេង​និង​ពិសិដ្ឋ​ក្រៃលែង ។ ឧបមា​ថា ថ្ងៃមួយ​បិតា​យើង​ ឃើញ​យើង​ត្រលប់​មក​ពី​សមរភូមិ​ដោយ​សុវត្ថិភាព តែ​ដោយ​គាត់​ទទួល​ដំនឹង​ថា យើង​បាន​គេច​វេះ​ខ្លួន ពួន​យក​សុខ​​តែ​ឯង​ ប្លម​ជ័យ​ជំនេះ​មិត្ត​យើង​នោះ បិតា​យើង​ដែល​ធ្លាប់​តែ​ទទួល​យើង​មក​ពី​សាលា​ដោយ​សំរែក​រីករាយ​ បែរ​ជា​ទទួល​យើង​ដោយ​សំលេង​យ៉ាង​ឈឺ​ចាប់​ទៅ​វិញ ។ ក្នុង​ករណី​នេះ បិតា​យើង​មិន​អាច​ស្រលាញ់​យើង​តទៅ​ទៀត​ឡើយ ហើយ​លោក​នឹង​ទំលុះ​បេះដូង​សំលាប់​ខ្លួន​ជា​មិន​ខាន ព្រោះ​លោក​​មិន​ចង់​ឃើញ​មុខ​កូន​ដែល​ក្បត់​នឹង​ទំនុក​ចិត្ត​មាតុភូមិ​ឡើយ ។

ដកស្រង់​ទាំង​ស្រុង៖ កំរង​អត្ថបទ​អក្សរ​សិល្ប៍ ថ្នាក់ទី​ ៥ ទំព័រ ៧០-៧២
(ក្រសួង​អប់រំ​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ១៩៨២)

អាន​បន្ថែម​នៅ តៀម​កាហ្វេ ជាតិ​និយម

ខាង​រដ្ឋាភិបាល​កុំ​ម្មុយ​នីស្ត ពូកែ​ខាង​​ផ្លុំ​ស្លឹក​ត្រចៀក​មែន !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s