វគ្គ១៖ អាមេរិចខាងត្បូង


រូបចម្លាក់ (មនុស្សស្រីក្បាលធំ)

ឆ្នាំ ១៩៣៦…

មនុស្ស​មួយ​ក្រុម​​មាន​គ្នា​៥​នាក់​ កំពុង​ដើរ​ក្នុង​ព្រៃ​អាម៉ាហ្សូន​ដើម្បី​ស្វែង​រក​ប្រាសាទ​បុរាណ​មួយ​​​ដែល​មាន​លាក់​ទុក​នូវ​កំណប់​។ ពួក​គេ​បាន​ចង​សត្វ​​លា​ដឹក​ឥវ៉ាន់​របស់​គេ​​ទុក​មួយ​កន្លែង​ ហើយ​បន្តរ​ដំណើរ​ទៅ​មុខ​បន្តិច​ក៏​បាន​ជួប​ចម្លាក់​ថ្ម​​ដែល​មាន​មុខ​គួរ​ឲ្យ​ខ្លាច​មួយ​ ដែល​ព័ទ្ធ​ទៅ​ដោយ​វល្លិ៍​ពាស​ពេញ។ បន្តរ​ទៅ​បន្តិច​ទៀត​ គេ​បាន​ឃើញ​ព្រួញ​ផ្លុំ​មួយ​នៅ​ជាប់​នឹងដើម​ឈើ​ អ្នក​ដើរ​​មុខ​គេ​ដក​យក​មក​មើល​បន្តិច​ក៏​បោះ​ចោល។ ពីរ​នាក់​​នៅ​ក្រោយ​ឃើញ​ដូច្នេះ​ ក៏​រើស​យក​មក​មើល​…

សាទីប៉ូ៖ ពួកហូ​វីតូ​នៅ​ទីនេះ… ពិស​នៅ​ថ្មីៗទេ​ ពួក​គេ​ប្រាកដ​ជា​កំពុង​តាម​យើង​ហើយ​!

បារ៉ាន់កា៖ កុំ​ឆ្កួត​ពេក! បើ​ពួក​វា​ដឹង​ថា​យើង​នៅ​ទី​នេះ​ ឯង​និង​អញ​ងាប់​​បាត់​ទៅ​ហើយ!

ពួក​គេ​បាន​បន្តរ​ដំណើរ​ទៅ​ដល់​មាត់​ទឹក​ធ្លាក់​មួយ បុរស​ដែល​ដើរ​មុខ​គេ​ក៏​ដក​យក​បំណែក​ផែនទី​៤​ផ្ទាំង​​មក​ផ្គុំ​គ្នា ស្រាប់​តែ​…​ បារ៉ាន់កាបាន​ដក​កាំ​ភ្លើង​ចង់​បាញ់់​បុរស​​នោះ​​ មិន​ទាន់​នឹង​​បាន​​បាញ់​ផង​ រហ័ស​ដូច​ផ្លេក​បន្ទោរ​បុរស​​​នោះ​​បាន​ដក​ខ្សែ​តី​ហើយ​វ័ត​សម្តៅ​ទៅ​​ដៃ​របស់​បារ៉ាន់កា​​បណ្តាល​ឲ្យ​ជ្រុះ​កាំ​ភ្លើង​។ បារ៉ាន់កា​ដឹង​ថា​ខ្លួន​គ្មាន​អី​ទប់​ទល់​ទៀត​ ​ក៏​រត់​រក​ប្រាស​អាយុ។ តើ​បុរស​ដើរ​ខាង​មុខ​​នោះ​ជា​នរណា​ បាន​ជា​ក្លាហាន​និង​រហ័ស​​បែប​នេះ?

បន្តរ​ដំណើរ​ហួស​ទឹក​ធ្លាក់​បន្តិច​មក​ គេ​ក៏​បាន​មក​ដល់​ប្រាសាទ​បុរាណ​នោះ​។ បុរស​ដើរ​​ខាង​មុខ​បាន​យក​​ថង់​​មួយ​មក​ច្រក​ខ្សាច់​ តើ​គេ​ច្រក​ដើម្បីអ្វី​? ហើយ​តើ​កំណប់​នោះ​ជា​អ្វី​ដែរ?

បុរស​ដើរ​ខាង​​មុខ​៖ ទីនេះ​ហើយ​ដែល ហ្វររ៉េសស្តាល​បាត់​ខ្លួន​…

សាទីប៉ូ​៖  មិត្ត​លោក​?

បុរស​ដើរ​​ខាង​មុខ៖ ទេ​ គឺ​អ្នក​ប្រកួត​ប្រជែង​។ គេ​ពិត​ជា​ពូកែ​… ពូកែ​មែន​ទែន​…។

សាទីប៉ូ៖ លោក! ​កុំ​ចូល​អី! គ្មាន​នរណា​ដែល​ចេញ​មក​វិញ​ទេ… កុំ​អី!

មិន​ខ្វល់ បុរស​ដើរ​ខាង​មុខ​​ដើរ​ចូល​ទៅ​ សាទី​ប៉ូ​ក៏​ដើរ​ទៅ​តាម។ ចូល​ទៅ​ដល់​ក្នុង​គេ​ប្រទះ​ឃើញ​ពីង​ពាង​ធំៗ បន្តិច​ទៀត​គេ​ក៏​ប្រទះ​ឃើញ​ពន្លឺ​ចាំង​ចូល​ ដែល​​ទាំង​​កន្លែង​នេះ​ងងឹត​សូន្យ​ឈឹង​។

បុរស​ដើរ​ខាង​មុខ៖ កុំ​ឲ្យ​ត្រូវ​ពន្លឺ​ឲ្យ​សោះ​ នៅ​ឲ្យ​ស្ងៀម​!

គាត់​ក៏​ដើរ​​ឱន​ៗ​ សរសៀរ​ៗ មិន​ឲ្យ​ត្រូវ​ពន្លឺ​ បន្ទាប់​​ពី​ឆ្លង​ផុត​​មក​ គាត់​ក៏​លើក​ដៃ​ដាក់​ឲ្យ​ត្រូវ​ពន្លឺ​នោះ​ ស្រាប់​តែ…! ហ្វររ៉េស​ស្តាល​ចេញ​​មក​ពី​ណា​ក៏​មិន​ដឹង​ ធ្វើ​ឲ្យ​សា​ទី​ប៉ូ​​ភ្ងាក់​ផ្អើល​ស្ទើរ​សន្លប់​ ដោយ​សារ​តែ​ហ្វររ៉េស​ស្តាល​សល់​តែ​ឆ្អឹង​ និង​បំណែក​ខោ​អាវ​។ គាត់​ត្រូវ​បាន​ចាក់​ស្លាប់​ដោយ​គន្លឹ​យន្ត​ដែល​ផុស​ចេញ​ពី​ជញ្ជាំង​ នៅ​ពេល​ដើរ​កាត់​ពន្លឺ​នោះ​។ ត​ទៅ​មុខ​ទៀត​ មាន​រណ្តៅ​មួយ​ជ្រៅ​​ដែល​តម្រូវ​ឲ្យ​លោត​ឆ្លង​ ប៉ុន្តែ​សំណាង​ល្អ​… មាន​ដើម​ឈើ​មួយ​​ស្ថិត​នៅ​កាត់​បណ្តោយ​រណ្តៅ​ហាក់​ដូច​ជា​ដង​ទោង​សម្រាប់​ឲ្យ​យោល​ខ្លួន​ឆ្លង​បាន​។​ ដោយ​មាន​ជំនាញ​ជា​មួយ​ខ្សែ​តី​ស្រាប់​ បុរស​ដើរ​ខាង​មុខ​​បាន​វ័ត​ខ្សែ​តី​ឲ្យ​ទាក់​ជា​មួយ​ដើម​ឈើ​នោះ​ ហើយ​យោល​ខ្លួន​រំលង​យ៉ាង​ស្រូល​ ផ្ទុយ​ពី​សាទី​ប៉ូ​ដែល​យោល​ខ្លួន​ស្ទើរ​តែ​មិន​ផុត​។ មក​ដល់​​កន្លែង​​ចុង​ក្រោយ​​ បុរស​ដើរ​​ខាង​មុខ​និង​សាទី​ប៉ូ​ មើល​ឃើញ​ចម្លាក់​រូប​ក្បាល​ធ្វើ​ពី​មាស​យ៉ាង​ក្រហម​ឆ្អិន​ឆ្អៅ​ទំហំ​ប៉ុន​បាត​ដៃ​​ស្ថិត​នៅ​លើ​ទម្ររ​មួយ​កំពស់​១ម៉ែត្រ​ ដែល​នៅ​ប្រហែល​១០​ម៉ែត្រ​ពី​មុខ​ពួក​គេ​​ដែល​ជុំ​វិញ​នោះ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ថា​​មាន​គន្លឹ​យន្ត​ទេ។

សាទីប៉ូ​៖ តស់​យើង​ទៅ! គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ទេ!

បុរសដើរ​មុខ៖ នេះហើយ​ដែល​យើង​ខ្លាច…

បុរស​នោះ​ដើរ​ទៅ​មុខ​បន្តិច​ហើយ​លត់​ជង្គង់​ចុះ​​ពិនិត្យ​​កម្រាល​។ កម្រាល​​រាប​ស្មើ ប៉ុន្តែមាន​តដ្ឋ​មួយតូច​​នៅ​ចំ​កណ្តាល​ឥដ្ឋនិមួយៗ គាត់​បាន​យក​ឈើ​ទៅ​សង្កត់​លើ​តដ្ឋ​តូច​នោះ​ ស្រាប់​តែ… វ៉ិប​! ផ្លែ​ព្រួញ​តូច​មួយ​ហោះ​ចេញ​ពី​ជញ្ជាំង​បាញ់​មក​ចំ​ឈើ​នោះ​ភ្លាម​។ មិន​បង្អង់​យូរ​ បុរស​នោះ​ក៏​បាន​ដើរ​ឆ្លង​ថ្នម​ៗ​ ដោយ​ប្រើ​ចុង​ជើង​រហូត​ទៅ​ដល់​រូបចម្លាក់​នោះ​​។ មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​​ដែល​ពិបាក​បំផុត​​គឺ ការ​យក​ខ្សាច់​ទៅ​ប្តូរ​ជា​មួយ​រូប​ចម្លាក់​នោះ​​​ វា​ដូច​ជា​ការ​ដោះ​មីន​ដែរ។ គាត់​ត្រូវ​ប៉ាន់​ប្រមាណ​មើល​ តើ​ថា​ខ្សាច់​មាន​ទម្ងន់​ស្មើ​និង​រូប​ចម្លាប់​នោះ​ទេ​។ គាត់​បាន​បារ​យក​ខ្សាច់​ចេញ​បន្តិច​ ហើយ​ក៏​បាន​ប្តូរ​វត្ថុទាំង​២​យ៉ាង​រហ័ស​ដោយ​ដៃ​របស់​គាត់​ ឯ​សាទីប៉ូ​វិញ​កំពុង​លិទ្ធមាត់​ដុស​ដៃ​​ដូច​ជា​មាន​គំនិត​អ្វី​មិន​ល្អ។ គិត​ថា​ដូរ​បាន​សម្រេច​ហើយ​ បុរស​ដើរ​ខាង​មុខ​ដើរ​បែរ​ខ្នង​ចេញ​មក​យ៉ាង​រំភើយ​ ដោយ​មិន​ដឹង​ថា​ថង់​​ខ្សាច់​នោះ​បាន​លិច​ចូល​ទៅ​​ក្នុង​ទម្ររ​​ ហាក់​ដូច​ជា​បញ្ជារ​ឲ្យ​គន្លឹយន្ត​មាន​ចលនា​ដូច្នោះ​ដែរ។ ស្រាប់​តែ​រំពេច​នោះ… តួ​ប្រាសាទ​ទាំង​មួល​ចាប់​ផ្តើម​រង្គើរ​រញ្ជូយ​ញាប់​ញ័រ​ ហាក់​ចង់​បាក់​ស្រុត​ផង​ដែរ​ អាសន្ន​មក​ដល់​ហើយ​​ បុរស​​ដើរ​ខាង​មុខ​ដៃ​ម្ខាង​កាន់​រូប​ចម្លាក់​ ដៃ​ម្ខាង​ក្តោប​មួក​លើ​ក្បាល​ រត់​កាត់​កម្រាល​ដោយ​គ្មាន​ពិនិត្យ​ ធ្វើ​ឲ្យ​ជើង​គាត់​ជាន់​ចំ​​នឹង​ឥដ្ឋ​តូច​ៗ​នោះ​​ ប៉ុន្តែ​​បើ​ទោះ​ជា​ព្រួញ​នោះ​ចេញ​លឿន​យ៉ាង​ណា​ ក៏​មិន​អាច​បាញ់​ត្រូ​វគាត់​បាន​ឡើយ​។ រត់​មក​ដល់​រណ្តៅ​នោះ​វិញ​ ស្រាប់​តែ​ឃើញ​សាទីប៉ូ​ឈរ​នៅ​ម្ខាង​ ដៃ​មិន​ព្រម​ព្រលែង​ខ្សែ​តី​មកវិញ​សោះ​ ឯ​នៅ​ក្រោយ​ខ្នង​សាទីប៉ូ​ ទ្វារយន្ត​មួយ​កំពុង​រំកិល​ចុះ​មក​តិច​ៗ។

សាទីប៉ូ​៖ ឲ្យ​រូប​ចម្លាក់​មក​! ចាំ​ខ្ញុំ​ឲ្យ​ខ្សែ​តី​… គ្មាន​ពេល​ត​ថ្លៃ​ទេ!

គ្មាន​ជម្រើស​ បុរស​ដើរ​ខាង​មុខ​​ក៏​បោះ​រូប​ចម្លាក់​ទៅ​ឲ្យ​សាទីប៉ូ​ តែ​សាទីប៉ូ​បែ​រ​ជា​យក​ទាំង​ខ្សែតី​និង​រូប​ចម្លាក់​រត់​ ដោយ​ទុក​ឲ្យ​បុរស​ដើរ​​ខាង​មុខ​នៅ​ម្ខាង​នៃ​រណ្តៅ​តែ​ឯង​។

សាទីប៉ូ៖ អាឌីយ៉ូស… លោក!

តួឯក កំពុងដោះមីន (ហេហេហេ)

គាត់​សម្រេច​ចិត្ត​លោត​រំលង​រណ្តៅ​ប្រវែង​៣ម៉ែត្រ​នេះ​ទាំង​ប្រថុយ ១…២…៣… ​លោត​ទៅ! វ៉ឹប! គាត់​រត់​ថយ​ក្រោយ​យក​ជំហាន​បន្តិច ហើយ​ក៏លោត តែ​បាន​ត្រឹម​តែ​ចុង​ដៃ​ឥជើង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​។​  តេះតាសៗ គាត់​ស្រវា​បាន​ឬស​ឈើ​មួយ​សង្ឈឹម​ថា​នឹង​តោង​វា​ឡើង​ មាន​ឯណា​ឬស​ឈើ​នេះ​ក៏​របូត​មក​ទៀត​ ធ្វើ​ឲ្យ​គាត់​ព្រលឹង​ចុង​សក់​ តែ​ចុង​ក្រោយ​ក៏​ស្រវា​ឡើង​ទាល់​តែ​បាន​ ហើយ​រត់​ទៅ​ប្រមៀល​ខ្លួន​​ក្រោម​ទ្វារ​ដែល​ហៀប​តែ​នឹង​បិទ​នោះ​យ៉ាង​រហ័ស។ ងើប​ឈរ​មក​វិញ​ ស្រាប់​តែ​គាត់​លឺ​សម្លេង​អ្វី​មួយ​យ៉ាង​ខ្លាំង គាត់​ក៏​ដើរ​មួយៗ​ ស្រាប់​តែ​ឃើញ​សាទីប៉ូ ជាប់​នៅ​កន្លែង​ដែល​ហ្វររ៉េស​ស្តាល​ជាប់​ពី​មុន​មក​ដែរ។ គាត់​ក៏ឱន​រើស​យក​រូប​ចម្លាក់​មក​វិញ​…

បុរសដើរ​ខាង​មុខ៖ អាឌីយ៉ូស… សាពីតូ!

ដើរ​ចេញ​ទៅ​ដល់​កន្លែង​ពីង​ពាង​ធំៗ​វិញ​ ស្រាប់តែ… ដុំថ្ម​រាង​ស្វ៊ែល​​មួយ​ធ្លាក់​ចុះ​មក​ដេញ​សង្កត់​គាត់ រហ័ស​ដូច​ទន្សាយ​គាត់​រត់​យ៉ាង​លឿន​នាំ​មុខ​វា ហើយ​ក៏​ហក់​ចេញ​ពី​ក្លោង​ទ្វារ​ប្រាសាទ​នោះ​មុន​នឹង​ដុំ​ស៊្វែរ​អាច​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ចេក​ចៀន។

បោស​សំបុកពីង​ពាង​ចេញ​ពី​ខ្លូន​ ស្រាប់​តែ​គាត់​ឃើញ​ពួក​ហូវីតូកាន់​ធ្នូ លំពែង​ និង​​ដង​ផ្លុំ​តម្រង់​មក​គាត់​គ្រប់ៗគ្នា​ ហើយ​ក៏​ឃើញបារ៉ាន់កា​ឈរ​មុន​នឹង​រលំ​ដោយ​មាន​ព្រួញ​នៅ​ជាប់​ពេញ​ខ្នង។ បន្ទាប់​មក​គាត់​ក៏​លឺ​សម្លេង​មួយ​ចេញ​មក​ពី​ក្រោយ​ខ្នង​…

បេឡុក៖ ដុកទ័រ. ចូនស៍! ម្តង​ទៀត​ហើយ​​ វត្ថុ​ដែល​លោក​យក​បាន​ គឺ​ខ្ញុំ​ត្រូវ​តែ​យក​ពី​លោក​បាន​ដែល។

អីយ៉ា…! យើង​អាច​ស្គាល់​បុរស​ដើរ​ខាង​មុខ​​បាន​ខ្លះ​ហើយ​តាស៎! គាត់​ឈ្មោះ ចូនស៍​ ហើយ​មុខងារ​សុទ្ធ​តែ​បណ្ឌិត​ តែ​បណ្ឌិ​ត​ផ្នែក​អ្វី​ទៅ? ប្រហែល​ជា​បុរាណ​វិទ្យា​​ ឬ​ប្រវត្តិ​វិទ្យា​ក៏​មិន​ដឹង។

ងាក​ចូល​មក​សាច់​រឿង​យើង​វិញ​… ដុកទ័រ​. ចូនស៍​ ក៏​ដក​កាំ​ភ្លើង​ខ្លី​ ស្រាប់​តែ​ពួក​ហូវី​តូ​ក៏​ត្រៀម​បាញ់​ដែរ ដូច្នេះ​គាត់​ក៏​ហុច​កាំ​ភ្លើង​ឲ្យ​ទៅ​ បេឡុក​វិញ​។

បេឡុក៖ លោក​រើស​មិត្ត​ខុស​ហើយ​ ដុកទ័រ. ចូនស៍

ដុកទ័រ. ចូនស៍៖ ស្តាយ​ណាស់​ដែល​ពួក​ហូវីតូ​ មិនស្គាល់​លោក​ច្បាស់​ដូច​ខ្ញុំ​… បេឡុក!

បេឡុក៖ ត្រូវ​ហើយ​! ពិត​ជា​គួ​រឲ្យ​សោក​ស្តាយ​ណាស់ លោក​គួ​រតែ​ហាម​គេ​ បើសិន​ជា​លោក​ចេះ​និយាយ​ភាសា​ហូវីតូ

បេឡុក​បាន​យក​រូប​ចម្លាក់​នេះ​ ពី​ដុកទ័រ​. ចូនស៍​ហើយ​បង្ហាញ​ទៅពួក​ហូវីតូ ដោយ​និយាយ​ភាសា​ហូវីតូ​ ស្រាប់​តែ​ពួក​នោះ​លុត​ជង្គង់​ឱន​ក្បាល​គោរព​មួយ​រំពេច។ ដោយ​ឃើញ​បេឡុក​ភ្លេច​ខ្លួន​ ដុក​ទ័រ​. ចូន​ស៍​ ក៏​រត់​ប្រុយ! បេឡុក​ងាក​មក​វិញ​ឃើញ​ដូច្នោះ​ ក៏​បញ្ជា​ឲ្យ​ពួក​ហូវី​តូ​ដេញ​តាម​មួយ​រំពេច​។ ដុកទ័រ​. ចូនស៍​រត់​លឿន​មែន​ទែន​ កាត់​ក្រោម​ដើម​ឈើ​ កាត់​វាល​២.៣ ដោយ​ពួក​ហូវីតូ​តាម​ពី​ក្រោយ​យ៉ាង​ប្រកិតៗ។ ជិត​ទៅ​ដល់​មាត់​ស្ទឹង​…

បេឡុក (René Belloq)

ដុកទ័រ​. ចូន​ស៍​៖ ចក! បញ្ឆេះ​ម៉ាស៊ីន​ភ្លាម! ចក???

ចក​អង្គុយ​នៅ​ជើង​យន្ត​ហោះ​ កំពុង​តែ​ស្ទួច​ត្រី។ ពេល​លឺ​សម្លេង​ដុកទ័រ​. ចូនស៍ ចក​ឆ្លេរឆ្លារ​ព្រោះ​ត្រី​កំពុង​ស៊ី​នុយ ទាល់​តែ​លឺ​ដុនទ័រ​. ចូនស៍​ស្រែក​ម្តង​ទៀត​ ទើប​ចក​ឡើង​ទៅ​បញ្ឆេះ​ម៉ាស៊ីន។ ដុកទ័រ​. ចូនស៍​ រត់​ទៅ​តោង​វល្លិ៍​នៅមាត់ស្ទឹង​ហើយ​យោល​ខ្លួន​​ធ្លាក់​ទៅ​កណ្តាល​ស្ទឹង​ ហែល​បន្តិច​ក៏​តោង​នឹង​ជើង​យន្ត​ហោះ​ដែល​កំពុង​តែ​ហោះ​ឡើង​… ងាក​មើល​ឯ​ក្រោយ​វិញ​ ពួក​ហូវីតូ​កំពុង​តែ​បាញ់​ព្រួញ​ និង​ផ្លុំ​​ព្រួញ​សម្តៅ​ទៅ​ ដុកទ័រ​. ចូនស៍​តែ​មិន​ត្រូវ។

យន្តហោះ​ក៏​ហោះ​ឡើង​ទៅ​លើ​ ស្រាប់​តែ​ដុកទ័រ​​. ចូនស៍ ប្រែ​ទឹក​មុខ​ស្លេក​ស្លាំង​​ដូច​ជា​ខ្លាច​អ្វី​មួយ​ ជាង​ខ្លាច​ពួក​ហូវីតូ​ដេញ​សម្លាប់​មុន​នេះទៅ​ទៀត។

ដុកទ័រ. ចូនស៍៖ ចក… មាន​ពស់​នៅ​លើ​យន្តហោះ!

ចក៖ មិនអីទេ… នោះ​ជា​ពស់​ចញ្ចឹម​របស់ខ្ញុំ​​ឈ្មោះ​ រេកគី​ទេ…

ដុកទ័រ. ចូនស៍៖​ ខ្ញុំ​ស្អប់​ពស់​ណាស់​ចក លឺអត់???

ចក៖ មើស! ធ្វើ​កុំភ័យ​មើស…!

[……]

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អ៊ីនឌីយ៉ាណា ចូនស៍ និង​ ចោរលួច​វត្ថុ​ពិសិដ្ឋ and tagged , , , , , . Bookmark the permalink.

5 Responses to វគ្គ១៖ អាមេរិចខាងត្បូង

  1. monyrinataro និយាយថា៖

    ប៉ូឌីត្រងសេ ចយម៉ាដឹកឌី! អេសអេសអេ😀

  2. ឌីយ៉ា និយាយថា៖

    បកប្រែបានច្រើនណាស់ហ្ន៎

    • ខ្ញុំចែករំលែក និយាយថា៖

      ណឹង​តែ១៥​នាទី​នៃសាច់រឿងទេ។ ហើយ​រឿងមាន​រយៈពេល​២​ម៉ោង។ មក​ពី​ត្រូវ​ពណ៌នា​ទីកន្លែង​ មិនដូច​កុន​យើង​មើល​ដឹង​ទី​កន្លែង​មិនបាច់​ចាំ​ពិពណ៌នា​អី​ច្រើន។ ថា​មួយ​អាទិត្យ​ប្រែ​ម្តង​ តែ​ឥឡូវ​ធ្វើ​អត់ទាន់។ ប្រហែល​ជា​ កន្លះ​ខែ​ម្តង​ហើយ​មើល​ទៅ។

    • ខ្ញុំចែករំលែក និយាយថា៖

      កន្លះ​ខែ​ស្អី! ១​ខែ​ត្រឹម​គិត​ត្រឹម​ថ្ងៃ​នេះ ដល់​ក​ហើយ​ខ្ញុំ! រឿង​កុន​បះ​ជើង​ហើយ ហាហហា! ចាំ​មើល​ខែ​ក្រោយ​ថ្ងៃ​ ០៥​ ធានា​ថា​ចេញ​១​ភាគ​ទៀតហើយ!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s