ផ្សោត អ៊ីរ៉ាវ៉ាឌី (Irrawaddy Dolphin)


កាយវិភាគវិទ្យាត្រីផ្សោត

ត្រីផ្សោតនៅកម្ពុជារងការប៉ះពាល់យ៉ាងខ្លាំង

ផ្សោត​អ៊ីរ៉ាវាឌី (ឈ្មោះ​បច្ចេកទេស Orcaella Brevirostris)  គឺ​ជា​ប្រភេទ​ម៉្យាង​នៃ​​​ផ្សោត​សមុទ្រ​ដែល​អាច​សម្រប​ខ្លួន​បាន​​នឹងមជ្ឈដ្ឋាន​ជា​ច្រើន។ ​ពួក​វា​ត្រូវបាន​គេ​ប្រទះ​ឃើញ​​យ៉ាង​តិចតួច​ហើយ​មិនទៀង​ទាត់​នៅ​តាម​ជិត​ឆ្នេរ​សមុទ្រ នៅតំបន់​ដែល​ទឹក​សាប​និង​ទឹក​ប្រៃ​ជួប​គ្នា​ និង​នៅ​តាម​ទន្លេ​ ដូច​នៅ​​ឯ​ឈូង​សមុទ្រ​បេងហ្គាល់ (Bay of Bengal) និង​ តំបន់​អាស៊ី​អាគ្នេយ៍។

ប្រវត្តិ​នៃឈ្មោះ និង​ ប្រវត្តិ​នៃ​ចំណាត់​ថ្នាក់

ផ្សោត​អ៊ីរ៉ាវ៉ាឌី​ត្រូវ​បាន​ពិពណ៌​នា​ជា​លើក​ដំបួង​ដោយ​ លោក រីឆាដ អូវេន (Sir Richard Owen) នៅ​ឆ្នាំ​១៨៨៦ ដោយ​ផ្អែក​លើ​ផ្សោត​មួយ​ក្បាល​ដែល​​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​នៅ​ឆ្នាំ​១៨៥២​ នៅ​ឯ​កំពង់ផែ​ក្រុង​វិសាខាប៉ាត់ណាំ (Visakhapatnam) នៅ​ឆ្នេរ​ខាង​កើត​ប្រទេស​ឥណ្ឌា។ នេះ​ជា​ផ្សោត​​មួយ​ក្នុង​ចំនោម​ពីរ​​ប្រភេទ​​​ក្នុង​​ ហ្សេនីស (Genus) របស់​វា។ ពេល​ខ្លះ​វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ក្រុម​គ្រួសារផ្សោត​ដែល​​មាន​តែ​​​ខ្លូន​វា​ផ្ទាល់ ផ្សោត​ម៉ូណូដុនទីដេ (Monodontidae) និង ផ្សោត​ដែលហ្វីនីដេ (Delphinidae)។ មក​ទល់​ឥឡូវ​នេះ​ មាន​ការ​យល់​ព្រម​ជា​ច្រើន​ដែល​ចាត់​បញ្ចូល​វា​ទៅ​ក្នុង​ក្រុម​គ្រួសារ​ ផ្សោតដែលហ្វីនីដេ ​ដែល​ជា​ផ្សោត​សមុទ្រ។

បើ​គិត​ទៅតាម​លក្ខណៈ​តំនរ​ពូជ ផ្សោត​អ៊ីរ៉ាវ៉ាឌីជាប់​ទាក់​ទង​​​ជិត​បំផុត​ជា​មួយ​​នឹង​ ​បាឡែន​អូកា (Orca ឬ Killer Whale)។ ឈ្មោះ Brevirostris គឺ​បាន​មកពី​ភាសា​ឡាតាំង​ដែល​មាន​ន័យ​ថា​ ចំពុះ​​ខ្លី។ នៅ​ឆ្នាំ​២០០៥​ ការ​វិភាគ​លើ​តំនរ​ពូជ​បាន​បង្ហាញ​ថា ​ផ្សោត​អូស្រ្តាលី (Australian Snubfin Dolphin) ដែល​គេ​ប្រទះ​ឃើញ​នៅ​ភាគ​ខាង​ជើង​​ប្រទេស​អូស្រ្តាលី​ជា​ប្រភេទ​ទី២​នៃ​ ហ្សេនីស​អូសែលឡា (Orcaella Genus)។

ជា​ទូទៅ ពណ៌​សម្បុរ​របស់​ផ្សោត​ គឺ​មាន​ពណ៌​ប្រផេះ​ ឬ​ក៏​ខៀវ​ទឹកប៊ិច ឯខាង​ពោះ​វិញ​មាន​ពណ៌​រាង​ស​ស្លេក ហើយ​គ្មាន​ស្លាកស្នាម​​​សម្គាល់​បញ្ជាក់​ទេ។ វា​មាន​ព្រុយ​ខ្នង​ តូច​ហើយ​​មូល​ស្ថិត​នៅ​កណ្តាល​ខ្នង​តែ​ម្តង​ ឯថ្ងាស​​មូល​រលោង​​ខ្ពស់​ឡើង​ទៅលើ​ ប៉ុន្តែ​គ្មាន​ចំពុះ ចំនែក​ព្រុយ​ចំហៀង​ធំទូលាយ​ និង​មូល។ ប្រភេទ​ដែល​ត្រូវ​បាន​ឃើញ​នៅ​កោះ​បរណេអូ (Borneo) គឺផរផស​គ្មាន​ព្រុយ (Finless Porpoise) (ឈ្មោះ​បច្ចេកទេស Neophocaena Phocaenoides) គឺ​មាន​រូប​រាង​ប្រហាក់​ប្រហែល​គ្នា​ តែ​គ្មាន​ព្រុយ​ខ្នង​ទេ ឯ​ផ្សោត​ខ្នង​គម (Humpback Dolphin) (ឈ្មោះ​បច្ចេកទេស Sausa Chinensis) គឺ​មាន​មាឌ​ធំជាង​ ចំពុះ​វែង​ជាង​ និង​ព្រុយ​ខ្នង​ធំជាង។

មាន​ឈ្មោះ​ជា​ច្រើន​ដែល​គេ​ប្រើ​សម្រាប់​ហៅ Oecaella Brevirostris ទៅ​តាម​ភាសា​និមួយៗ ដូចជា​ ភាសា​អង់គ្លេស Irrawaddy Dolphin បារាំង Orcelle ភាសា​ភូមា Labia ភាសា​ឥណ្ឌូនេស៊ី Pesut ភាសា​ម៉ាឡេ Lumbalumba ភាសា​ឡាវ Pha’ka  ភាសា​ភីលីពីន Lampasut  និង​ ភាសា​ខ្មែរ​ ផ្សោត។ ជាភាសា​ថៃ​ ឈ្មោះ​របស់​វា​មួយ​គឺ​ Pla loma hua bat  ក៏ព្រោះ​តែ​ក្បាល​ដ៏​មូល​របស់​វា​មើល​ទៅ​ស្រដៀង​នឹង​រូប​រាង​ បាត្រ​លោក។

ការ​ពិណព៌នា                                     

ផ្សោត​អ៊ីរ៉ាវ៉ាឌី​មាន​រូប​រាង​ប្រហែល​នឹង ​បាឡែន​​ស​.បេលូហ្គា (Beluga) បើ​ទោះ​ជា​វា​មាន​​ជាប់​ទាក់​ទង​​​ជិត​បំផុត​ជា​មួយ​​​នឹង បាឡែន​អូកា​ក៏​ដោយ​។ វា​មាន​​ប្រដាប់​ចាប់​សម្លេង​ធំ​មួយ​នៅ​ផ្នែក​ខាង​ក្នុង​ក្បាល​ ក្បាល​​មូល​រលោង​ ជាមួយ​នឹង​ចំពុះ​ដែល​ពិបាក​ក្នុង​ការ​កំណត់​មើល​ ​ព្រុយ​ខ្នង​​ស្ថិត​នៅ​ ២/៣ផ្នែក​ខាង​ក្រោយ​គឺ​ខ្លី​រលោង​រាង​ត្រី​កោណ ឯ​ព្រុយ​ចំហៀង​​វែង​និង​ធំ​ទូលាយ​។ វា​សម្បុរ​ជ្រេះ​​ ប៉ុន្តែ​នៅ​ផ្នែក​ខាង​ពោះ​រាង​ជ្រេះ​ជាង​ផ្នែក​ខាង​​ខ្នង។ ផ្សោត​​ជំទង់​អាច​មាន​ទម្ងន់​លើស​ពី​ ១៣០​គ.ក ហើយ​មាន​ប្រវែង​ប្រហែល​ ២.៣​ម. នៅ​ពេល​វា​ពេញ​អាយុ​។ ប្រវែង​​វែង​បំផុត​ដែល​គេ​ធ្លាប់​​វាស់​គឺ ​២.៧៥​ម. របស់​ផ្សោត​ឈ្មោល​មួយ​ក្បាល​​នៅ​ប្រទេស​ថៃ។

ការ​បន្តពូជ

គេ​ជឿ​ថា​ផ្សោត​ទាំង​នេះ​អាច​បន្ត​ពូជ​បាន​នៅ​ពេល​ដែល​វា​មាន​អាយុ​ពី​ ៧​ទៅ​៩​ឆ្នាំ​។ នៅ​ឯ​អឌ្ឍគោល​ខាង​ជើង​ រដូវ​បន្ត​ពូជ​ចាប់​ផ្តើម​ពី​ខែ​ធ្នូ​ដល់​ខែ​មិថុនា។ ជាទូទៅ​ផ្សោត​ញី​ពរពោះ​រយៈ​ពេល​១៤​ខែ​ ដោយ​កើត​ម្តង​បាន​កូន​តែ​១​ទេ ហើយ​អាច​ផ្តល់​កំណើត​​ម្តង​ទៀត​​ក្នុង​រយៈ​ពេល​ពី​ ២​ទៅ​៣​ឆ្នាំ។ ​កូន​ដែល​កើត​មក​ភ្លាម​អាច​មាន​ប្រវែង​ ១ម.​ និង​​មាន​ទម្ងន់​ ១០​គ.ក ហើយ​បៅ​ដោះ​មេ​វា​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ដំបូង។ ជា​ទូទៅ​​ផ្សោត​​អាច​រស់​នៅ​បាន​ដល់​អាយុ​៣០​ឆ្នាំ​។

អត្តចរិត

​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ ទំនាក់ទំនង​គ្នា​ដោយ​ការ​បញ្ចេញ​សម្លេង​ផ្សេងៗគ្នា​​​នៅ​ហ្វេក្រង់​​ទំហំ​​៦០​មេហ្គាហឺត (60Mhz) ដែល​គេ​ជឿ​ថា​ប្រើ​សម្រាប់​​ចាប់​សម្លេង។ អាហារ​ជា​ប្រចាំ​របស់​វា​គឺ​ ត្រី​ល្អិតៗ ពង​ត្រី បង្គារ ​បង្កង​ និង​ មឹក​។ តាម​ការ​សង្កេត​លើ​​ផ្សោត​ដែល​គេ​ចាប់​​ទុក​សម្រាប់​ស្រាវជ្រាវ​ ​វា​ចាប់​ចំណី​ដោយ​ការ​ស្រូប​បញ្ចូល​ទៅ​ក្នុង​មាត់។ ពេល​ខ្លះ​ ​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ជះ​ចេញ​នូវ​ខ្សែ​ទឹក នៅពេល​ដែល​វា​​ងើប​ផុស​ពី​ក្នុង​ទឹក នៅពេល​បំបៅ​ដោះ​ គឺ​ដើម្បី​បញ្ចេញ​ទឹក​ដែល​ស្រូប​បាន​​នៅ​ពេល​ស្រូប​យក​ត្រី​ ឬ​ក៏​ដើម្បី​ទាក់​ទាញ​ត្រី​ចំណី​ទៀត។ ផ្សោត​អ៊ីរ៉ាវ៉ា​ឌី​ខ្លះ​ដែល​គេ​ចាប់​ទុក​យក​មក​ចញ្ចឹម​ ត្រូវ​​បាន​បង្ហាត់​ឲ្យ​ងើប​ផុស​ពី​ទឹក​នៅពេល​ដែល​លឺ​​បញ្ជា។ ​ផ្សោត​នេះ​ហែល​ទឹក​មិន​លឿន​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​ទទួល​គ្រោះ​ថា្នក់​ វាអាច​ហែល​បាន​ដល់​ទៅ​ ២០ទៅ​២៥ គ.ម/១ម៉ោង។

នៅពេល​ដែល​ វា​ងើប​ឡើង​មក​លើ​ផ្ទៃ​ទឹក​​ហើយ​ត្រលប់​ខ្លួន​បក​កន្ទុយ​ឡើង​លើ​ឲ្យ​ផុត​ពីទឹក គឺ​ដើម្បី​ជ្រមុជ​ទឹក​ឲ្យ​បាន​ជ្រៅ​។ ការ​ជ្រមុជ​​នេះ​អាច​មាន​ថេរ​វេលា​ពី  ៧០​វិនាទី​ទៅ​១២នាទី។ នៅ​ប្រទេស​ឡាវ គេ​បាន​​កំណត់​ថេរវេលា​ត្រី​ផ្សោត​ចំនួន​២៧៧​ក្បាល ដោយ​រាប់​ពី​ពេល​ដែល​​​​ផ្សោត​ចុង​ក្រោយ​លិច​ចូល​ទៅ​ក្នុង​ទឹក​រហូត​ដល់​​​ផ្សោត​ទី​១​ផុស​ចេញ​មក​វិញ មាន​រយៈពេល​ ១១៥.៣​វិនាទី ដែល​ស្ថិត​នៅ​ចន្លោះ​ពី  ១៩​វិនាទីទៅ​៧.១៨​នាទី។ យូរ​ៗ​ម្តង​ដែល​​ផ្សោត​បង្ហើប​ខ្លូន​តិចៗ ហើយ​មិនដែល​ហែល​សន្សឹម​នោះ​ទេ។ ជា​ទូទៅ​គេ​ច្រើន​តែ​ឃើញ​​ផ្សោត​នៅ​ជា​ក្រុម​តិច​ជាង​៦ក្បាល​​ ក៏​ប៉ុន្តែ​ពេល​ខ្លះ​ក្រុម​ដល់​ទៅ ១៥​ក្បាល​ក៏ត្រូ​វបាន​គេ​ប្រទះ​ឃើញ​​ដែរ។

ការ​ដណ្តើម​ទីតាំង​និង​ចំណី​អាហារ​ត្រូវ​បាន​សង្កេត​ឃើញ​នៅពេល​ដែល​ ហ្សេនីស​អូសេឡា​ ត្រូវ​បង្ខំ​ចិត្ត​មក​ទឹក​រាក់​ និង​ដក​ខ្លួន​ចេញ​ពី​ប្រភេទ​ត្រី​ផ្សោត​ផ្សេងៗ​ទៀត។ គេ​បាន​សាក​ល្បង​ដោយ​ដាក់​ត្រី​ផ្សោត​ខ្នង​គម​ និង​ ត្រី​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ នៅ​ក្នុង​អាង​១​ជា​មួយ​គ្នា​ គេសង្កេត​ឃើញ​ថា​ត្រី​ផ្សោត​អ៊ីរ៉ាវ៉ាឌី​​ តែ​ងតែ​រត់​គេច​ហើយ​ទៅ​សម្ងំ​នៅ​ផ្នែក​តូច​មួយ​នៃ​អាង។ នៅ​ឯបឹង​ទឹកប្រៃ​ឈីលីកា (Chilika Lake) អ្នក​នេសាទ​នៅ​ទីនោះ​តែ​ង​និយាយ​ថា​ នៅ​ពេល​ដែល​ត្រី​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ និង​ត្រី​ផ្សោត​ធម្មតា (Bottlenose Dolphins) ជួប​គ្នា​នៅ​តាម​​ស្ទឹង​  ផ្សោត​អ៊ីវ៉ាវ៉ាឌីតែង​តែ​ខ្លាច​ហើយ​ត្រូវ​បង្ខំ​ចិត្ត​​ហែល​​ចូល​ទៅ​ក្នុង​បឹង​វិញ​។

ទីជម្រក​ និងចំនួន            

បើ​ទោះ​ជា​ពេល​ខ្លះ គេ​ហៅ​វា​ថា​ជា​​​ផ្សោត​ទន្លេ​ តាម​ពិត​ទៅ​នោះ​វា​មិន​មែន​ទេ តែ​ជា​​ផ្សោត​​សមុទ្រ​ដែល​ចូល​ចិត្ត​​រស់​នៅ​តំបន់​ដែល​​ទឹក​មាន​​កម្រិត​ជាតិ​​ប្រៃ​ទាប​ដូ​ចជា នៅ​ជិត​ឆ្នេរ​ តំបន់​ដែល​ទឹកសាប​និង​ទឹក​ប្រៃ​ជួប​គ្នា និង​នៅ​តាម​តំបន់​ដី​សណ្តរ​។ វា​ក៏​បាន​រស់​នៅ​ជា​ក្រុម​តូច​ៗ​នៅ​តាម​ទន្លេ​ ដូច​ជា​ទន្លេ​គង្គា​ (Ganges River) ទន្លេ​មេគង្គ (Mekong River) ក៏​ដូច​ជា​ទន្លេ​អ៊ីរ៉ាវ៉ាឌី​​ (Irrawaddy River) ដែល​វា​យក​ឈ្មោះ​តាម។ វា​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពីឈូង​សមុទ្រ​បេង​ហ្គាល់​ ទៅ​ដល់​ ហ្គីណេថ្មី​ (New Guinea) និង​ភីលីពីន​ផង​ដែរ។

ពួក​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញជា​ញឹក​ញយ​នៅ​ តំបន់​ដែល​ទឹកសាប​និង​ទឹក​ប្រៃ​ជួប​គ្នា និង​នៅ​ឈូង​សមុទ្រ​នៅ​កោះ​បរណេអូ​ (Borneo Island) ហើយ​នឹង​ប្រទះ​ឃើញ​ជារឿយៗ​ពី​ សាន់ដាកាន់ (Sandakan) នៅរដ្ឋសាបាណ៍​ (Sabah) របស់​ម៉ាឡេស៊ី ទៅ​ផ្នែក​ខ្លះ​នៃ​ប្រ៊ុយណេ និង​រដ្ឋ​សារ៉ាវ៉ាក់​ (Sarawak) របស់​ម៉ាឡេស៊ី។

គ្មាន​ការ​សិក្សា​ជា​ទ្រង់​ទ្រាយ​ធំ​ណា​មួយ​ត្រូ​វបាន​ចាត់​ចែង​សម្រាប់​ប្រភេទ​​សត្វ​ដែល​ងាយ​រង​គ្រោះ​នេះ​​ទេ បើ​ទោះ​ជា​យ៉ាង​ណា​ចំនួន​​ផ្សោត​នេះ​នៅ​ទូទាំង​ពិភពលោក​​មាន​ប្រហែល​ជា​​ជាង​ ៧,០០០​ក្បាលប៉ុណ្ណោះ​ ដែល​ក្នុង​នោះ​ ៩០%​រស់​នៅ​បង់ក្លាដេស។ ផ្សោត​ដែល​រស់​នៅ​ខាង​ក្រៅ​ បង់ក្លាដេស​ និង​ឥណ្ឌា​ត្រូវ​បាន​ចាត់​ទុក​ក្នុង​ប្រភេទកំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ។ ចំនួន​ផ្សោត​​នៅ​​៨កន្លែង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខាង​ក្រោម​នេះ៖

ល.រ

ប្រទេស

ចំនួន

ជម្រក

បង់ក្លាដេស ៥,៨៣២ (ងាយ​រង​គ្រោះ)៤៥១ (ងាយ​រង​គ្រោះ) នៅ​តំបន់​ឆ្នេរ​នៃ​ឈូង​សមុទ្រ​បេងហ្គាល់នៅ​តំបន់​ព្រៃ​កោង​កាងសាន​ដារបានស៍ (Sundarbans Mangrove Forest)

ឥណ្ឌា ១៣៨ (ងាយ​រង​គ្រោះ) នៅ​បឹង​​ទឹក​ប្រៃឈីលីកា (Chilika Lake)

កម្ពុជា និង​​ ឡាវ ៦៦-៦៨ (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) តាម​បណ្តោយ​ទន្លេ​មេគង្គ ​ប្រវែង​១៩០គ.ម

ឥណ្ឌូនេស៊ី (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) តាម​បណ្តោយ​ទន្លេម៉ាហាខាម (Mahakam River) ប្រវែង​៤២០គ.ម

ភីលីពីន ប្រហែល៧៧ (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) នៅ​តំបន់​ទឹកប្រៃ​ម៉ាឡាំប៉ាយ៉ា (Malampaya Sound)*

មីយ៉ាន់ម៉ារ ៥៨-៧២ (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) តាម​បណ្តោយ​ទន្លេ​អ៊ីរ៉ាវ៉ាឌី​ ប្រវែង​៣៧០គ.ម

ថៃ តិចជាង៥០ (កំពុង​រង​គ្រោះ​​ធ្ងន់ធ្ងរ) នៅ​បឹង​​ទឹក​ប្រៃ​សុងក្លា (Songkhla Lake)

*អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​ពី​ការ​រក​ឃើញ​ថ្មី​ៗ​នូវ​​​ផ្សោត​នេះពី​ ៣០​ទៅ៤០​ក្បាល​នៅ​ក្នុង​ទឹក​ជិត​ទី​ក្រុង​បាហ្គោ (Bago City) និង​ ក្រុង​ពូលូ​ប៉ាន់​ដាន់ (Pulupandan Town) នៅ​ខេត្រ​ណេក្រូ​ខាង​លិច (Province of Negros Occidental)​ នៅ​កោះ​វីសាយ៉ាស់​ខាង​លិច (Western Visayas)។

ទំនាក់ទំនងជាមួយ​នឹង​មនុស្ស

​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ហាក់​ដូច​ជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​​សហការ​នេសាទ​ជា​មួយ​អ្នក​នេសាទ​ដែល​ប្រើ​ឧបករណ៍​ប្រពៃណី។ អ្នក​នេសាទជាតិ​ឥណ្ឌា​បាន​និយាយ​ថា​គេ​តែង​តែ​ហៅ​​ផ្សោត​ដើម្បី​​ឲ្យ​ជួយ​ដេញ​ត្រី​ផ្សេងៗចូល​មង។ នៅ​ឯ​មីយ៉ាន់ម៉ារ​ នៅ​ភាគ​ខាង​លើ​ទន្លេ​អ៊ីរ៉ាវ៉ាឌី ​​ផ្សោត​នេះ​តែង​តែ​ដេញ​ត្រី​ផ្សេងៗ​ឲ្យ​ចូល​ក្នុង​សំណាញ់​នៅ​ពេល​ដែល​វា​ទទួល​សម្លេង​ពី​អ្នក​នេសាទ ជា​ការ​​តបស្នង​មកវិញ​អ្នក​នេសាទ​តែង​តែ​ផ្តល់​ជា​ត្រី​ខ្លះ​មក​ឲ្យ​​ពួក​វា​វិញ។ បើ​តាម​ប្រវត្តិសាស្រ្ត អ្នក​នេសាទនៅ​ទន្លេ​អ៊ីរ៉ាវ៉ាឌី​បាន​បញ្ជាក់​ថា​​​ផ្សោត​​និមួយៗ​​មាន​ទំនាក់​ទំនង​ជា​មួយ​ភូមិ​នេសាទមួយ​ៗ​ផ្សេង​គ្នា​ដែរ ហើយ​ក៏​ជួយ​ដេញ​ត្រី​ទៅ​តាម​ភូមិ​ដែល​មាន​ទំនាក់​ទំនង​រៀង​ៗខ្លួន។ សេចក្តី​រាយការណ៍​នៅ​ឆ្នាំ​១៨៧៩​ បាន​បញ្ជាក់​ថា​ការ​ទាមទារ​ស្រប​ច្បាប់​តែង​តែ​ត្រូវ​បាន​យក​ទៅ​​ប្តឹង​នៅ​​តុលាការ​​ស្រុក​ ដើម្បី​ទាមទារ​ចំណែក​​ត្រី​ដែល​ជាប់​ក្នុង​សំណាញ់​អ្នក​ដទៃ​ ដែល​ថា​​​ផ្សោត​ខ្លួន​បាន​ជួយ​ដេញ​បញ្ចូល។

ការគម្រាម​​កំហែង

​ផ្សោត​អ៊ីរ៉ាវ៉ាឌី​តែង​តែ​រង​ការ​​ប៉ះ​ពាល់​ពី​មនុស្ស​ជា​ជាង​​ផ្សោត​ផ្សេង​ទៀត​ដែល​​រស់​ឯ​នៅ​កណ្តាល​សមុទ្រ។ ការ​លង់​ទឹក​នៅ​ក្នុង​សំណាញ់​​ក្រឡា​មុង​ គឺ​ជា​គ្រោះ​ថ្នាក់​ដ៏​ចម្បង​បំផុត​ចំពោះ​ពួក​វា។ របាយការណ៍​ភាគ​ច្រើន​អំពី​ការ​ស្លាប់​របស់​​​ផ្សោត​នៅ​ក្នុង​តំបន់​ដែល​វា​រស់​នៅ​ក្រុម​​តូចៗ​ គឺ​បណ្តាល​មក​ពី​​ការ​ចាប់​ដោយ​ចៃ​ដន្យ​ ការ​លង់​ក្នុង​សំណាញ់​មុង​ និង ក្នុង​អួន។ នៅ​ភីលីពីន​ គឺ​បណ្តាល​មក​ពី​សំណាញ់​ចាប់​ក្តាម​ នៅ​មីយ៉ាន់ម៉ារ ដោយ​ការ​ឆក់​ត្រី​និង​ការ​រុក​រក​រ៉ែ​មាស។ បើ​ទោះ​ជា​អ្នក​នេសាទភាគ​ច្រើន​មាន​ចិត្ត​អាណិត​ដល់​បញ្ហា​របស់​​ផ្សោត​យ៉ាង​ណា​ក្តី​ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​បោះ​បង់​របរ​ចញ្ចឹម​ជីវិត​តាម​ទម្លាប់​ដើម​​របស់​គេ​បាន​ដែរ។

នៅ​ប្រទេស​អាស៊ី​ជា​ច្រើន​ ​ផ្សោត​អ៊ី​រ៉ាវ៉ាឌី​​ត្រូវ​បាន​គេ​ចាប់​យក​មក​ចញ្ចឹម​ដើម្បី​បង្ហាត់​ទុក​សម្តែង​នៅ​​ក្នុង​​សួន​មច្ឆា​​សាធារណៈ។ រូប​រាង​ដ៏​ទាក់​ទាញ​របស់​ពួក​គេ​ និង​អត្ត​ចរិត​ដែល​ប្លែក​ខុស​ពីគេ​ រួម​ទាំង​ការ​ព្រួស​ទឹក​ ការ​ងើប​ផុស​ពី​ទឹក ការ​បក់​កន្ទុយ​ បាន​ធ្វើ​ឲ្យ​ពួក​វា​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​សម្តែង។ ​មាន​ការ​ជម្រុញ​យ៉ាង​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​​ផ្សោត​នេះដើម្បី​ហេតុផល​ពាណិជ្ជកម្ម ក៏​ព្រោះ​តែ​វា​អាច​អាច​រស់​បានក្នុង​អាង​ទឹក​​សាប ដែល​គេ​អាច​ជៀស​វាង​ការ​ចំណាយ​យ៉ាង​ច្រើន​ទៅលើ​​ការ​រស់​នៅ​របស់​​ផ្សោត​ទឹក​ប្រៃ​វិញ។ តំបន់​ដែលមាន ឬនៅ​ជិត​រង្វង់​រស់​នៅ​​របស់​​​​ផ្សោត  បាន​កើន​ឡើង​​នូវ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ការ​​សាងសាង​សួន​កំសាន្ត​ កាស៊ីណូ និង​កន្លេង​កំសាន្ត​ផ្សេង​ៗ​ដែល​ទាក់ទង​​នឹង​​ផ្សោត។ នៅ​ឆ្នាំ​២០០២ មាន​សួន​ទឹក​​​ផ្សោតជាង​៨០ (Dolphinariums) ​ នៅយ៉ាង​តិច​៩​​ប្រទេស​នៅ​អាស៊ី។

ការ​ស្លាប់​ដោយ​ប្រយោល​របស់​​​ផ្សោត​ធ្លាប់​កើត​មាន​យ៉ាងញឹក​ញាប់នៅពេល​មួយ នៅ​វៀតណាម​ និងថៃ បណ្តាល​មក​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​យក​ត្រី។ កាលពី​អតីតកាល​ ការ​សម្លាប់​ផ្សោត​យក​ខ្លាញ់​គឺ​ជាមូល​ហេតុ​​ដ៏​ចម្បង​និង​ផ្ទាល់។

សហជីព​អន្តរជាតិ​អភិរក្ស​ធម្មជាតិ​និង​ធនធាន​ធម្មជាតិ​ ដែល​ហៅ​កាត់​ថា IUCN (The International Union for Conservation of Nature and Natural Resources) បាន​ចុះបញ្ជី​តំបន់​ដែល​មាន​ចំនួន​​ផ្សោត​រស់​នៅ​ជា​ក្រុម​តូច​ៗ​​ចំនួន​៥​ក្នុង​ចំនោម​៨​ ជា​កន្លែង​ដែល​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ បណ្តាល​មកពី​ការ​លង់​សំណាញ់​។ ឧទាហរណ៍​ ដូច​ជា​នៅ​​ចំនួន​ផ្សោត​នៅ​តំបន់​ទឹកប្រៃ​ម៉ាឡាំប៉ាយ៉ា ដែល​កាល​ពីគេ​រក​ឃើញ​នឹង​រាប់​នៅ​ឆ្នាំ​១៩៨៦​ មាន​ចំនួន​៧​៧​ក្បាល​ ប៉ុន្តែ​ដោយ​សារ​​មាន​សកម្ម​ភាព​ប៉ះ​ពាល់​លើ​បរិស្ថាន​ជា​ច្រើន ចំនួន​នេះ​បាន​ធ្លាក់​​ចុះ​មក​​នៅ​ត្រឹម​៤៧ក្បាល ​នៅ​ឆ្នាំ​២០០៧។

កិច្ចអភិរក្សនៅកម្ពុជា

នាយកដ្ឋាន​ជលផល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នូវ​ព្រះ​រាជក្រឹត្យ​មួយ​សម្រាប់​ការ​ពារ ​ផ្សោត​អ៊ីរ៉ាវ៉ាឌី​នៅ​ទន្លេ​មេគង្គ ដែល​បង្កើត​ឲ្យ​មាន​តំបន់​ការ​ពារ​ចំនួន​៨​ដែល​មាន​ក្រលា​ផ្ទៃ​​សរុប​ចំនួន​ ៥,៧២១ហិចតា​ នៅ​តាម​បណ្តោយ​ដង​ទន្លេ​ប្រវែង​១៩០​គ.ម នៅខាង​លើ​ខេត្រ​ក្រចេះ។ ការ​បង្កើត​តំបន់​អភិរក្ស​ត្រី​ទឹក​ជ្រៅ​ដែល​គ្រប់​គ្រង​ដោយ​សហគមន៍​ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ​អាច​បង្ហាញ​ពីឱកាស​យ៉ាង​ពិសេស​ក្នុង​ការ​ស្លាប់​របស់​​​ផ្សោត​​ពី​ការ​ជាប់​សំណាញ់​ក្រឡា​មុង​នៅ​​រដូវ​ប្រាំង។ កិច្ច​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​តំបន់​ការពារ​សម្រាប់​​ផ្សោត​កំពុង​តែ​ដំណើរ​ការ​។ នៅ​ឆ្នាំ​២០០៥ មូលនិធិ​សត្វព្រៃ​ពិភពលោក​ ហៅកាត់ថា​ WWF (World Wildlife Fund) បាន​បង្កើត​គម្រោង​អភិរក្ស​​ផ្សោត​ទន្លេ​មេគង្គ​កម្ពុជា (Cambodian Mekong Dolphin Conservation Project) ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ និង​សហគមន៍​ក្នុង​តំបន់​​ដែល​​​​ត្រី​ផ្សោតរស់​នៅ។ គោល​ដៅ​របស់​គេ​គឺ​គាំ​ទ្រ​ការ​រស់​នៅ​បន្ត​របស់​​ផ្សោត​ដែល​នៅ​សេសសល់​ ក្រោម​សកម្មភាព​អភិរក្ស​ជា​គោលដៅ  ការ​ស្រាវជ្រាវ និង​ការ​អប់រំ។

ចំនាំ៖ នេះ​ជា​អត្ថ​ដែល​អ្នកនិពន្ធ​បកប្រែ​ពី​សព្វវចនាធិប្បាយ​សេរី​ជាភាសាអង់គ្លេស ក្នុង​គោល​បំណង​បកប្រែ​មកជា​ភាសា​ខ្មែរ​សម្រាប់​សព្វវចនាធិប្បាយ​សេរី​ជាភាសាខ្មែរ

អ្នក​អាច​អាន​ផង​ដែរ​នូវ​​អត្ថបទ​​កាសែត​ដែល​និយា​យ​ពី​ការ​ប៉ះ​ពាល់​លើ​​ផ្សោត​នៅ​ ទីនេះ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្វកម្រ​នៅកម្ពុជា and tagged , , , , . Bookmark the permalink.

8 Responses to ផ្សោត អ៊ីរ៉ាវ៉ាឌី (Irrawaddy Dolphin)

  1. Sao Sreymao និយាយថា៖

    សូមអភទោស!!​ខ្ញំុ​សុំអោយគាត់ស្រាវជ្រាវបាន​ច្បាស់ជាននេះបនិ្តច!!តាមតែខ្ញុំដឹងសត្វផ្សោតមិមានច្រីនទេ!!ខ្ញុំស្រលាញផ្សោតខ្ញុំចងអានពមានច្បាសលាស់បន្ថែមអគុណដែលបានចែករំលែក!!

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ស្រីម៉ៅ​ដែល​បាន​បញ្ចេញ​មតិ ។ អត្ថបទ​នេះ​ខ្ញុំ​បក​ប្រែ​ទាំង​ស្រុង​ពី​អត្ថបទ​ជា​ភាសា​អង់គ្លេស​របស់ វីគីភីឌា ។ តើ​ស្រីម៉ៅ​មាន​ចម្ងល់​ត្រង់​ណា​ដែរ ? អា​ចប្រាប់​ខ្ញុំ​បានទេ បើ​អាច​ខ្ញុំទៅ​រក​បន្ថែម ។

    • Sao Sreymao និយាយថា៖

      អូបើអ្នកបកប្រែពីគេដែលអត់អីទេ!!!នៅពេលដែលខ្ញុំអានហេយ,,,,, after i read all ur script i think it wrong from what i read from WWF information base

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំមិនមែន​អ្នក​ឯកទេស​ផង បើ​មិនបក​ម៉េច​នឹងកើត ។ សុំ​ឯកសារពីខាង WWF មើល​ផង ចង់​ដឹង​ខុស​គ្នា​ត្រង់​ណា ។

  2. Sao Sreymao និយាយថា៖

    ban ter can u sent me yr mail???? well pleas keep licene pong after read :D:D អត់ទាន់ចង់ជាប់គុកទេ!!!!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s