ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា


មហាចក្រភពខ្មែរ

កម្ពុជាបច្ចុប្បន្ន

គោលបំណង​របស់​ប្រវត្តិសាស្ត្រ​សង្ខេប​របស់​ប្រទេស​កម្ពុជា​នេះ គឺ​ដើម្បីជួយ​ឲ្យ​អ្នក​ដែល​មិន​ទាន់​​ស្គាល់​ច្បាស់​អំពី​កម្ពុជា​ឲ្យ​យល់​អំពី​ការ​ចលាចល​ផ្ទៃក្នុង និងការ​ប្រទាញ​ប្រទង់​ដណ្តើម​អំណាច​ដើម្បី​គ្រប់​គ្រង​ប្រទេសនេះ ដែលធ្វើ​ឲ្យ​មាន​អស្ថេរភាព​ផ្នែក​នយោបាយ​មក​ដល់​​សព្វ​ថ្ងៃ។ ជម្លោះបាន​ឆក់​យកជីវិត​ប្រជាជន​ខ្មែរ​រាប់លាននាក់ ហើយ​នាក់ដែល​សេស​សល់​រស់នៅ​ទាំង​ងងឹត​ងងុល​ចំពោះជីវិត​ចំពោះ​​មុខ​របស់ពួកគេ។ ពួកយើង (ជនជាតិខ្មែរ) គិត​តែ​អំពី​បញ្ហា​ផ្ទាល់​របស់​យើងទេ ហើយ​តែង​តែ​មិន​ចង់​លូក​ដៃ​ក្នុង​រឿង​របស់​អ្នក​ដទៃ ដរាប​ណា​យើង​អាច​រស់នៅ​ដោយ​មាន​សន្តិភាព និងសុខមាលភាព។ ដោយ​មូលហេតុនេះ ​បូក​រូម​ទាំង​ការ​ឃ្លាត​ឆ្ងាយ​នៃ​ភូមិសាស្ត្រ​​​ផង​ បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​បាន​ត្រឹម​តែ​ស្គាល់​កម្ពុជា​ តែមិន​ប្រហែល​ជា​មិន​អាច​ដឹង​អំពី​ជម្លោះផ្ទៃ​ក្នុង​នៃ​ប្រទេស​នេះទេ។

កម្ពុជា​ ធ្លាប់​ជា​រាជាអាណាចក្រ​ដ៏ធំ​មួយ​ដែល​មាន​​អរិយធម៌​រីក​លូត​លាស់​ដល់​កំពូល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​នៅ​​ពេល​​បច្ចុប្បន្ន​នេះ​​បាន​រួម​តូច​ស្ទើរ​មើល​មិនឃើញ។ មកទល់​ពេល​នេះ សូម្បីតែ​ប្រាសាទ​អង្គរវត្ត​ដែល​ធ្លាប់​បានឈរ​បង្ហាញពី​ភាព​អស្ចារ្យ​បំផុត​នៃ​វប្បធម៌​ខ្មែរ ក៏​ដូច​ជា​និមិត្តសញ្ញា​ជាតិ​ ក៏​បាន​បាក់​បែក​ដោយ​អន្លើ​គួរឲ្យ​សោក​ស្តាយ​ផងដែរ។ មាន​ទំនាយ​ពី​ដូន​តា​មួយ​បាន​ទាយ​ទុកថា​ ថ្ងៃណា​មួយ​ជន​ជាតិ​ខ្មែរ​ដ៏​អភ័ព្វ​នឹង​ត្រូវ​តែសម្រេច​ចិត្ត​ជ្រើស​រើស​យកមួយរវាង “ចុះទឹក​ក្រពើ​ ឡើង​លើ​ខ្លា”។ ឥឡូវ​នេះ​យើង​កំពុង​តែ​ឃើញ​ថា​ ទំនាយ​នេះ​បាន​កើតឡើង​ឆុត​ឆាប់​តាម​រយៈរឿង​ដ៏អណោច​អធម​ជា​ច្រើន​។ ប្រជាជន​ខ្មែរ​ កំពុង​ស្ថិត​នៅលើ​តំបន់ “ជិតដាច់ពូជ” ​ស្លាប់​ដោយ​យឺតៗ ដោយ​ប្រយោល​ តាម​វិធីដែល​គេ​ប្រើ​ប្រាស់​ដើម្បី​គ្រប់​គ្រង​អំណាច​តែ​ឯក​​ឯង។ ការ​កសាង​មាគ៌ា​ដើម្បី​ឲ្យ​​មាន​ និតិរដ្ឋ​​កម្ពុជា​​មួយ ប្រហែល​ជាមិនអាចទៅរួច​ដរាប​ណា​ ចិននិង​វៀតណាម​នៅ​តែ​បន្ត​ដណ្តើម​គ្នា​ផ្សព្វផ្សាយ​ឥទ្ធិពល​របស់គេ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​រៀងៗខ្លួន។ ម៉្យាង​ទៀត​ផង​ដែរ​ តាំង​រៀង​មកពី​អតីតកាល​មកដល់​បច្ចុប្បន្ន​អ្នកដឹកនាំខ្មែរ​ជាច្រើន តែង​តែ​គ្មាន​​បំណង​ចែក​​រំលែក​​អំណាច​ជាមួយ​អ្នកដទៃតាម​របៀប​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​សំខាន់​​បំផុត​គឺ​ ជនជាតិ​ខ្មែរ​ខ្លូនឯងដែល​មិនចេះ​អត់អោន​ឲ្យ​គ្នា ហើយគ្មាន​បំណង​នឹង​ទទួល​ការ​ផ្សះផ្សា​ផ្ទៃ​ក្នុង។

ជា​បថម វា​ចាំបាច់ណាស់ដែល​យើង​ត្រូវ​បង្កើត​ឲ្យ​មាន​ការយល់ដឹង​អំពី​ប្រវត្តិដើម​ របស់​ប្រទេស​ និងជនជាតិមួយនេះ។ ប្រទេស​នេះត្រូវ​បាន​គេ​ហៅ យ៉ាង​ច្រើន​បែប​ច្រើនយ៉ាងនៅ​រយៈ​ពេល​ ៥ទសវត្ស​ចុងក្រោយ​នេះ។ នៅពេល​សព្វថ្ងៃនេះ​ ប្រទេសនេះត្រូវ​បានគេស្គាល់ថា ខេមបូឌា ជាភាសា​អង់គ្លេស និង កាំបូដស៍ ជាភាសាបារាំង ហើយ​ប្រជាជន​​ត្រូវ​បានគេហៅថា ប្រជាជន​កម្ពុជា។ *ទោះ​ជាយ៉ាង​ណា​ ប្រជាជន​កម្ពុជា​ ចូល​ចិត្ត​ឲ្យ​គេ​ហៅថា​ ខ្មែរ ដែល​មាន​ន័យ​​ថា​ “ភ្នំ” (សម្តៅ​ទៅលើ​ភាព​អស្ចារ្យ និង​ការរួប​រូម) ដែល​វា​ជា​ឈ្មោះ​ដើម​របស់​ពួកគេ។ ប្រទេស​​នេះ​ត្រូវ​បាន​ជនជាតិ​ខ្មែរខ្លូនឯង ហៅថា​ កម្ពុជា ឬ ស្រុកខ្មែរ ជាជាង​ខេមបូឌា។ ផ្ទុយ​ទៅវិញ​ពាក្យថា ​ខេមបូឌា​ ត្រូវបាន​គេ​ស្គាល់នៅ​ពាសពេញ​ពិភពលោក។ ភាគច្រើន​នៃ​ប្រជាជន​​ខ្មែរ​គឺជា​ប្រជាជន​​ក្នុង​​ក្រុម​​អម្បូរ ខ្មែរ-មន។ *ប្រជាជន​ខ្មែរ​គឺ​ជា​ល្បាយ​នៃ​ប្រជាសាសន៍​ច្រើន​​​ជាតិ​ពន្ធុដែល​បាន​ធ្វើ​អន្តរអពាហ៍ពិពាហ៍​​ចូល​មក​រស់​នៅ​អស់​រយៈ​ពេល​រាប់សតវត្ស​មក​ហើយ។

អរិយធម៌ខ្មែរ​បាន​ទទួល​​ឥទ្ធិពល​ពី​ សាសន​ហិណ្ឌូ និងពុទ្ធសាសនា​ ក្នុងកំឡុង​ពេល​នៃ​​រាជាណាចក្រ​ ហ្វូណន និងចេនឡា។ មកដល់​ចុង​សតវត្សទី៦ ដើមសតវត្សទី៧ រាជាណាចក្រ​​ចេនឡា​បានគ្រប់​គ្រង​លើ​រាជាណាចក្រ​ហ្វូណន​ទាំងស្រុង។ នៅក្រោម​ការ​ដឹក​នាំ​របស់​ ព្រះមហាក្សត្រ ជ័យវរម៌នទី២ សុរិយវរម៌នទី២ និង ជ័យវរម៌នទី៧ ប្រជាជន​ខ្មែរ​បាន​កសាង​​រាជធានី​នៅតំបន់​អង្គរ​កំឡុងពី សតវត្សទី៩ ដល់ទី១៣។ ប្រជាជន​ខ្មែរ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​បុព្វបុរស​គេដែល​បាន​សាង​ សំណង់​មួយ​ដ៏​អស្ចារ្យនៅលើលោក។ នៅ​ពេល​ខ្លះ ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បានគេហៅថាជា​ អច្ឆរិយវត្ថុទី៨ក្នុងលោក។ អង្គរវត្ត​គឺ​ជា​ក្រុម​​ប្រាសាទ​ដែល​​ពោរពេញដោយ​ចម្លាក់ថ្មដែល​បាន​រចនា​យ៉ាង​ប្រណិត​ជាប់​និង​តួ​ប្រាសាទ​រាង​សាជី និងប៉មជាច្រើន។ ឆ្លង​កាត់​តាម​ប្រវត្តិសាស្ត្រ​របស់ខ្លួន ប្រទេសកម្ពុជាបានជួបប្រទះ​សង្រ្គាម​​ផ្ទៃ​ក្នុង​ស្ទើរ​រាប់មិនអស់ និង​សង្រ្គាមជា​មួយប្រទេស​ជិត​ខាង ជាពិសេសេ ថៃ​និង​វៀតណាម។ បើទោះជា​យ៉ាង​នេះ​ក្តី កម្ពុជាក៏​ចង់​ក្លាយ​ជា​រដ្ឋ​មួយ​ដ៏​មានឥទ្ធិពលដែរ។ នៅ​ឆ្នាំ១១១៣ ព្រះមហាក្សត្រ សុរិយវរម៌នទី ២ បានកាច់ផ្តាច់យក​រាជាណាចក្រ​ចម៉្បា​មកធ្វើ​ជា​រដ្ឋចំនុះ នៅ​ពេល​ដែល​ស្តេចចាម្ប (ចាម្ប​អ៊ីស្លាម) មិន​យល់​​ព្រម​រួម​ដៃដើម្បី​វាយ​រដ្ឋ​វៀតណាម​នៅភាគ​ខាង​ជើង​។ អ្នកដឹកនាំ​ខ្មែរ​តែង​តែ​មាន​ជម្លោះ​រវាងគ្នា​និងគ្នា​ ក្នុង​ការ​បែង​ចែក​អំណាច​គ្រប់​គ្រង​ប្រទេស។ ភាព​ប្រទូស​សារ៉ាយ​​រវាង​ពួក​គេ​ បាន​បណ្តាល​ឲ្យខ្មែរ​បែក​បាក់​ផ្ទៃក្នុង​ ហើយ​​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរស្ថិត​នៅយ៉ាងចំហរ​ចំពោះ​ការ​គៀប​សង្កត់​មកពី​ប្រទេស​ជិតខាង។ ចាប់ពីសតវត្ស​ទី១៤ ក្រោមការ​វាយ​លុក​​ជាញឹក​ញយ​របស់ទ័ពសៀម បាន​បង្ខុះឲ្យ​ប្រជាជនខ្មែរបោះបង់​រាជធានី​អង្គររបស់ពូកគេ។ ៣០០ឆ្នាំក្រោយ​មកពួកគេ​បានវាយ​យក​បានមកវិញ​ ហើយ​បាន​ប្តូ​រឈ្មោះ​តំបន់​អង្គរ​ទៅជា «សៀមរាប» ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់​ដឹង​ថា​ ទ័ព​ខ្មែរ​បាន​វាយ​សៀម​ឲ្យ​រៀប​ដូច​កន្ទេល។ ដោយ​មាន​ជប៉ុន​នៅពីក្រោយ​ខ្នង​នោះ សៀម​ក៏​បាន​យក​ខេត្តភាគនិរតីរបស់កម្ពុជាម្តងទៀត​នៅឆ្នាំ១៩៤០។

នៅ​ដើម​សតវត្ស​ទី១៧ ស្តេច​ជ័យជេដ្ឋា​ទី២ ដោយ​ចង់​សង់​ស្ពាន​មេត្រីភាព​ជា​មួយវៀតណាម ក៏​បាន​រៀបការ​ជាមួយ​ម្ចាស់​ក្សត្រី​យួន​​ម្នាក់ (ឯកសារខ្លះ​ថា​ គ្រាន់តែ​ជា​ស្រី​យួន​សាមញ្ញ)។ ដោយ​ហេតុនេះ​ មេដឹកនាំយួន​ក៏​បានទាមទារ​សិទ្ធិ​ឲ្យ​ជន​ជាតិ​យួន​ចូល​មករស់នៅ​ដែនដី​កម្ពុជា​ក្រោម។​ កម្ពុជាក្រោម​គឺជាដែនដី​ផ្នែក​ខាង​ក្រោម​នៃប្រទេសកម្ពុជា​ដែល​ស្ថិតនៅតាមដង​ទន្លេ​មេគង្គ​ ដែល​​ធ្លាប់​​ជាដែនដី​របស់​រាជាណាចក្រ​ហ្វូណន​ពី​អតីត​កាល ហើយ​ដែល​បច្ចុប្បន្នបាន​ក្លាយ​​ជា​ផ្នែក​មួយ​នៃប្រទេស​វៀតណាម។ ដោយ​យល់ស្រប​តាម​ការ​សំណូមពរ​​​របស់​ប្រពន្ធ​របស់ខ្លួន ស្តេច​ជ័យ​ជេដ្ឋាទី២ ក៏បាន​អនុញ្ញាត​ឲ្យទ័ពយួន​បោះ​ទីតាំង​នៅ​​ក្រុង​ព្រៃនគរ​ កម្ពុជា​ក្រោមទៀត។ ក្រោយ​​​​មក​​មិនយូរផង ព្រៃនគរ​ក៏​បាន​ក្លាយជា​ទីក្រុង​របស់​វៀត​ណា​មខាងត្បូង​ដែល​ហៅ​ថា សាយហ្គន (សូម​ជម្រាប​ថា​ ឥឡូវ​សាយហ្គន​​​មាននៅ​ពាសពេញ​ស្រុកខ្មែរ ជាពិសេសនៅ​ក្រុង​ភ្នំពេញ)។ ស្តេច​ជ័យជេដ្ឋាទី២ ត្រូវបាន​ប្រជាជន​ខ្មែរ​ចាត់ទុកជា​ជនក្បត់​ជាតិ​ដោយ​កាត់ដី​ខ្មែរ​ ដើម្បីតែ​ប្រដាប់​ស្រីយួនមួយ (មានគេហៅ​គាត់ថា​ ព្រះអង្គម្ចាស់លិង្គ ព្រោះគាត់ចូលចិត្ត​តែរឿងណឹង​ពេក)​។ ជា​ច្រើនជំនាន់​តមក​ ប្រជាជន​ខ្មែរ​នៅ​តែ​ចាំ​មិន​ភ្លេច​រឿង ទឹកដីកម្ពុជាក្រោម និង រឿង​កំពប់តែអុង (កំពប់តែរបស់តា)។ តែអុង​ជាឈ្មោះ​ដែល​​គេ​​ដាក់​ឲ្យវិធីដែល​យួន​ធ្វើ​ទារុណកម្មនិង​សម្លាប់ជនជាតិខ្មែរ។ ពួក​គេ​បានកប់​ប្រជាជនខ្មែរត្រឹមក​ ដោយ​​យក​ក្បាល​មនុស្ស​រស់​ផ្តុំធ្វើ​ជើង​ចង្ក្រានដាំតែ ឯអ្នកនោះ​នឹង​ក្តៅ​រលាក​​រលួយ​​ពិបាក​​ទ្រាំ​រើ​មិន​រួច​រហូតស្លាប់។ ពាក្យ​ចាស់ថា យួន​និង​ខ្មែរដូចទឹកនិងប្រេង ហើយ​​​ផ្តាំប្រជាជន​ខ្មែរ​​ថា​ យួន​មិន​ដែល​ចោល​ពុត​ត្បុត​របស់វាទេ។

ពិនិត្យ​​តាមបែប​​ប្រវត្តិសាស្រ្ត មេដឹកនាំ​ខ្មែរ​តែង​តែ​ស្វែង​រក​វិធី​ដើម្បី​សង្គ្រោះ​ប្រទេសកម្ពុជា​ កុំ​ឲ្យ​បាត់​​ពីផែនទីពិភពលោក ដោយ​សម្លាប់​គ្នាឯង ឬក៏ពឹង​គេ។ ពីឆ្នាំ១៨៤១-១៨៥៩ ស្តេចអង្គឌួង​បាន​​សុំ​ឲ្យ​បារាំង​មកជួយ​​ប្រទេស​កម្ពុជា​ កុំឲ្យ​បាត់បង់ដោយ​សារ​ ថៃ​និង​វៀតណាម​។ នៅ​ឆ្នាំ១៨៦៤​ ក្រោមរាជរបស់ស្តេចនរោត្តម​ (ជីតាទួត​របស់ព្រះអង្គម្ចាស់ សីហនុ) ស្ថេរភាព​ខាង​នយោបាយ​ត្រូវ​បាន​គេ​ស្តារឡើងវិញ ដោយ​ការ​​​បង្កើត​អាណាព្យាបាល​បារាំង ដែល​ស្ថិត​នៅ​រហូត​ក្រោយ​សង្គ្រាម​លោកលើកទី២។ កំឡុង​សង្រ្គាម​លោក​លើក​ទី២ ទ័ព​ជប៉ុន​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា ប៉ុន្តែ​ទុកឲ្យ​បារាំង​គ្រប់គ្រង​ផ្នែករដ្ឋបាល (ជីតាទួត​របស់ខ្ញុំ​បាន​ប្រាប់​ថា ខ្មែរ​ចូលចិត្ត​​ជប៉ុន​​ជាង​បារាំង)។ ដោយមូលហេតុ​សេដ្ឋកិច្ច​ នៅឆ្នាំ១៨៨៤ បារាំង​បាន​ប្រើចុង​កាំភ្លើង​​បង្ខំ​ស្តេច​នរោត្តម ឲ្យ​ចុះ​ហត្ថលេខា​ទទួលស្គាល់​អាណានិគម​​​បារាំង​មក​លើ​ប្រទេស​កម្ពុជា។ ជំនួស​ដោយ​​ការ​​ជួយ​​សង្គ្រោះ​​​ប្រទេស​​កម្ពុជា​ពី​ការ​​លេប​ត្របាក់ពីវៀតណាមនិងថៃ បារាំង​​បែរ​ជា​កាត់ទឹកដី​កម្ពុជាក្រោម​ឲ្យទៅសត្រូវ​ចាស់របស់​កម្ពុជា។ បារាំង​ក៏បាន​នាំមកនូវ​និគមជន​យួន​រាប់ពាន់អ្នកមក​កាន់កាប់​ខាង​រដ្ឋបាល និងសេដ្ឋកិច្ច​របស់​ខ្មែរ។

នៅឆ្នាំ១៩៤១ ដោយ​សង្ឈឹមថា​នឹង​អាច​ផ្សព្វផ្សាយ​ឥទ្ធិពលរបស់គេឲ្យកាន់តែខ្លាំង បារាំងបាន​លើក​បន្តុប ព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ ដែលទើប​តែ​មានអាយុ​១៨ឆ្នាំ​ឲ្យឡើង​សោយរាជ្យ។ ជា​អកុសល​ចំពោះបារាំង ព្រះអង្គម្ចាស់​សីហុន​ដ៏ក្មេងខ្ចី​ បែរ​ជា​សុខចិត្ត​បោះបង់​​រាជបល្ល័ង​ ហើយ​​ទៅរួប​រូម​ជា​មួយ​សកម្មជនខ្មែរដទៃទៀត ក្នុងគោលបំណង​ទាមទារ​ឯករាជ្យ​ពី​បារាំង​មក​វិញ។ នៅឆ្នាំ​១៩៥៣ ប្រទេស​កម្ពុជា​បាន​ទាមទារ​យក​ឯករាជ្យ​របស់ខ្លូន​បានមកវិញ​ ហើយ​ក្លាយជា​រដ្ឋ​​​អព្យាក្រឹត្យ និង​សន្តិភាព​មួយ។ ទោះជាយ៉ាងណា​សន្តិភាព​នេះ​មាន​រយៈខ្លីប៉ុណ្ណោះ។ ពី​ឆ្នាំ១៩៦៧-១៩៦៩ ព្រះអង្គម្ចាស់សីហនុ បានខិតខំ​ប្រឹងប្រែង​​ធ្វើ​យ៉ាង​ណាកុំឲ្យ​សង្រ្គាម​រវាង​ សហរដ្ឋ​អាមេរិច​និង​វៀតណាម ប៉ះពាល់ដល់​កម្ពុជា។​ សហរដ្ឋ​អាមេរិច​បាន​ស្នើរ​សុំ​តាំង​បន្ទាយ​ទ័ព​​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ដើម្បី​បណ្តេញ​ពួក​យួន​​ខាងជើង​ដែល​ចូល​មកសម្ងំ​គេច​ពី​ការ​​ទម្លាក់​គ្រាប់បែក​របស់​អាមេរិច ជា​ថ្នូរ​និង​ការ​​ជួយ​​​សាង​​សង់​​ប្រទេស​កម្ពុជា​ឡើងវិញ​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ (កំហុស​១ដ៏ធំ?)។

នៅថ្ងៃ១៨មិនា១៩៧០ ឧត្តមសេនីយ​លន់.ណុល បាន​ទម្លាក់​ព្រះអង្គម្ចាស់​សីហនុ​ ចេញ​ពី​ដំណែង​​ប្រមុខរដ្ឋនៅពេល​ព្រះអង្គ​ទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​បរទេស។ លោកលន់.ណុល បានចោត​ប្រកាន់​​ព្រះអង្គម្ចាស់​សីហនុ​ ពីបទរួបរូម​ចូលដៃជើង​ជា​មួយ​​ចិន​កុំមុយនីស្ត និង​វៀតណាមកុំមុយនីស្តខាងជើង ឯព្រះអង្គ​បែរជា​ចោត​លោក​លន់.ណល់​​ថា ល្មោភអំណាចនិងទឹកប្រាក់ (១ណា ឡូស៊ីចជាង? សុំ​ពិចារណា​ដោយ​ខ្លួនឯង)។ លោក​លន់.ណុល​បាន​ប្តូរ​គោល​នយោបាយ​កម្ពុជាពី​អព្យាក្រឹត្យ​ទៅជា​ប្រឆាំងនឹង​កុំមុយនីស្ត ហើយ​​ភ្លាមៗ​នោះ​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​​ដ៏អូស​បន្លាយ​ម្តងទៀត ទាំង​ផ្ទៃក្នុង​ និង​ឆាកអន្តរជាតិ។ ពីរ​ខែ​ក្រោយ​មក​ ទ័ព​អាមេរិច​និង​យួន​​ខាង​ត្បូង​បានចូល​មកប្រទេស​កម្ពុជា​ដើម្បី​ជួយ​ទ័ព​លោក​លន់.ណុល វាយ​​បណ្តេញ​ទ័ព​យួន​ខាង​​ជើង និង​​ពួក​​បដិវដ្តន៍​​ខ្មែរ​កុំមុយនីស្ត​​​ដែល​ហៅ​ថា ខ្មែរក្រហម។

នៅថ្ងៃ១៧មេសា១៩៧៥ សហរដ្ឋ​អាមេរិច​និងរបប​សាធរណរដ្ឋ​ខ្មែរ​បានទទូល​បរាជ័យ​ ហើយ​ខ្មែរ​ក្រហម​បាន​ឡើង​កាន់អំណាច។ ប្រជាជន​​​ខ្មែរ​សង្ឈឹម​ថា​​ពួក​គេ​នឹង​បាន​ស្គាល់​សន្តិភាព​ម្តង​ទៀត តែក្តីសង្ឈឹម​នេះ​បាន​រលាយ​បាត់​ក្នុង​មួយប៉ប្រិចភ្នែក។ ប្រជាជន​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពីទីក្រុង ឯទ្រព្យសម្បត្តិត្រូវបានគេ​រឹប​អូស។ សូម្បីតែព្រះអង្គម្ចាស់​សីហនុដែល​ចូល​រូម​នឹង​ពូក​ខ្មែរ​ក្រហម​​ដោយ​សង្ឈឹម​ថា នឹង​ទទួល​បាន​អំណាច​មកគ្រប់​គ្រង​តែអង្គឯងវិញ​ម្តងទៀត ក៏​ត្រូវ​បាន​​ឃុំខ្លូននៅក្នុងផ្ទះដែរ (វាំង)។ នៅក្នុង​របបដ៏ខ្មៅងងឹតនេះ​ ប្រជាជន​​ខ្មែរ​រាប់លាន​ត្រូវ​បាន​សម្លាប់ដោយ ការ​អត់ឃ្លាន ជម្ងឺ ឬក៏​ហេតុផល​នយោបាយ​ប្រសិន​បើ​គេ​ត្រូវ​បាន​សង្ស័យថា​មាន​ពាក់​ព័ន្ធ​ជា​មួយ ពួកយួន ពួក​CIA (ភ្នាក់ងារ​សម្ងាត់អាមេរិច) ឬក៏ពួក​KGB (ភ្នាក់ងារ​សម្ងាត់​រុស៊្សី)។ ប្រជាជនខ្លះ​ត្រូវ​បាន​សម្លាប់​ព្រោះការ​សង​សឹក​​រវាង​វណ្ណៈសង្គម (អ្នកក្រសម្លាប់​អ្នក​មាន​) ឬក៏​ដោយ​សារ​ភ្នាក់ងារ​សម្ងាត់​យួន​ដែល​​ចង់​បង្ករ​​ឲ្យ​​មាន​បញ្ហា​ក្នុង​រដ្ឋាភិបាល​ខ្មែរ​ក្រហម ក្នុង​គោល​បំណង​ផ្តួល​រំលំ​របប​នេះ។ រឿង​ដែល​គេ​ដឹងច្បាស់​បំផុត​គឺ អ្នក​ដែល​ប្រឆាំងនឹង «អង្គការ»​ គឺ​ត្រូវ​តែ​ស្លាប់។ អ្នកដឹកនាំខ្មែរ​និង​បរទេស​ជាច្រើន​បានជាប់ពាក់ព័ន្ធនឹង​ការ​សម្លាប់​ទាំង​អស់​​នេះ ប៉ុន្តែ​មានតែ​មេដឹកនាំខ្មែរ​ក្រហម​ទេ​ដែល​ត្រូវ​បានចោត​ប្រកាន់ ពី​ព្រោះ​ពួកគេ​​ជា​អ្នក​ចេញមុខប្រព្រឹត្ត។ របប​ឃោរឃៅ​នេះ​​ត្រូវ​​បាន​​បញ្ចប់​​នៅ​​ពេល​​ដែល​​ទ័ព​​យួន​​លើក​ចូល​មក​សារ​ជាថ្មី។ ទោះ​ជា​បែប​នេះ​ក៏​ដោយ​ គ្រប់​រដ្ឋាភិបាល​កម្ពុជា​​សុទ្ធ​តែ​មាន​​ចំណែក​​ក្នុង​ការ​បង្ករ​ឧក្រិដ្ឋកម្ម​​ប្រឆាំងនឹង​ប្រជាជន​ខ្លូនឯង​ទៅតាម​របៀប​ផ្សេងៗគ្នា ដែល​គ្រាន់​តែ​ទំហំ​នៃឧក្រិដ្ឋកម្ម​ដាច់​ដោយ​ឡែក​ពីគ្នា។

រាប់ទសវត្ស​មកហើយ ប្រទេសកម្ពុជានិងវៀតណាម​តែង​តែ​មាន​ជម្លោះ​រឿង​ទឹកដី និងព្រំដែន។ ប្រទេស​វៀត​ណាម​ត្រូវបាន​ចាត់ទុក​ដោយ​​ប្រជាជន​ខ្មែរ​ភាគច្រើន​ថា ជា​​ប្រទេស​មួយ​ដែល​ច្រណែន​នឹង ធនធានដ៏​​សម្បូរ​ហូរហៀររបស់​ប្រទេសកម្ពុជា។ រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​របប​កម្ពុជាប្រជាធិបតេយ្យ (ខ្មែរ​ក្រហម) បានឡើង​កាន់​អំណាច​នៅ​ខែ​មេសា​ឆ្នាំ១៩៧៥ ទ័ពយួន​បានចូល​មក​កាន់កាប់​ដែន​សមុទ្រខ្មែរ ហើយ​បាន​ដណ្តើមយក​កោះ២​(មិនស្គាល់ឈ្មោះ) ដែល​គេ​ជឿថា​ជា​សម្បុក​ប្រេងកាត​របស់កម្ពុជា។ ក្រោម​កិច្ច​ព្រម​ព្រៀង​​​ពី​​អង្គការ​សហប្រជាជាតិ​ ទ័ពយួន​ត្រូវបាន​បង្ខំឲ្យ​ដក​ចេញ​ទៅ​វិញ​ក្នុង​រយៈពេល​ ២៤ម៉ោង។ នៅចុង​ឆ្នាំ១៩៧៧ ទ័ពយួន​បាន​ចូល​លុកលុយ​ភូមិភាគឦសាន ហើយ​ទាមទារ​យក​​កន្លែង​នោះ។ ស្រប​ពេលនោះផងដែរ ក្រុម​​គាំទ្រ​វៀតណាម​១​ក្រុម​ដែល​​ស្ថិត​នៅ​ក្នុង​​ជួរ​រដ្ឋាភិបាល​​កម្ពុជា​ប្រជាធិបតេយ្យ​បានប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ ប៉ុន្តែ​ត្រូវ​បាន​កម្ទេចហើយ​អ្នកដែល​នៅ​សេសសល់​បាន​រត់​ចូលទៅខាង​វៀតណាមអស់ (យើង​អាចដឹងថាមាន​នរណាខ្លះហើយ បើទោះជា​មិន​អាច​ដឹង​ទាំងអស់​ក្តី)។ *ដោយ​យក​លេសមក​​ជួយ​សង្គ្រោះ​ប្រទេសកម្ពុជា​ពី​ ‍«វាលពិឃាត» ទ័ពយួន​បាន​លុក​លុយ​ចូល​មក​ប្រទេស​កម្ពុជា ហើយ​បាន​លើក​​បន្តុប​ពួកក្បត់​ចុះចូល​​ទាំង​អស់នោះ​ឲ្យ​បង្កើតរដ្ឋាភិបាល​អាយ៉ងមួយ។ ចាប់​តាំង​ពី​ពេល​នោះ​មក​​ រដ្ឋាភិបាល​​នោះ​​​បាន​ប្រើប្រាស់ «របបប្រល័យពូជសាសន៍» ជា​ឧបករណ៍​​ដើម្បី​ទាក់ទាញ​ការ​គាំ​ទ្រ​នៅ​​ក្នុង​​ប្រទេស​កម្ពុជា។​ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​នៅពេលនោះ បាន​ជឿ​ជាក់​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​របប​​ដែល​បាន​នាំទ័ព​យួន​មក​ជួយ​សង្គ្រោះជីវិតពូកគេ។

តែបន្ទាប់ពីវត្តមានអស់​រយៈពេល​១៣ឆ្នាំ​នៃទ័ពយួន និង​ការហូរ​ចូល​មកមិនឈប់ឈរនៃ​និគមជន​យួន​ ប្រជាជន​ខ្មែរ​ចាប់​ផ្តើម​ភ័យ​​ខ្លាច​នឹង «វៀតណាមភាវូបនីយកម្ម» តាម​រយៈ​​អន្តរអាពាហ៍ពិពាហ៍ ដែលអាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​​​នឹង​ក្លាយ​ជា​កម្ពុជា​​ក្រោម​ទី​២​នៅ​​​ថ្ងៃ​​ណា​​មួយ។ ពួកគេជឿ​ថា​មេដឹកនាំយួន​ប្រកាន់​នូវទ្រឹស្តីមួយគឺ «សហព័ន្ធឥណ្ឌូចិន» ដែល​មាន​ប្រទេស​វៀតណាម កម្ពុជា និងឡាវ ប៉ុន្តែ​វៀតណាម​​ជាអ្នកដឹកនាំ។ សព្វថ្ងៃនេះ​ប្រទេស​ឡាវ​កំពុង​តែទទួលឥទ្ធិពល​វៀតណាម​ភាវូបនីយកម្មយ៉ាង​ពេញ​បន្ទុក​ ពីព្រោះគេ​ឃើញ​​ថា​គ្មាន​ចលនា​ប្រឆាំងនិងយួននោះទេ។ វៀតណាម​​បានបរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​របស់ខ្លូន​នៅប្រទេសកម្ពុជា ដោយ​សារ​តែ​មាន​​ចលនាតស៊ូរបស់ខ្មែរក្រហម និងក្រុម​ចម្រុះ​ដទៃទៀត​ដែល​​ប្រឆាំង​នឹង​យួន​ ។ វៀតណាម​​បាន​បង្ខំ​ចិត្ត​ដកទ័ព​របស់ខ្លូន​ចេញ​ពី​ប្រទេស​​កម្ពុជានៅ​ខែកញ្ញាឆ្នាំ១៩៨៩ ទើប​អាច​ឲ្យ​​សេដ្ឋកិច្ច​របស់​ខ្លួន​​រួច​​ផុត​​ពី​​ការ​​ដាក់​​ទារុណកម្ម។ ប្រសិន​បើ​ការដាក់ទារុណកម្ម​ផ្នែក​សេដ្ឋកិច្ច​ត្រូវ​បាន​លើកលែង ហើយ​រដ្ឋបាល​ក្រុង​ហាណូយ​បើក​ចំហរ​ទទួល​យក​នយោបាយ​ទីផ្សារ​សេរីនោះ ​ប្រទេស​នេះ​នឹង​អាច​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​​របស់កម្ពុជា ជាជាង​ឥទ្ធិពលផ្នែក​នយោបាយ​និងយោធា។

ពួក​សង្គមនិយម​ (កុំមុយនីស្ត?) តែង​តែចង់​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ផ្តាច់មុខ ឯពួក​មូលធន​និយម​តែង​តែភ័យ​ខ្លាចនៃការ​រីកសាយ​នៃ​លទ្ធិ​​កុំមុយនីស្ត​នៅក្នុង​តំបន់។ ការប្រទាញប្រទង់​យកសិទ្ធិ «វ៉េតូ» បូក​រួម​ជាមួយ​មេដឹកនាំខ្មែរ​ដែល​តែងតែ​ចង់​បាន​អំណាច​ផ្តាច់​មុខ​ផង​នោះ បាន​ទុកឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុងវិបត្តិ។ ប្រទេស​កម្ពុជា​បានក្លាយ​ជា​តំបន់​សម្រាប់សាក​ល្បង​អាវុធ​របស់​មហាអំណាច ពេល​ខ្លះ​វា​ពិបាក​នឹង​វិភាគ​អំពី​គោល​នយោបាយ​​របស់​មហា​អំណាច​មក​លើ​​ប្រទេស​កម្ពុជា​ផង​ដែរ។ បើ​ទោះ​ជា​ការ​ពិត​ដែល​ថា ខ្មែរក្រហម​​ជា​សត្រូវ​​នឹង​​លោក​​ខាង​លិច​​ក្តី សហរដ្ឋអាមេរិចនិង សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហាក់មិនអើពើ​ដើម្បី​ដោះស្រាយ​ជា​មួយ​​ខ្មែរ​ក្រហម​​នូវដើម​តំបូង​នៃការ​លុកលុយទេ​ តែគេ​បែរជានាំគ្នាំមក​គាំទ្រ​ក្រុម​​ចម្រុះដែល​នៅសេសសល់​ដែល​ប្រឆាំង​នឹង​ទ័ពយួន​ទៅ​វិញ។ ក្រោយមក​ប្រទេស​លោក​ខាងលិច​​និង​សហគមន៍​នៅលើ​ពិភពលោកបាន​ផ្លាស់ប្តូរ​គោលដៅ​​​របស់ពូកគេ​ដោយ​ចាត់ទុក ខ្មែរ​ក្រហម​ជា​វត្ថុគម្រាមកំហែង​មួយ​ដល់ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់។ ពួកគេគិតថា​របប​ដ៏​ឃោរឃៅ​នេះ​អាច​ត្រលប់​មកវិញម្តងទៀត (អាចទៅរួច)។ ប៉ុន្តែ​បើសិន​គ្មាន​វត្តមាន​របស់​ខ្មែរ​ក្រហម​​ទេ ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវ​បាន​បាត់បង់។ បើ​ទោះ​ជា​ខ្មែរ​ក្រហម​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ស្លូតត្រង់រាប់លាន​នាក់ ពួកគេ​ក៏ត្រូវ​បាន​ចាត់​ទុកជា​កម្លាំង​ស្នេហាជាតិ​ដោយ​ប្រជាកសិករ​និងបញ្ញវ័នខ្មែរ​ផងដែរ ព្រោះ​ពួកគេ​​បាន​ក្រោក​ឈរ​ប្រឆាំងការ​រំកិលយក​ទឹកដី ឬការ​ដាក់អាណានិគមរបស់​វៀតណាម។ ប្រទេសចិន​ក៏មាន​មុខ​ងារ​សំខាន់​ផង​ដែរ​នៅ​ក្នុង​ជម្លោះ​របស់កម្ពុជា។ ជាយូរមកហើយ ចិនជាមិត្តភក្តិដ៏​ល្អ​បំផុត​​របស់ខ្មែរ​ក្រហម ហើយ​ក៏​ជា​អ្នកគាំទ្រដ៏ធំផង​ដែរ ទាំងផ្នែកនយោបាយនិង អាវុធ​យុទ្ធោភ័ណ្ឌ។ ប៉ុន្តែចាប់​តាំង​ពី​ការ​​ដួល​រលំ​នៃរបបកុំមុយនីស្ត​នៅអឺរ៉ុប ជា​ពិសេស​​សហភាព​សូវៀត ចិន​ភ័យ​ខ្លាចថាការ​ដួល​រលំ​នេះ​អាច​រីកសាយ​​មក​ដល់​ប្រទេស​ខ្លួន​និង​ប្រទេស​វៀតណាម។ រដ្ឋបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋបាល​ក្រុង​ហាណូយ​ ក៏បាន​បង្កើនទំនាក់ទំនង​ឡើងវិញតាម​រយៈ​ប្រក្រតី​ភាវូបនីយកម្ម​ បើ​ទោះ​ជា​ក្រុង​ហាណូយ​ជា​សត្រូវ​ដ៏ធំរបស់​ខ្មែរ​ក្រហមក្តី។ វា​ប្រាកដ​ណាស់​ដែល​​ថា ប្រទេស​ចិន​បាន​ផ្សារ​ភ្ជាប់​នឹងស្តង់ដារទាំង២​នៅ​ក្នុងតំបន់នេះ ពីព្រោះ​ប្រទេស​នេះ​ចង់​​មានចំណែក​នៅក្នុង​នយោបាយ​កម្ពុជានៅពេលមុខ។

ជាច្រើនឆ្នាំដែល​ប្រជាជន​ខ្មែរ​បានទន្ទឹងរង់ចាំ​ការបញ្ចប់នូវរឿង​សោកសៅគ្រប់បែប​យ៉ាង ដើម្បី​ស្វែង​រក​សន្តិភាព។ ដើម្បី​ឲ្យ​សន្តិភាព​លេចចេញជារូបរាង កម្ពុជាបាន​ទៅពឹងពាក់សហគមន៍​អន្តរជាតិ​ម្តង​ទៀត។ ចាប់តាំងពីឆ្នាំ១៩៨១មក ​ព្រះអង្គម្ចាស់​សីហនុបាន​សន្យា​ជាមួយ​ពិភពលោក​ដោយ​ដាក់កម្ពុជា​​ក្រោម​អាណត្តិព្យាបាលភាពរបស់ អង្គការ​សហប្រជាជាតិ។ ការ​​ខំ​ប្រឹងប្រែង​​របស់​​លោក​​​បាន​​សម្រេច​​​ចេញ​​ជា​ផ្លែផ្កា​ នៅពេលដែល​សន្និសិតអន្តរជាតិ​អំពី​សន្តិភាព​នៅ​កម្ពុជា​បាន​លេច​​ឡើងនៅ​ក្រុង​ប៉ារីស ថ្ងៃ២១តុលា១៩៩១។ ថ្ងៃ​ជា​ប្រវត្តិសាស្រ្ត​នោះ​បានកើតឡើង​នៅ​ក្រុង​ប៉ារីស នៅពេល​ដែល​សន្ធិសញ្ញា​សន្តិភាព​ ត្រូវ​បាន​​ចុះ​ហត្ថលេខា​ដោយ​ភាគី​ប្រយុទ្ធ​ខ្មែរ​ទាំង​អស់ និងប្រទេស១៧ទៀត។ កិច្ចព្រមព្រៀង​ក្រុងប៉ារីស​បានផ្តល់ឲ្យ​មានការ​កកើតនៃ ក្រុមប្រឹក្សា​ជាតិជាន់ខ្ពស់ដែលជា​អង្គ​ស្រប​ច្បាប់​តែមួយគត់ និងជា​ប្រភព​នៃ​អំណាច​នៅ​កម្ពុជា​​នៅ​កំឡុង​​ពេល​ផ្ទេរ​អំណាច ហើយ​បាន​បញ្ជាក់ឲ្យ​មាន​ការ​ដក​ទ័ព​បរទេស​ទាំង​អស់​គ្រប់​ប្រភេទចេញពីទឹកដីកម្ពុជា​ដោយ​មិន​ត្រលប់​​​មក​វិញ​ជា​​ដាច់​ខាច ការ​ដកហូត​អាវុធពី​គ្រប់ភាគីប្រយុទ្ធខ្មែរទាំងអស់ ការនាំយក​មក​វិញ​នូវជនភៀស​​ខ្លូនខ្មែរពី​ប្រទេស​ថៃ និង​ការ​រៀប​ចំ​ការ​បោះឆ្នោត​មួយដ៏សេរីនិងយុត្តិធម៌ ដែល​អាច​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​ប្រើ​នូវ​សិទ្ធិ​សម្រេច​ដ៏ពិសិដ្ឋ​ផ្ទាល់ខ្លួន​របស់គេ។ អង្គការ​សហប្រជាជាតិបានធានាឲ្យ​មាន​ការ​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ។ ហើយនេះជា​កិច្ច​ប្រតិបត្តិការ​ដ៏ធំបំផុតដែល​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ។

កិច្ចប្រតិបត្តិការ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា «អ៊ុនតាក់» ដែលមានន័យ​ថា អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​នៅ​​ប្រទេស​​​​កម្ពុជា។ នៅ​ក្នុង​បេសកម្ម​របស់ខ្លួន អ៊ុនតាក់​មិនបាន​ទទួល​នូវ​លទ្ធផលល្អទាំងអស់នោះទេ។ កង្វះខាត​តម្លាភាព​ក្នុង​ការ​​អនុវត្ត​​កញ្ចប់​ថវិការ​របស់​សន្ធិសញ្ញា​នេះ​គឺជាមូលហេតុមួយ។ អ៊ុនតាក់​និង​ភាគី​​ខាងខ្មែរ​ បានចោត​ប្រកាន់​គ្នា​ទៅ​វិញ​​ទៅ​មក​ថា​មិន​បានគោរព​ទៅ​តាម​សន្ធិសញ្ញា។ ហើយដំណើរការ​នៃ​​ការ​បោះឆ្នោត​ក៏​មាន​បញ្ហា​ចម្រូងចម្រាស់ច្រើនណាស់ដែរ។ នៅពេល​មកដល់ការចុះឈ្មោះ​បោះឆ្នោត​ អ៊ុនតាក់​បាន​ជួយ​​ឲ្យ​ជន​​អន្តោប្រវេសន៍​យួន​ខុស​ច្បាប់​​រាប់​លាន​​នាក់​មាន​សិទ្ធិ​បោះឆ្នោត (ចុម៎ ដូច​ឥឡូវ​ដែរ)។ អ៊ុនតាក់​មិន​មាន​​សមត្ថភាព​​អាច​​ស្រោចស្រង់​​ដោះ​ស្រាយ​​បញ្ហា​របស់​កម្ពុជា​បាន​ទាំង​​ស្រុង​នោះ​ទេ ព្រោះ​ខ្លះជា​បញ្ហា​ផ្ទៃក្នុង។ បើទោះ​ជាប្រទះ​នូវ​ការ​រាំង​ស្ទះ និងការ​ចោត​ប្រកាន់​ជា​ច្រើន​យ៉ាង​ណា​ក្តី អ៊ុនតាក់​នៅ​តែ​អាច​​​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ផុសឡើងនៅ ថ្ងៃ​២៣-២៨​ ឧសភា​១៩៩៣ ដោយ​សង្ឈឹម​ថា​និង​អាច​នាំ​សន្តិភាព​មក​ឲ្យ​កម្ពុជា។ ប៉ុន្តែ​​សន្តិភាព​ដែល​​នៅ​​នឹង​​មុខ​​​បាន​រសាត់​​ទៅ​​ឆ្ងាយ​ នៅ​ពេល​​ដែល​អ្នក​​​ចាញ់​ឆ្នោត​មិន​ទទួល​​ស្គាល់​​បរាជ័យ​​របស់​ខ្លួន​ ហើយ​គម្រាម​ថា​នឹង​បង្ករ​សង្គ្រាម​ឡើង​វិញ​ដោយ​បង្កើត​តំបន់​ស្វ័យយ័ត​​​មួយផ្ទាល់ខ្លូន។

ផលប៉ះពាល់ពី​ការចលាចលក្នុងស្រុក និងការរំជើប​រំជូល​ផ្នែក​នយោបាយមាន​សភាព​ធំធេង​ណាស់។ វាបានធ្វើឲ្យ​​ប្រជាជន​ខ្មែរ​បែកបាក់​​សាមគ្គីភាព ទំនុកចិត្ត នឹងធ្វើឲ្យពួកគេ​រងនូវ​ទុក្ខ​សោក​​យ៉ាង​ទារុណ។ ជីវីត​រាប់លាន​បាន​បាត់បង់ ហើយ​ប្រទេសនេះ​ក្លាយជា​ពិភពនៃ​ស្រ្តី​មេម៉ាយ​ និង​កូន​កំព្រា។ គ្រូសារខ្លះស្លាប់ផុត​ពូជ ខ្លះ​បាត់បង់​ទីលំនៅ ខ្លះបែក​បាក់ខ្ចាត់ខ្ចាយ​បងប្អូន​សាច់ញាតិ​ទៅ​ពាស​ពេញ​ពិភពលោក។ ខ្លះ​ត្រូវ​រស់នៅ​ដោយ​គ្មាន​សេរីភាព​ក្នុង​ជម្រំ​ជន​ភាគ​ខ្លូន​ដែល​ត្រូវ​ហ៊ុំព័ទ្ធដោយ​របង​បន្លា​លួស នៅ​ពេល​​ដែលអ្នក​ខ្លះ​​ទៀត​​​រស់​​នៅ​​ឯ​​ស្រុក​​កំណើត​​ក្នុង​សភាព​ក្រី​ក្រតោក​យ៉ាក។ ដោយ​សារ​តែ​សង្គ្រាម​ដ៏​អូសបន្លាយ​ ផលិតផល​ឧស្សាហកម្ម​និង​កសិកម្ម​របស់ប្រទេស​នេះ​នៅ​មាន​កម្រិត​ ហើយ​ស្ពាន​និង​ថ្នល់​បាន​ខូចខាច​​យ៉ាង​ខ្លាំង។ ​អគ្គីសនីនិង​ប្រព័ន្ធ​ទឹក​នៅ​ទីក្រុង​មិន​​មាន​ដំណើរ​ការ​ល្អ។ ប្រព័ន្ធ​សេវា​ថែទាំ​សុខភាព​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ងាយ​ប្រឈម​មុខ​នឹង​ជម្ងឺឆ្លង​រាតត្បាត។ បើ​ទោះ​ជាមាន​សន្តិភាព​ឬ​គ្មាន​ក្តី ប្រជាជន​កម្ពុជា​នៅ​តែជួប​ប្រទះ​នឹង​គ្រោះថ្នាក់​ជារៀង​រាល់​ថ្ងៃ​ពី​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី។ គេ​ប៉ាន់​ស្មាន​ថា​​អាច​​មាន​​គ្រាប់មីន​​ពី ៤ទៅ៦​លាន​គ្រាប់​បាន​កប់​នៅ​ក្នុងដីដែល​ហៅថា «វាលពិឃាត​ថ្មី»។

ជា​ការពិតណាស់​ប្រជាជន​ខ្មែរ​ជឿ​ថា​ ដើម្បី​រស់នៅឲ្យផុត​ពី​គ្រោះ​អស្ថេរភាព​ផ្ទៃក្នុង​ដែល​កើត​ឡើង​ជាង ២៣​ឆ្នាំនោះ​ ប្រទេស​កម្ពុជា​​ត្រូវ​តែត្រូវ​តែស្វែង​រក​គោល​នយោបាយ​អព្យាក្រឹត្យ​មួយ​​នៅ​ក្នុង​រដ្ឋ​អធិបតេយ្យ​​របស់​ខ្លូន។ បើ​មិនដូច្នោះទេ​ សន្តិភាព​ពិត​ប្រាកដ​ សេរីភាព និង​​លទ្ធិ​​ប្រជាធិបតេយ្យ​​របស់​​កម្ពុជា​នឹង​នៅតែ​ឆ្ងាយ​ទៅមិនដល់។ សំនួរគឺថា​តើ​អ្នកដឹកនាំ​ខ្មែរ​សម័យ​ថ្មី​អាចមាន​សមត្ថភាព​ដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​ និង​រារាំង​កុំ​ឲ្យ​មាន​ការ​បាត់​បង់ទឹក​ដី​ឲ្យ​ទៅ​ប្រទេសជិតខាងបានទេ? ឬ​ក៏​អ្នកដឹក​នាំទាំង​អស់​នោះ​គ្រាន់​តែ​ចង់​បាន​អំណាច?​ ដើម្បី​អនាគត​នៃប្រទេសនេះ​ ទាំង​អ្នក​ដឹក​នាំនិង​ប្រជាពលរដ្ឋ​ត្រូវតែ​យក​ភាព​ខុស​គ្នា​របស់​គេ​ទុកដាច់​ដោយ​ឡែក។ សន្តិភាព​​យូរ​អង្វែង​សម្រាប់កម្ពុជា​គឺ​អាស្រ័យ​លើ​​ភាព​ស្មោះ​ត្រង់​របស់មហា​អំណាច ប្រទេសវៀតណាម និង​អ្នក​ដឹកនាំ​ខ្មែរ។ ប្រសិនបើ​អ្នកដឹក​នាំខ្មែរ​គ្រាន់​តែ​ជា​អាយ៉ង​របស់​អំណាច​ខាង​ក្រៅ​ ទ្រព្យ​សម្បត្តិ​របស់​ប្រទេសនេះគេ​ដណ្តើម​ ព្រំដែននឹង​បាត់បង់ ហើយ​កម្ពុជានឹង​មក​ដល់​ទី​បញ្ចប់​។ កម្ពុជា​មិនត្រូវ​បណ្តោយ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ «​ផ្ទាំង​ទស្សនីយភាព» សម្រាប់​មហា​អំណាច​​ម្តង​ទៀត​​នោះ​ទេ ហើយ​មាន​តែ​ប្រជាជន​ខ្មែរ​ទេ​ដែលអាច​រារាំង​រឿង​នេះ​មិនឲ្យ​កើត​ឡើង​បាន។ ។ ចម្លើយ​ដ៏​សមស្រប​នោះ​គឺ​ មិនអាចមាន​ជម្លោះ​ផ្ទៃក្នុង​​នៅ​​កម្ពុជា​ទៀតទេ ប្រសិនបើ​គ្មាន​អំណាច​អន្តរជាតិ​ណាមួយ​លូកដៃចូល​មក​ធ្វើ​​សង្គ្រាម​​ដោយ​​ផ្ទាល់​តែ​ម្តង។

តំបូង​បំផុត​ ប្រជាជន​ខ្មែរ​ត្រូវ​តែ​ជួយ​ខ្លូនឯង​ស្វែង​រក​វិធី​សម្រប​សម្រួល​ខ្លួន​ជា​មួយ​នឹង​អ្នក​ស្នេហា​ជាតិ​របស់ខ្លូន មុន​នឹង​ពិភពលោក​ទាំង​មូល​​អាច​ចូល​​ជួយ​​ពួក​គេ​បាន។ ប្រជាជន​ខ្មែរ​ក៏​មិនគួរ​ងប់ងល់​នឹង​អតីតកាលឡើយ ប៉ុន្តែត្រូវរស់ដើម្បី​អនាគត។ បើ​មិនដូចនោះទេ សន្តិភាព​ដ៏​ខ្សោយ​​ដែល​ពូកគេ​កំពុង​តែរីករាយ​នឹង​ទទួល​យក​ ប្រហែល​អាចក្លាយ​ជារឿង​ដ៏​ល្អមួយនៅ​ក្នុង​អតីតកាល​នៅ​ក្នុង​រយៈពេល​ដ៏ឆាប់ៗនេះ។ វាពិត​ជា​ពិបាក​លើក​លែង​ទោស​ដល់​អ្នក​ប្រព្រឹត្ត​ ប៉ុន្តែ​ការ​សងសឹក​មិនមែន​ជាតែង​តែ​ជា​ដំណោះ​​ស្រាយ​​ដ៏​​ល្អ​​នោះ​ទេ។ យើង​សង្ឈឹមថា​អត្ថបទ​សង្ខេបនៃ​ប្រវត្តិសាស្រ្ត​កម្ពុជា​បាន​ផ្តល់ឲ្យ​អ្នកអានអាច​យល់ដឹង​ខ្លះ​ពី​បញ្ហា​ជម្លោះ​របស់​កម្ពុជា។

អ្នកអាចអានអត្ថបទដើមជាភាសាអង់គ្លេសនៅ ពុទ្ធិកវិទ្យាល័យសម្តេចជួន.ណាតA Short History of Cambodia

ឬក៏​ទាញយក​ឯកសារជា pdf នៅ ទីនេះ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , , . Bookmark the permalink.

2 Responses to ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា

  1. kh2kh និយាយថា៖

    រីករាយ​បាន​អាន​ប្រវត្តិសាស្ត្រ​នេះ!
    កូន​ខ្មែរ​ទាំង​អស់​គ្នា​គួរ​តែ​អាន​អត្ថបទ​ដ៏​ ខ្លី​ច្បាស់​ថ្លា​នេះ អំពី​ប្រវត្តិសាស្ត្រ​ស្រុក​ខ្លួន។
    ហើយ​គូរ​យក​ប្រវត្តិ​ខ្មែរ​នេះ​មក​ពិចារណា​ថា ​​តើ​យើង​គូរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​អោយ​ស្រុក​​យើង​ មាន សន្តិសុខ​ សុវត្ថិភាព ​​សេរីភាព និង សុភមង្គល ដូច​ស្រុក​គេ​?
    អរគុណ​សុភាក្ត្រា!!!

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ ពិតណាស់លោកពូ បើទោះជាវាខ្លី សង្ខេប​មិនពេញលេញ ក៏ល្មម​ឲ្យខ្មែរ​យល់​ថា​ខ្មែរ​បែកបាក់​មកពីអ្វី ខ្មែរ​ជួប​ប្រទះ​រឿង​ទុក្ខសោកអ្វីខ្លះ តើខ្មែរ​គួរធ្វើ​យ៉ាង​ម៉េចកំឲ្យជួប​រឿង​បែប​នេះទៀត។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s