ប្រាសាទ និងវត្តនគរបាជ័យ


ប្រាសាទបុរាណស្ថិតនៅខាងក្រោយវិហារសង់ថ្មី​

ប្រាសាទ​នគរ​បាជ័យ​ជា​ប្រាសាទ​បុរាណ​​មួយ​​ដែល​​បាន​​សាង​​សង់​​ឡើង​​នៅ​ចុង​​សតវត្ស​ទី​១២​ ដោយ​​ព្រះជ័យវម៌នទេវទី៧ ដើម្បី​​ឧទ្ទិស​​ដល់​​ព្រះពុទ្ធសាសនា​មហាយាន។ ប្រាសាទ​នេះ​បច្ចុប្បន្ន​បានបាត់បង់រូប​រាង​ដើម​ស្ទើរ​តែទាំង​ស្រុង។ ជា​ដំបូង​ខ្ញុំ​សុំ​រៀបរាប់​ត្រួស​ៗអំពី​ប្លង់នៃប្រាសាទ​តាម​ការ​សង្កេត​ផ្ទាល់របស់​ខ្ញុំ​។ ប្រាសាទនេះ​មានទំហំ​ប្រហែល ៥០០មx៥០០ម វាមាន​កំពែងបីជាន់ និង​មានគោបុរៈ​គ្រប់​ទិស​ធំ​ទាំង​៤។ លោក​អ្នក​អាច​ចូល​​ទៅ​​លេង​​តាម​គោបុរៈ​​ទិស​ខាង​​កើត​និង​ជើង ឯទិសខាង​ត្បូង​គឺ​បាក់បែក​អស់ជាច្រើន ឯទិសខាង​លិច​គឺ​ទៅ​កាន់ភូមិ​អ្នក​ស្រុក។ កំពែង​ជាន់​ទី១គឺ​បាក់បែក​និង​ស្រុត​អស់ជា​ច្រើន​កន្លែង ឯកំពែង​ជាន់​ទី២​និង៣​នៅ​រក្សា​រូ​បរាង​ដើមបាន​ ល្មមធ្វើ​ឲ្យយើង​នៅ​ចំណាំ​បាន។ នៅ​ក្នុង​កំពែងជាន់​ទី២​មានស្រះ​ទឹក​តូចៗ២ ដែលឥឡូវ​រាក់និង​អាចរីង​នៅពេល​ខាង​មុខ។ តួ​ប្រាសាទ​ដែល​ស្ថិតនៅ​ក្នុង​​កំពែង​ទី៣ ត្រូវ​បាន​កែ​ប្រែឲ្យ​ក្លាយ​ជា​ចេតិយ​មួយ​ដ៏​ធំ​ដែល​លោកអ្នក​អាចមើល​ឃើញ​នៅ​នឹង​រូបភាព​ខាង​ឆ្វេង​ដៃនេះ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបទ​បាយ័ន ហើយ​បើ​ទោះ​ជា​ព្រះ​ជ័យ​វម៌ន​ទេវ​ទី៧ គោរព​ពុទ្ធសាសនា​មហាយាន​ ក៏​​គ្មាន​ប្រាសាទ​ណាសាង​សង់​កំពូល​ស្រួច​ដូច​ចេតិយ​បែប​នេះដែរ ឯចេតិយ​និងវិហារដែល​នៅ​ជាប់​នឹង​ចេតិយ​នេះគឺ​សាង​សង់​នៅ​សម័យ​ក្រោយទេ។

ប្រាសាទនេះ​មានរឿង​ព្រេង​មួយដ៏គួរ​ឲ្យចាប់អារម្មណ៏ ហើយ​មាន​ចេតិយ​និង​តូប​អ្នកតា​សម្គាល់ជាភស្តុតាងទៀតផង។ រឿងនេះសង្ខេប​ដោយ​ខ្លី​គឺ មាន​ពីរនាក់​ប្តី​ប្រពន្ធមានកូន​ប្រុស​មួយ​ ពេល​យកទៅ​មុជ​ទឹកនៅ​ទន្លេ​មិន​ប្រយ័ត្នក៏​របូត​ដៃ​ធ្លាក់​កូនចូល​ទៅក្នុង​ទឹក​ ប៉ុន្តែស្រាប់តែមាន​ត្រី​ធំ​មួយ​ពាំ​យក​ទារកនោះទៅ។ ត្រី​នោះត្រូវ​បាន​អ្នក​នេសាទ​ចិន​ចាប់​បាន​ហើយ​យក​ទៅថ្វាយ​ស្តេចព្រោះ​ឃើញ​ត្រី​នោះ​ធំ​ចម្លែក ពេល​វះ​ពោះ​ត្រី​នោះ​ក៏​ត្រលប់​ជា​ឃើញទារក​នោះនៅ​មាន​ជីវិត​ ស្តេច​ចិន​ក៏យក​ទុក​ជា​កូន​ចញ្ចឹម។ កុមារនោះ​លុះ​ធំ​មាន​តម្រេះ​ខ្ពស់និង​រូប​សម្បត្តិ​ល្អ ក៏​សួរ​ស្តេច​ពី​ប្រវត្តិ​ដើមរប​ស់​ខ្លួន​ លុះ​ដឹង​រឿង​ហេតុ​អស់ហើយ​ក៏សុំ​ឪ​ពុក​ចិញ្ចឹម​មក​តាម​រកឪពុក​ម្តាយ​បង្កើតនៅ​ស្រុកខ្មែរវិញ។ លុះ​មកដល់​ក៏​ទៅសុំសំណាក់​និង​ម្តាយ​បង្កើត​ខ្លួន យូរៗទៅ​ដោយ​ពុំ​បាន​ដឹង​ក៏​បាន​រួមរស់ជា​មួយ​ម្តាយ​ខ្លួនឯង។ តកាល​ក្រោយ​មកពេល​ដែលចៅ​ព្រហ្ម(នាម​កុមារនោះ)ដឹង​រឿង​ហេតុ​ក៏​​ សំពះសុំ​ខមាទោស​ពី​ម្តាយ ឯម្តាយ​ក៏​បង្គាប់ថា​ឲ្យ​ធ្វើចេតិយ​មួយ​ពេល​ម្តាយ​ស្លាប់ ហើយ​ឲ្យ​សង់ជា​រូបកូន​សំពះចេតិយ​ម្តាយ​ពេល​កូន​ស្លាប់ទៅដែរឲ្យ​បាន​គ្រប់៥០០០ឆ្នាំ ទើប​រួចពី​កម្មពាវេរាទាំងនោះ។ ចៅ​ព្រហ្មដោយ​មានចំនេះខ្ពង់ខ្ពស់​ក៏​បាន​ឡើង​ធ្វើជា​គ្រូ​អាចារ្យ​នៅ​ភូមិស្រុកនោះទៅ​ ហើយ​បាន​បញ្ជា​រឲ្យ​សិស្សគណ​សាងសង​តាម​បញ្ជារ​របស់​ម្តាយ​លោក។ ដល់ពេល​លោកស្លាប់​ទៅ​សិស្សគណ​ក៏​សាង​សង់រូបលោកសំពះទៅកាន់ចេតិយនោះទៅ ហើយ​ឈ្មោះ​លោក​ក៏​បាន​ត្រូវ​គេ​ហៅថា​ តាព្រហ្មៗវិញ ឯម្តាយលោកគេហៅថា យាយពៅៗ រហូតដល់សព្វថ្ងៃ។ សព្វថ្ងៃនេះ​នៅ​ក្នុង​កំពែង​ជាន់ទី២​មានវិហារស៊ី​ម៉ង់​មួយ​ដែល​គេ​ហៅថា​វិហារ​យាយពៅ ឯវិហារតា​ព្រហ្មគឺស្ថិតនៅ​ឯកំពែងជាន់ទីមួយមានលក្ខណៈ​តាមបែប​ចិនលាយនិង​ខ្មែរផងដែរ។ ឯ​ចេតិយ​​នៅ​ក្នុងរូប​នេះគឺជា​តេចិយ​ដែលអ្នកស្រុក​ជឿថា​ជា​ចេតិយយាយពៅ​នេះឯង។

ឯលក្ខណៈច​ម្លែកមួយទៀតនោះគឺ ក្នុង​ដី​ប្រាសាទ​នេះតែម្តងគឺមានវត្ត២ មួយគេ​ហៅថា​វត្តនគរបាជ័យក្រៅនៅភាគអាគ្នេយ៍ប្រាសាទ និង​មួយទៀត​គឺ​វត្តនគរបាជ័យ​ក្នុងដែលនៅភាគ​ពាយ័ព្យប្រាសាទ។ ខ្ញុំមិនបានដឹងថា​វត្តទាំង​២​នេះ​មានសង្គ្រាជតែមួយ​ ឬពីរ​ផ្សេងគ្នានោះទេ តែដោយ​គ្រាន់តែឃើញខ្លោង​ទ្វារចូល​វត្តដែល​នៅ​ជាប់​និង​ផ្លូវជាតិលេខ៧ បានសរសេរ​ថា វត្តនគរបាជ័យ ដោយ​មិន​មានបញ្ជាក់ថា​ក្នុង​ឬ​ក្រៅ​ទេ។ នៅ​ទល់បញ្ឆិតនិង​ខ្លោង​ទ្វារនោះ​ដែរ​ដោយ​គ្រាន់​តែ​ឆ្លង​ថ្នល់​ជាតិ​ លោកអ្នក​និង​អាចឃើញ​ស្រះទឹក​មួយ​ដ៏ធំ​ពី​បុរាណដែល​ឥឡូវ​រីង ហៅថាទន្លេអុំ។ ស្រះ​នេះរីង​ជា​យូ​រ​មក​ហើយ​ដោយ​​កាលពី​ជំនាន់សង្គម​រាស្រ្តនិយ​មគេ​បាន​យកវា​ធ្វើ​ជា​ទីលាន​ប្រណាំង​សេះ លុះក្រោយ​មក​​​ប្រជាជន​នៅទី​នោះ​​បាន​យក​ដីទៅ​ស្រះនេះធ្វើស្រែ ប៉ុន្តែមាន​ម្តងម្កាលដែល​មានភ្លៀងធំ​គេ​ក៏​ឃើញ​មាន​ទឹក​ដក់យ៉ាង​ច្រើនដែរ។

ចំនាំ៖ អត្ថបទនេះ​សរសេ​រទៅ​តាម​ការចេះ​ចាំ​​ដឹងរបស់​ខ្ញុំ​ប៉ុណ្ណោះ​ ដូច្នេះ​បើ​មាន​កំហុស​លើស​លួស​ខុសឆ្គង​ត្រង់​កន្លែង​ណា​ សូ​មមេត្តា​ប្រាប់​ខ្ញុំ​បាទ​ ហើយ​ខ្ញុំ​បាទនឹងធ្វើការកែសម្រួល។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ខេត្រកំពង់ចាម, រមណីយដ្ឋានប្រវត្តិសាស្រ្ត and tagged , , , . Bookmark the permalink.

6 Responses to ប្រាសាទ និងវត្តនគរបាជ័យ

  1. SVD និយាយថា៖

    ប្រាសាទនគរបាជ័យហ្នឹងស្ថិតនៅក្នុងខេត្តណាដែរទៅ?

    • ខ្ញុំចែករំលែក និយាយថា៖

      គេ​ដាក់​នៅ​កំពង់ចាម​ ប៉ុណ្ណា ប៉ុណ្ណី អ្នក​កំពង់ចាម​ចូល​ចិត្ត​ហៅថា​វត្តអង្គរ (អង្គរវត្តសៀមរាប វត្តអង្គរ​កំពងចាម)។

  2. SVD និយាយថា៖

    បានអានមួយចប់តែមិនបានអានកំណត់ចំណាំពីក្រោមគេទេ ចឹងបានគេសួរហ្នឹងណា

    • ខ្ញុំចែករំលែក និយាយថា៖

      មិនអីទេ ចង់ដឹង​អី​សួរ​ទៀតមក តែចេះប្រាប់ហើយ ហាហាហា

  3. sidachan និយាយថា៖

    ទឹកត្នោតជូរមុខវត្តនគរបាជ័យឆ្ងាញ់
    មានដែលបានភ្លក់ទេ?
    តែខ្ញុំទៅតាំងតែឆ្នាំ១៩៩៨ម៉្លេះ.

    • ខ្ញុំចែករំលែក និយាយថា៖

      កាលណុង​ខ្ញុំអាយុទើបតែ ៩ឆ្នាំទេ មិនទាន់ចេះទេ។ ឥឡូវ​២២ហើយ តែ​មិន​ដែល​បាន​សាក​ទឹក​ត្នោតជួរ​វត្ត​អង្គរទេ ខ្លាច​បាញ់ឆ្ងាយ ព្រោះ​ធ្លាប់​សាក​នៅ​បឹង​ស្នាយ​ម្តង រត់​​ចុះបឹងមិនចង់ទាន់។ ហេហេហេ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s